Brunette russian girl and other females working out in sport club

យោងទៅតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន BBC News បានឲ្យដឹងថា ការហាត់ប្រាណទៀងទាត់អាចជួយថែរក្សាសុខភាពបេះដូង និងសរសៃឈាមអាក់ទែឲ្យនៅក្មេងបានយូរ។ អ្នកស្រាវជ្រាវបានធ្វើការសិក្សាទៅលើមនុស្សចាស់ប្រមាណ ១០២នាក់ ដែលមានអាយុជាមធ្យម ៧០ឆ្នាំ ដើម្បីពិនិត្យទៅលើទំនាក់ទំនងរវាងប្រវត្តិនៃការហាត់ប្រាណ និងសុខភាពសរសៃឈាមអាក់ទែដែលសំខាន់ៗរបស់ពួកគេ។ អ្នកចូលរួមទាំងអស់ត្រូវបានចាត់ទុកថាមានសុខភាពល្អ និងប្រាប់ថា ពួកកេបានហាត់ប្រាណជាប់រយៈពេល ២៥ឆ្នាំចុងក្រោយ។

អ្នកស្រាវជ្រាវបានពិនិត្យទៅលើលំហូរឈាម និងភាពរឹងរបស់សរសៃឈាមអាក់ទែ។ ការដែលរឹងរបស់សរសៃឈាមអាក់ទេខ្លាំងពេក អាចជាប់ទាក់ទងនឹងជំងឺលើសសម្ពាធឈាម និងជំងឺក្រិនរឹងសរសៃឈាម ដែលវាអាចបណ្តាលឲ្យស្ទះសរសៃឈាមដែលទៅចិញ្ចឹមសាច់បេះដូង ឬខួរក្បាល រហូតទៅជាកើតជំងឺគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាលបាន។

អ្នកដែលប្រាប់ថា មានការហាត់ប្រាណញឹកញាប់បំផុត (៦ទៅ ៧ដងក្នុងមួយសប្តាហ៍) មានសុខភាពល្អបំផុតចំពោះសរសៃឈាមអាក់ទែសំខាន់ៗដែលចេញពីបេះដូង (Aorta)។ អ្នកចូលរួមសិក្សាទាំងអស់ដែលបានហាត់ប្រាណចាប់ពី ២ដងឡើងទៅក្នុងមួយសប្តាហ៍ គឺមានសុខភាពល្អសម្រាប់សរសៃឈាម Carotid ដែលមាននាទីផ្គត់ផ្គង់ឈាមទៅខួរក្បាល ជាងអ្នកដែលហាត់ប្រាណតិចតួច ឬមិនបានហាត់។

ជាអកុសល្យ ការសិក្សាតែមួយមុខនេះមិនបានប្រាប់យើងអំពីដំណោះស្រាយដ៏អស្ចារ្យណាមួយឡើយ។ ខណៈពេលដែលការពិនិត្យទាំងនេះគឺជាការបញ្ជាក់អំពីសុខភាពសរសៃឈាមអាក់ទែក៏ដោយ ក៏យើងមិនបានដឹងថាតើរឿងនេះបានបង្កើតនូវភាពខុសគ្នាចំពោះការប្រឈមនឹងការកើតជំងឺបេះដូង ឬដាច់សរសៃឈាមខួរក្បាលឬអត់ឡើយ។ វាគ្រាន់តែចាការសិក្សាទ្រង់ទ្រាយតូច និងរកឃើញនូវភាពខុសគ្នា ដែលត្រូវការធ្វើការសង្កេតបន្ថែមទៀត ដូចជា អ្នកដែលមានបញ្ហាសុខភាពជាច្រើនដែលចូលរួម។

យ៉ាងណាមិញ រឿងនេះបានគាំទ្រទៅលើការណែនាំជាច្រើនដែលបញ្ជាក់ថា ការហាត់ប្រាណទៀងទាត់គឺជារឿងសល្អសម្រាប់សុខភាព និងអ្វីដែលល្អសម្រាប់បេះដូងនោះក៏ច្រើនតែល្អសម្រាប់សុខភាពខួរក្បាលដែរ៕