មឹក គឺជាប្រភពនៃសារធាតុចិញ្ចឹមដ៏ល្អមួយដែលមនុស្សភាគច្រើនមិនបានចាប់អារម្មណ៍ដឹង។ មឹក គឺប្រភេទនៃអាហារគ្រឿងសមុទ្រដែលមិនត្រឹមតែមានរសជាតិឆ្ញាញ់ប៉ុណ្ណោះទេ ប៉ុន្តែមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលចាំបាច់សម្រាប់រក្សាបាននូវសុខភាព
ល្អប្រសើរ។ (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន)អត្ថបទខាងក្រោមនឹងបង្ហាញឲ្យពីអត្ថប្រយោជន៍ដ៏ល្អប្រសើរមួយចំនួននៃការទទួលទានមឹកចំពោះសុខភាព ៖

១. បង្កើនកោសិកាគ្រាប់ឈាមក្រហម

មឹក គឺមានផ្ទុកសម្បូរទៅដោយជាតិរ៉ែសំខាន់ៗ និងសារធាតុចិញ្ចឹម។ ប្រូតេអ៊ីន, វីតាមីន និងអាស៊ីតខ្លាញ់អូមេហ្គា ៣ ក៏ដូចជាជាតិដែកដែលមានវត្តមានក្នុងមឹកធ្វើឲ្យការទទួលទានគ្រឿងសមុទ្រនេះ គឺល្អប្រសើរចំពោះសុខភាពរាងកាយក្នុងការបង្កើនបរិមាណនៃកោសិកាគ្រាប់ឈាមក្រហម។ កោសិកាឈាមក្រហមដើរតួនាទីយ៉ាងសំខាន់ក្នុងរាងកាយមនុស្ស។ ប្រូតេអ៊ីនអេម៉ូក្លូប៊ីននៅក្នុងកោសិកាឈាមក្រហមដើរតួនាទីចាំបាច់ក្នុងការដឹកនាំអុកស៊ីសែនទៅកាន់គ្រប់សរីរាង្គខាងក្នុងនៃរាងកាយ ហេតុនេះវា គឺសំខាន់ណាស់ក្នុងការទប់ស្កាត់ជំងឺបេះដូង។

២. សុខភាពបេះដូង

ត្រឹមបរិមាណ ៨៥ ក្រាមនៃមឹកធម្មតា គឺមានផ្ទុកប៉ូតាស្យូមដល់ទៅ ២០៩ មីលីក្រាម។ នេះប្រហែលជា ៤ ភាគរយនៃ ៤៧០០ មីលីក្រាមនៃជាតិប៉ូតាស្យូមដែលរាងកាយត្រូវការប្រចាំថ្ងៃ។ ប៉ូតាស្យូមមានប្រសិទ្ធិភាពបង្កើនសុខភាពបេះដូង និងរក្សាអត្រានៃចង្វាក់បេះដូង ហើយក៏ជួយកាត់បន្ថយសម្ពាធឈាមផងដែរ នេះបើយោងតាមវិទ្យាស្ថានសុខភាព Linus Pauling។ ការទទួលទានមឹកក៏ជួយរាងកាយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺបេះដូង ហើយថែមទាំងជួយការពារកោសិកាមិនឲ្យទទួលរងការបំផ្លាញ តាមរយៈបរិមាណនៃវីតាមីន  E ដែលវាមានផ្ទុក។ ត្រឹម ៨៥ក្រាមនៃមឹកមានផ្ទុកវីតាមីន E ដល់ទៅ ៧ ភាគរយនៃវីតាមីន ១៥ មីលីក្រាមដែលរាងកាយត្រូវការប្រចាំថ្ងៃ។

៣. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូល

មិនដូចនឹងអាហារសមុទ្រផ្សេងទៀតដែលបង្កើនកម្រិតកូឡេស្តេរ៉ូលក្នុងឈាមនោះទេ មឹក គឺអាចកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលនៅពេលអ្នកទទួលទានវា ដោយសារមឹកឆៅមានផ្ទុកជាតិខ្លាញ់ទាប។  វាត្រូវបានបង្ហាញឲ្យដឹងតាមវិទ្យាសាស្រ្តថា មឹក ចំនួន ១០០ ក្រាម គឺមានផ្ទុកកាឡូរីទាបបំផុតប្រហែលជា ១.៤ ក្រាមប៉ុណ្ណោះ។

៤. កាត់បន្ថយការរលាក

ការរលាករ៉ាំរ៉ៃអាចធ្វើឲ្យមានការរលាកដល់សសៃឈាម ដែលបង្កហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺគាំងបេះដូង គម្រាមកំហែងដល់អាយុជីវិត។ ទោះជាយ៉ាងណា ការទទួលទានមឹក អាចជួយដោះស្រាយបញ្ហានេះបាន ដោយសារវាជាអាហារមួយប្រភេទដែលប្រឆាំងនឹងការរលាក ហើយរារាំងរាងកាយមិនឲ្យបង្កការរលាកច្រើនពេក។

៥. បង្ការជំងឺរលាកសន្លាក់

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា អ្នកដែលមានជំងឺរលាកសន្លាក់រ៉ាំរ៉ៃ គឺមានផ្ទុកកម្រិតសេលេនីនតិចនៅក្នុងឈាមរបស់ពួកគេ។ សេលេនីន គឺត្រូវបានគេស្គាល់ថាជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយសម្រាលអាការៈនៃជំងឺរលាកសន្លាក់តាមរយៈការកម្ចាត់រ៉ាឌីកាល់សេរី។ អ្វីដែលសំខាន់នោះ គឺមឹកមានផ្ទុកជាតិរ៉ែសេលេនីនដល់ទៅប្រមាណជា ៦៣ ភាគរយឯណោះ។ ដូច្នេះអ្នកគួរបន្ថែមមឹកចូលក្នុងរបបអាហារប្រចាំថ្ងៃ ដើម្បីជៀសផុតពីបញ្ហានៃជំងឺរលាកសន្លាក់បានយ៉ាងមានប្រសិទ្ធិភាព។

  • ចំណុចគួរប្រុងប្រយ័ត្ន

ដើម្បីជៀសវាងការពុលមឹក ខាងក្រោមជាអ្វីដែលអ្នកគួរធ្វើ និងមិនគួរ ៖

– ជ្រើសរើសយកមឹកស្រស់ៗ ហើយរក្សាទុកវានៅឲ្យបានត្រឹមត្រូវក្នុងសីតុណ្ហភាពពី 0 ទៅ ៥ អង្សាសេ។

– ទិញមឹកពីប្រភពដែលអាចជឿទុកចិត្តបាន ដើម្បីប្រាកដថាមិនមែនជាមឹកខូចគុណភាព

– លាងសម្អាតឲ្យបានត្រឹមត្រូវ ដោយប្រឡេះក្បាលចេញ, ហូតទ្រនុងចេញ ក៏ដូចជាទឹកមឹក ហើយលាងដុសសម្អាតសាច់មឹកឲ្យស្អាតសព្វជាមួយនឹងទឹកធម្មតា សឹមយកទៅចម្អិន៕