ត្រឹមតែការផ្លាស់ប្ដូរបន្តិចបន្តួចនៃរបៀបរស់នៅប្រចាំថ្ងៃរបស់អ្នក ក៏អាចនាំមកនូវលទ្ធផលវិជ្ជមានជាច្រើនចំពោះសុខភាពគួរឲ្យភ្ញាក់ផ្អើលដែរ។ ( អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន) គន្លឺះមួយចំនួនខាងក្រោម គឺជាវិធីងាយៗប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ក្នុងការបង្កើនភាពល្អប្រសើរដល់សុខភាព និងសុខុមាលភាពរបស់អ្នក ហើយអ្នកអាចមើលឃើញលទ្ធផលក្នុងរយៈពេលខ្លីមួយ ៖

១. កាត់បន្ថយជាតិខ្លាញ់ ៖ ផលប៉ះពាល់នៃជាតិខ្លាញ់លើសុខភាពទូទៅ និងសសៃឈាម គឺជាបញ្ហាគួរឲ្យព្រួយបារម្ភ។ ដូច្នេះដើម្បីជាការប្រសើរ អ្នកគួរតែព្យាយាមកាត់បន្ថយការទទួលទានជាតិខ្លាញ់ ដោយផ្លាស់ប្ដូរវិធីសាស្ត្រចម្អិនអាហារបស់អ្នក។ សាកល្បងដុត, អាំង, ស្ងោរ ឬចំហុយ ជំនួសអាហារចៀន, បំពង និងឆា។

២. ទទួលទានទឹកឲ្យបានគ្រប់គ្រាន់ ៖ អ្នកគួរទទួលទានទឹកប្រហែលជា ៨ កែវ ក្នុងមួយថ្ងៃជាប្រចាំ។ ការទទួលទានទឹកបានគ្រប់គ្រាន់នឹងជួយបង្កើនការស្រូបយកសារធាតុចិញ្ចឹមចាំបាច់, សម្រួលដល់ការរំលាយអាហារ, បន្សាបជាតិពុលពីក្នុងរាងកាយ, រក្សាសំណើមនៃស្បែក រួមទាំងអត្ថប្រយោជន៍ល្អៗជាច្រើនទៀតចំពោះសុខភាព។ រាងកាយមានផ្ទុកជាតិទឹកដល់ទៅ ៩០ ភាគរយ ដូច្នេះហើយទើបរាល់ដំណើរការមុខងារសឹងតែទាំងអស់ក្នុងរាងកាយត្រូវការទឹក។ អាការៈឈឺក្បាល, ឈឺចាប់ និងរោគសញ្ញាផ្សេងៗមួយចំនួនទៀតដែលអ្នកជួបប្រទះអាចនឹងធូរស្បើយ ប្រសិនបើអ្នកទទួលទានទឹកបានច្រើនគ្រប់គ្រាន់។

៣. ទទួលទានយឺតៗ ៖ ទំពារអាហារមួយម៉ាត់ៗឲ្យបានយ៉ាងហោចណាស់ ២០ ទៅ ៣០ ដង សិន សឹមលេបចូល។ ការរំលាយអាហារចាប់ផ្ដើមតាំងពីក្នុងមាត់របស់អ្នក ហើយទឹកមាត់ គឺជាអង់ស៊ីមបំបែកអាហារ។ ដំណើរការនេះជួយដល់រាងកាយឲ្យស្រូបយកសារធាតុចិញ្ចឹមបានកាន់តែច្រើន និងថែមទាំងកាត់បន្ថយបញ្ហាទាក់ទងការរំលាយអាហារ ក៏ដូចជាអាការៈហើមពោះផងដែរ។

៤. ទទួលទានផ្លែឈើ ៖ ទទួលទានផ្លែឈើឲ្យបានយ៉ាងហោចណាស់ពី ២ ទៅ ៣ ចំណិត ឬកន្លះពែងនៃផ្លែឈើដូចជា ប្លូបឺរី, ទំពាំងបាយជូរ, ឈើរី ជាដើម ក្នុងមួយថ្ងៃជាប្រចាំ។ ផ្លែឈើដែលមានពណ៌ស្រស់ គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងនឹងជំងឺដូចជា សារធាតុ proanthocyanins ដែលជួយការពារប្រឆាំងជំងឺទាក់ទងនឹងខួរក្បាល។ សារធាតុ Quercetin ជួយកាត់បន្ថយបញ្ហាប្រតិកម្មអាឡែកស៊ី និងបញ្ហាផ្លូវដង្ហើម។

៥. ធ្វើលំហាត់ប្រាណទៀងទាត់ ៖ ការធ្វើលំហាតប្រាណផ្ដលអត្ថប្រយោជន៍សុខភាពជាច្រើន។ សកម្មភាពធម្មតាមួយនៃរាងកាយដូចជា ការដើរត្រឹម ៣០ នាទីជាប្រចាំជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម, ជំងឺបេះដូង និងសូម្បីតែជំងឺមហារីកមួយចំនួន រួមបញ្ចូលទាំងមហារីកពោះវៀនធំ។ ការធ្វើលំហាត់ប្រាណជាប្រចាំ ក៏ជួយបង្កើនមុខងារខួរក្បាលដែលធ្វើឲ្យអ្នកមានភាពសកម្មគួរឲ្យកត់សម្គាល់។

៦. គេងឲ្យបានគ្រប់គ្រាន់ ៖ ប្រសិនបើអ្នកមានបញ្ហាក្នុងការគេង ចូរព្យាយាមកាត់បន្ថយការទទួលទានអាហារ និងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន ជាពិសេសក្នុងកំឡុងពេលប៉ុន្មានម៉ោងមុនចូលគេង។ ការមើលទូរទស្សន៍ ឬប្រើប្រាស់ទូរស័ព្ទ នៅមុនពេលចូលគេង ក៏បង្កផលប៉ះពាល់ដល់ដំណេករបស់អ្នកផងដែរ។ អ្នកគួរព្យាយាមអានសៀវភៅ ឬស្ដាប់ចំរៀងមុនពេលចូលគេងជំនួសវិញទើបប្រសើរ។

៧. កាត់បន្ថយការទទួលទានអំបិល ៖ ក៏ព្រោះការទទួលទានអំបិលច្រើនលើសកម្រិតពេក គឺបង្កើនហានិភ័យនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង