មនុស្សគ្រប់គ្នាសុទ្ធតែធ្លាប់មានអាការៈរាគរូសទាំងអស់។ ប៉ុន្តែករណីដែលវាជាជំងឺវិញគឺថា វានឹងធ្វើអោយអ្នកចូលបត់ជើងក្នុងបង្គន់ញឹកញាប់ ហើយលាមកមានចំនួនច្រើន ដែលវាមានស្ថានភាពជាលាមកទន់, ទឹក និងឧស្សាហ៍ជុះជាងធម្មតា។
ករណីភាគច្រើន រោគសញ្ញានៃការរាគច្រើនតែបាត់ទៅវិញក្នុងរយៈពេលពីរថ្ងៃ។ ប៉ុន្តែមានពេលខ្លះ វាក៏អាចយូរដល់ ច្រើនសប្តាហ៍ដែរ។ ស្ថិតក្នុងស្ថានភាពបែបនេះ ជំងឺរាគអាចជាសញ្ញានៃជំងឺធ្ងន់ធ្ងរណាមួយដូចជា ជំងឺរលាកពោះវៀន ឬជំងឺដែលមិនសូវធ្ងន់ធ្ងរដូចជាចង្ករោគរោគសញ្ញានៃការរលាកពោះវៀន។
រោគសញ្ញា
ឧស្សាហ៍ជុះ, លាមកទន់, លាមកសុទ្ធតែទឹក
ឈឺពោះបែបរមួល
ឈឺក្នុងពោះ
ក្តៅខ្លួន
មានឈាមតាមលាមក
ហើមពោះ
បើសិនជាអ្នកជាមនុស្សពេញវ័យ អ្នកគួរតែទៅពិគ្រោះជាមួយគ្រូពេទ្យបើសិនជា៖
អាការៈរាគចេះតែបន្តយូរជាង ២ថ្ងៃ
ទៅជាខ្សោះជាតិទឹកដែលមានរោគសញ្ញាដូចជា ស្រេកទឹកខ្លាំង, ស្ងួតមាត់ ឬស្បែក, នោមតិច ឬគ្មានទឹកនោម, អស់កម្លាំងធ្ងន់ធ្ងរ, វិលមុខ ឬឈឺក្បាល ឬទឹកនោមឡើងពណ៌ខ្លាំង។
ឈឺពោះ ឬរន្ធគូថខ្លាំងក្លា
លាមកខ្មៅ ឬមានឈាម
ក្តៅខ្លួនលើសពី ៣៩អង្សាសេ
ចំពោះកូនក្មេង ជាពិសេសក្មេងតូចៗ អាការៈរាគអាចនឹងឆាប់ធ្វើអោយខ្សោះជាតិទឹកខ្លាំងណាស់។ ដូច្នេះអ្នកគួរតែនាំគេទៅអោយពេទ្យពិនិត្យបើសិនជាការរាគនោះមិនធូរស្បើយក្នុងរយៈពេល ២៤ម៉ោង ឬ៖
ខោទឹកនោមមិនសើមទឹកនោមរយៈពេលចាប់ពី ៣ម៉ោងឡើងទៅ
ក្តៅខ្លួនលើសពី ៣៩អង្សាសេរ
លាមកខ្មៅ ឬឈាម
ស្ងួតមាត់ ឬយំគ្មានទឹកភ្នែក
ងងុយដេក, សន្លឹម, មិនឆ្លើយតប ឬកាចខុសពីធម្មតា
ពោះ, ភ្នែក ឬថ្ពាល់រូមខូង
ស្បែកយារ
មូលហេតុ
អាការៈរាគកើតឡើងនៅពេលអាហារ និងទឹកដែលអ្នកទទួលទានឆ្លងចូលក្នុងពោះវៀនធំលឿនពេក។ ជាធម្មតាពោះវៀនធំមាននាទីបឺតស្រូបជាតិទឹកចេញពីអាហារដែលអ្នកញ៉ាំ ដើម្បីបន្សល់ទុកជាដុំលាមកបញ្ចេញមកក្រៅវិញ។ ប៉ុន្តែបើសិនជាជាតិទឹកដែលបានមកពីអាហារដែលអ្នកញ៉ាំមិនបានបឺតស្រូបទេ វានឹងអោយលទ្ធផលជាការរាគសុទ្ធតែទឹកតែម្តង។
មានជំងឺមួយចំនួនអាចធ្វើអោយរាគបាន ហើយមូលហេតុដែលនាំអោយរាគញឹកញាប់ជាងគេនោះមានដូចជា៖
វីរុស៖ វីរុសដែលអាចធ្វើអោយរាគបានមានដូចជា Norwalk virus, Cytomegalovirus និងវីរុសបង្កជំងឺរលាកថ្លើម។ ចំពោះវីរុស Rotavirus វិញច្រើនតែធ្វើអោយក្មេងរាគញឹកញាប់ជាងគេ។
បាក់តេរី និងប៉ារ៉ាសិត៖ អាហារ ឬទឹកដែលមានមេរោគអាចចម្លងបាក់តេរី និងប៉ារ៉ាសិតទៅក្នុងរាងកាយអ្នកបាន។ ប៉ារ៉ាសិតដូចជា Giardia Lamblia និង Cryptosporidium សុទ្ធតែអាចធ្វើអោយរាគបានទាំងអស់។ ចំណែកឯបាក់តេរីដែលធ្វើអោយរាគញឹកញាប់ជាងគេនោះមានដូចជា Campylobacter, Salmonella, Shigella និង Escherichia Coli។ រាគដែលបណ្តាលមកពីបាក់តេរី និងប៉ារ៉ាសិតអាចកើតមានជាញឹកញាប់នៅពេលធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឈន៍។
ថ្នាំ៖ ការប្រើប្រាស់ថ្នាំក៏អាចធ្វើអោយរាគបានដែរ។ ថ្នាំដែលធ្វើអោយរាគច្រើនបំផុតនោះគឺជាថ្នាំផ្សះ ព្រោះវាទៅបំផ្លាញ ឬសម្លាប់ទាំងបាក់តេរីល្អ និងអាក្រក់ ដែលជាហេតុនាំអោយរំខានដល់តុល្យភាពធម្មជាតិរបស់បាក់តេរីល្អៗក្នុងពោះវៀន។ ការរំខាននេះមានពេលខ្លះក៏នាំអោយមានការបង្ករោគដោយបាក់តេរី Clostridium Difficile ដែលធ្វើអោយរាគថែមទៀត។
មិនអាចទទួលយកសារធាតុ Lactose បាន៖ ជាតិ Lactose គឺជាជាតិស្ករមួយប្រភេទដែលមានក្នុងទឹកដោះគោ និងផលិតផលធ្វើពីទឹកដោះគោ។ មានមនុស្សជាច្រើនដែលមានការពិបាករំលាយជាតិ Lactose នេះ ហើយធ្លាប់ជួបបញ្ហារាគក្រោយពីទទួលទានផលិតផលដែលធ្វើពីទឹកដោះគោ។ រាងកាយរបស់អ្នកនឹងបង្កើតជាអង់ស៊ីមមួយសម្រាប់ជួយរំលាយជាតិ Lactose ប៉ុន្តែមានមនុស្សច្រើនណាស់ដែលមានចំនួនអង់ស៊ីមនេះថយចុះយ៉ាងលឿនក្រោយពីឈានដល់អាយុពេញវ័យ។ រឿងនេះនឹងធ្វើអោយប្រឈមនឹងអាការៈមិនអាចទទួលយកសារធាតុ Lactose កាន់តែខ្លាំងនៅពេលអាយុកាន់តែច្រើន។
ជាតិ Fructose៖ ជាតិ Fructose គឺជាជាតិស្ករមួយប្រភេទដែលមានពីធម្មជាតិក្នុងផ្លែឈើ និងទឹកឃ្មុំសម្រាប់យកទៅបន្ថែមជាជាតិផ្អែមលើភេសជ្ជៈមួយចំនួន ប៉ុន្តែវាក៏បណ្តាលអោយរាគលើអ្នកដែលមានបញ្ហាក្នុងការរំលាយអាហារផងដែរ។
ជាតិស្ករសម្បនិមិត្ត៖ ជាតិស្ករសម្បនិមិត្តដូចជា Sorbitol និង Mannitol ត្រូវបានគេរកខើញក្នុងស្ករកៅស៊ូ និងផលិតផលផ្សេងៗទៀតដែលគ្មានជាតិស្ករ ប៉ុន្តែអាចបណ្តាលអោយរាគលើអ្នកដែលមានសុខភាពល្អដែរ។
ការវះកាត់៖ អ្នកខ្លះប្រហែលជាធ្លាប់ជួយបញ្ហារាគក្រោយពីធ្វើការវះកាត់ក្នុងពោះ ឬកាត់ថត់ទឹកប្រមាត់ចោល។
បញ្ហានៃការរំលាយអាហារផ្សេងៗទៀត៖ ជំងឺរាគរ៉ាំរ៉ៃមានមូលហេតុផ្សេងៗទៀតជាច្រើនដូចជា Crohn’s Disease, Ulcerative Colitis, Celiac Disease, Microscopic Colitis និង Irritable Bowel Syndrome។
តេស្ត និងការកំណត់រោគវិនិច្ឆ័យ
តេស្តដើម្បីកំណត់ថាអាការៈរាគបង្កឡើងដោយមូលហេតុអ្វីនោះមានដូចជា៖
ការពិនិត្យលើរាងកាយ៖ អ្នកនឹងត្រូវគ្រូពេទ្យវាស់កម្តៅថាតើមានបញ្ហាក្តៅខ្លួនឬអត់។ សម្ពាធឈាម និងជីពចរក៏ត្រូវយកដែរដើម្បីរកមើលសញ្ញានៃការខ្សោះជាតិទឹក។ គ្រូពេទ្យប្រហែលជាពិនិត្យទៅលើពោះថាតើមានការឈឺពោះឬអត់។
រំលឹកដល់ការប្រើថ្នាំរបស់អ្នក៖ គ្រូពេទ្យប្រហែលជាសួរអំពីការប្រើថ្នាំគ្រប់ប្រភេទរបស់អ្នក។ ជាមួយគ្នានេះដែរ អ្នកក៏គួរតែប្រាប់គ្រូពេទ្យអំពីថ្នាំបំប៉នគ្រប់ប្រភេទដែលអ្នកកំពុងតែប្រើប្រាស់។
តេស្តឈាម៖ តេស្តរាប់គ្រាប់ឈាមប្រហែលជាជួយកំណត់បានថាអាការៈរាគរបស់អ្នកបង្កឡើងដោយសារមូលហេតុអ្វីបាន។
តេស្តលាមក៖ គ្រូពេទ្យប្រហែលជាណែនាំអោយអ្នកធ្វើតេស្តលាមកដើម្បីកំណត់ថាការរាគនោះបណ្តាលមកពីបាក់តេរី ឬប៉ារ៉ាសិត។
ការព្យាបាល
ករណីអាការៈរាគភាគច្រើនវានឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរថ្ងៃដោយមិនបាច់ព្យាបាលអ្វីទាំងអស់។ បើសិនជាអ្នកធ្លាប់សាកល្បងផ្លាស់ប្តូររបៀបរស់នៅ និងការព្យាបាលដោយខ្លួនឯងហើយនៅតែមិនបានទទួលជោគជ័យទៀតនោះ គ្រូពេទ្យប្រហែលជាណែនាអោយប្រើថ្នាំ ឬការព្យាបាលផ្សេងៗជាមិនខាន។
ថ្នាំផ្សះ
ថ្នាំផ្សះប្រហែលជាអាចជួយព្យាបាលអការៈរាគដែលបណ្តាលមកពីបាក់តេរី ឬប៉ារ៉ាសិតបាន។ បើសិនបង្កឡើងដោយវីរុស ការប្រើថ្នាំផ្សះនឹងមិនអាចជួយអ្វីបានឡើយ។
ការព្យាបាលដោយបង្រ្គប់ជាតិទឹកដែលបាត់បង់
គ្រូពេទ្យទំនងជាណែនាំអោយអ្នកធ្វើការបង្គ្រប់ជាតិទឹក និងជាតិអំបិលដែលបាត់បង់ក្នុងពេលរាគជាមិនខានទេ។ ភាគច្រើន ការបង្គ្រប់ជាតិទឹកមានន័យថាជាការទទួលទានទឹក, ទឹកផ្លែឈោះ ឬទឹកស៊ុប។ បើសិនជាការទទួលទានទឹកធ្វើអោយអ្នកឈឺក្រពះ ឬរាគទៀតនោះ គ្រូពេទ្យនឹងបញ្ចុះជាតិទឹកតាមសេរ៉ូមវិញ។
ទឹកធម្មតាគឺជាវិធីសាស្រ្តដ៏ល្អមួយដើម្បីបង្គ្រប់ជាតិដែលបាត់បង់ ប៉ុន្តែវាមិនមានជាតិប្រៃ និងអេឡិចត្រូលីត្រដែលអ្នកត្រូវការដើម្បីរក្សាការលោតរបស់បេះដូងឡើយ។ ការកង្វះកម្រិតជាតិទឹក និងជាតិរ៉ែក្នុងខ្លួននឹងធ្វើអោយមានអតុល្យភាពអេឡិចត្រូលីត្រ ដូច្នេះវានឹងបង្កទៅជាបញ្ហាធ្ងន់ធ្ងរជាមិនខាន។ អ្នកអាចរក្សាកម្រិតអេឡិចត្រូលីត្របានតាមរយៈការទទួលទានទឹកផ្លែឈើច្របាច់ដែលមានជាតិប៉ូតាស្យូមច្រើន ឬញ៉ាំស៊ុបដែលមានជាតិសូដ្យូម។
ផ្លាស់ប្តូរថ្នាំដែលអ្នកកំពុងតែប្រើប្រាស់
បើសិនជាគ្រូពេទ្យកំណត់ថាការប្រើថ្នាំផ្សះធ្វើអោយអ្នកមានអាការៈរាគ គ្រូពេទ្យប្រហែលជាផ្លាស់ប្តូរបៀបព្យាបាលតាមរយៈការបន្ថយកម្រិតប្រើប្រាស់ ឬផ្លាស់ប្តូរថ្នាំណាផ្សេងមួយទៀត។
ការព្យាបាលមូលហេតុ
បើសិនជាអាការៈរាគរបស់អ្នកបង្កឡើងដោយជំងឺធ្ងន់ធ្ងរណាមួយដូចជា ជំងឺរលាកពោះវៀន គ្រូពេទ្យនឹងប្រើថ្នាំដើម្បីគ្រប់គ្រងជំងឺនោះ។ អ្នកក៏ប្រហែលជាត្រូវបញ្ជូនអោយទៅពិគ្រោះជាមួយអ្នកជំនាញបន្ថែមទៀតជាពិសេស អ្នកជំនាញខាងក្រពះពោះវៀន ដែលអាចជួយផ្តល់ដំបូន្មានសម្រាប់គម្រោងនៃការព្យាបាលដល់អ្នកបាន។
របៀបរស់នៅ និងការព្យាបាលដោយខ្លួនឯង
អាការៈរាគភាគច្រើននឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេលពីរបីថ្ងៃ។ ដើម្បីជួយបំបាត់រោគសញ្ញាអ្នកគួរតែសាកល្បងដូចខាងក្រោមនេះ៖
ផឹកទឹកអោយបានច្រើនដូចជា ទឹកធម្មតា, ទឹកស៊ុប និងទឹកផ្លែឈើរាល់ថ្ងៃ។ ចៀសវាងការភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន និងគ្រឿងស្រវឹង។
បន្ថែមអាហាររឹងនិងមានជាតិសរសៃបន្តិចម្តងៗនៅពេលលាមករឹងមកវិញ។ ចូរញ៉ាំស៊ុត បាយ ឬសាច់មាន់។
ចៀសវាអាហារដូចជា ផលិតផលធ្វើបិទឹកដោះគោ, អាហារសម្បូរជាតិខ្លាញ់, អាហារសម្បូរជាតិសរសរយៈពេលពីរបីថ្ងៃ។
ប្រើថ្នាំបំបាត់ការរាគ៖ ថ្នាំបំបាត់ការរាគដែលមិនចាំបាច់មានវេជ្ជបញ្ជាដូចជា Loperamide (Imodium A-D) និង Bismuth Subsalicylate (Pepto-Bismol) ប្រហែលជាជួយបន្ថយចំនួននៃការរាគបាន។ ប៉ុន្តែចំពោះការរាគដែលបណ្តាលមកពីការបង្ករោគដោយបាក់តេរី ឬប៉ារ៉ាសិតប្រហែលជាកាន់តែធ្ងន់ធ្ងរទៅវិញទេនៅពេលប្រើថ្នាំប្រភេទនេះ ព្រោះវាមិនអាចព្យាបាលអាការៈរាគបានឡើយ។ ជាមួយគ្នានេះដែរ ថ្នាំទាំងនេះមិនមានសុវត្ថិភាពសម្រាប់កូនក្មេងឡើយ។
ប្រើថ្នាំ ប្រូបាយអូទិច៖ ប្រូបាយអូទិចផ្ទុកទៅដោយបាក់តេរីមានជីវិតដែលមានលក្ខណៈស្រដៀងគ្នានឹងបាក់តេរីផ្តល់សុខភាពធម្មតាក្នុងប្រព័ន្ធរំលាយអាហារដែរ។ ប្រូបាយអូទិចប្រហែលជាជួយបង្កើនចំនួនបាក់តេរីល្អៗក្នុងពោះវៀនដើម្បីប្រឆាំងនឹងមេរោគក្នុងពោះវៀនដែរ។ ថ្នាំបំប៉នប្រូបាយអូទិចក៏អាចប្រើប្រាស់បានដែរ។
ការបង្ការ
ការបង្ការការរាគដោយសារវីរុស
ឧស្សាហ៍លាងដៃ៖ ចូរលាងដៃមុនពេល និងក្រោយពេលរៀបចំចំណីអាហារ។ ចូរលាងដៃក្រោយពីកាន់សាច់មិនទាន់ឆ្អិន, ចេញពីបង្គន់, ផ្លាស់ប្តូរខោទឹកនោមកូន, ក្រដាស, ក្អក និងហីសសម្បោរ។
លាងដៃនឹងសាប៊ូនអោយបានយ៉ាងហោចណាស់ ២០វិនាទី៖ ក្រោយពីដាក់សាប៊ូលើដៃរួច ចូរដុះលាងដៃរបស់អ្នកជាមួយគ្នាអោយបានយ៉ាងហោចណាស់ ២០វិនាទី។
ប្រើទឹកលាងដៃពិសេសនៅពេលមិនអាចប្រើទឹកធម្មតាបាន៖ ចូរប្រើទឹកលាងសម្អាតដៃដែលមានជាតិអាលកុលនៅពេលអ្នកមិនអាចស្វែងរកទឹកធម្មតាលាងបាន។ ចូរប្រើផលិតផលណាដែលមានជាតិអាលកុលសយ៉ាងហោចណាស់ ៦០ភាគរយ។
បង្ការការរលាកពីអាហារមានមេរោគ
យកអាហារញ៉ាំភ្លាមៗក្រោយពីចំអិនរួច ឬកម្តៅឡើងវិញពេលអាហារនៅសល់។ ការដែលទុកអាហារនៅខាងក្រៅយូរអាចអំណោយផលដល់ការលូតលាស់បាក់តេរីបាន។
លាងសម្អាតិនៅកន្លែងធ្វើអាហារជាញឹកញាប់ដើម្បីកុំអោយមេរោគរាលដាលពីអាហារមួយទៅអាហារមួយទៀតបាន។ ចូរលាងដៃ និងកន្លែងធ្វើអាហាររបស់អ្នកអោយបានច្រើនដងក្នុងពេលរៀបចំចម្អិនអាហារ។
ប្រើប្រាស់ទូរទឹកកកដើម្បីក្លាសេអាហារ ឬព្យាយាមប្រើថង់ផ្លាស្ទិចខ្ចប់អាហារទុកសម្រាប់ក្លាសេ។
បង្ការការរាគក្នុងពេលធ្វើដំណើរ
មើលអ្វីដែលអ្នកញ៉ាំ៖ ចូរញ៉ាំអាហារក្តៅៗ និងចម្អិនឆ្អិនល្អ។ ចៀសវាងញ៉ាំបន្លែ និងផ្លែឈើឆៅលុះត្រាតែអ្នកអាចបកសម្បកវាចេញបាន។ ចូរចៀសវាងញ៉ាំសាច់ឆៅ ឬមិនទាន់ឆ្អិនល្អ ព្រមទាំអាហារធ្វើពីទឹកដោះគោ។
មើលអ្វីដែលអ្នកផឹក៖ ចូរផឹកទឹកដបបរិសុទ្ធ, ទឹកក្រូចមានជាតិហ្គាស, ស្រាបៀ ឬស្រាដែលមានការវេចខ្ចប់ត្រឹមត្រូវ។ ចូរចៀសវាងទឹកចេញពីក្បាលរ៉ូមីណេ និងទឹកកក់ដុំតូចៗ។ ចូរប្រើទឹកដបបរិសុទ្ធសម្រាប់ការដុសធ្មេញ។ ចូរធ្វើយ៉ាងណាអោយមាត់អ្នកបិតពេលកំពុងតែងូតទឹក។ ភេសជ្ជៈដែលបានមកពីទឹកដាំពុះដូចជា កាហ្វេ និងតែគឺមានសុវត្ថិភាពល្អតែ។ ចូរចាំថា គ្រឿងស្រវឹង និងកាហ្វេអ៊ីនអាចធ្វើអោយការរាគ និងខ្សោះជាតិទឹកកាន់តែធ្ងន់ធ្ងរបាន។
សួរគ្រូពេទ្យអំពីការប្រើថ្នាំផ្សះ៖ បើសិនជាអ្នកនឹងត្រូវធ្វើដំណើរទៅកាន់ប្រទេសកំពុងអភិវឌ្ឈន៍រយៈពេលយូរ ចូរសុំអោយគ្រូពេទ្យចេញថ្នាំផ្សះមុនពេលអ្នកចេញដំណើរផងទៅ។ ករណីបែបនេះវាអាចជួយបន្ថយការប្រឈមនឹងជំងឺរាគបាន។