ជំងឺក្រិនសរសៃឈាមកើតឡើងដោយសារសរសៃឈាមអាក់ទែប្រែក្លាយទៅជារឹង និងរួមតូច ហើយដំណើរការនៃជំងឺប្រភេទនេះមានលក្ខណៈស្ងៀមស្ងាត់ រួមទាំងបណ្តាលអោយស្ទះសរសៃ​ឈាម និងលំហូរឈាម ។

ជំងឺក្រិនសរសៃឈាមជាធម្មតាបង្កអោយមានបញ្ហាគាំងបេះដូង ដាច់សរសៃឈាមខួរក្បាល និង​ជំងឺលើសរសៃឈាមចុងដៃចុងជើង ទាំងនេះត្រូវបានគេស្គាល់ថាជាជំងឺបេះដូង–សរសៃឈាម ។

ទោះបីជាយ៉ាងណាក៏ដោយ តើជំងឺក្រិនសរសៃឈាមកើតឡើងយ៉ាងដូចម្តេច? តើនរណាជាអ្នក​កើតជំងឺនេះ ហេតុអ្វី? ជំងឺក្រិនសរសៃឈាមគឺជាពាក្យមួយឃ្លាដែលពិបាកនិយាយ ប៉ុន្តែវាមិន​គួរត្រូវបានលាក់លៀមនោះទេ។ ដំណើរការនៃការស្លាប់គឺអាចការពារ និងព្យាបាលបាន ។ ចូរអាន​បន្ត​ដើម្បីដឹងពីសកម្មភាពសត្រូវរបស់អ្នក ។

មូលហេតុ
ដំបូងយើងរំលឹកទៅដល់រូបរាងកាយធម្មតាសិន សរសៃឈាមអាក់ទែគឺជាសរសៃឈាមដែលមាន​តួរនាទីដឹកនាំឈាមពីបេះដូងទៅកាន់គ្រប់កន្លែងនៃរាងកាយ ។ សរសៃទាំងនេះក្រាលទៅដោយ​ស្រទាប់កោសិការដ៏ស្តើងមួយមានឈ្មោះថា Endothelium ។ Endothelium មាននាទីរក្សានូវភាព​រលោង និងកំលាំងកន្ត្រាក់តិចៗរបស់សរសៃឈាមអាក់ទែ ក្នុងការគ្រប់គ្រងចរន្តឈាម ។

វេជ្ជបណ្ឌិតជំនាញឯកទេសនិយាយថា “ជំងឺក្រិនសរសៃឈាមកើតឡើងនៅពេលដែលមានសម្ពាធឈាមខ្ពស់ ជក់បារី ឬកំរិតកូឡេស្តេរ៉ុលខ្ពស់​ដែលវាជាហេតុធ្វើអោយខូចទៅដល់ស្រទាប់ Endothelium ។ នៅទីនោះ គេឃើញមាន​កំណកខ្លាញ់​កូឡេស្ទេរ៉ុល” ។

ការឈ្លានពានរបស់កូឡេស្ទេរ៉ុល៖ កូឡេស្ទេរ៉ុលដែលអាក្រក់ ឬ LDL ជាអ្នកធ្វើអោយខូចខាតស្រ​ទាប់ Endothelium ដោយសារតែវាចូលទៅក្នុងជញ្ជាំងរបស់សរសៃឈាមអាក់ទែ ។

ការករកើតកំណក៖ គ្រាប់ឈាមសរបស់អ្នកហូរចូលដើម្បីបំបែកកូឡេស្ទេរ៉ុល LDL ។ អស់រយៈ​ពេលច្រើនឆ្នាំ ការផ្តុំគ្នានៃកំណករបស់កូឡេស្ទេរ៉ុល និងកោសិការវាបង្កើតបានទៅជាកំណកមួយ​នៅជាប់នឹងសរសៃឈាមអាក់ទែ ។

គ្រូពេទ្យជំនាញពន្យល់ថា “វាគឺជាសារធាតុរាវដ៏ច្របូកច្របល់មួយ ឬជាកូឡេស្ទេរ៉ុល និងកាកសំណល់​កោសិការ ហើយវាធ្វើអោយប៉ះពាល់ទៅដល់ជញ្ជាំងសរសៃឈាមអាក់ទែដោយចៃដន្យ ។ ភាព​ចៃ​ដន្យនោះក្លាយទៅជាធំទៅៗ ដែលអាចនឹងគ្រប់គ្រាន់ធ្វើអោយស្ទះសរសៃឈាមបាន” ។

ជំងឺក្រិនសរសៃឈាមជាធម្មតាមិនបង្កអោយមានរោគសញ្ញាអ្វីទេរហូតដល់មនុស្សនោះស្ថិតក្នុង​វ័យ​កណ្តាល ឬវ័យចាស់ ។ នៅពេលមួយដែលភាពរួមតូចនៃសរសៃឈាមទៅជាធ្ងន់ធ្ងរហើយ វានឹង​ចុកជិតកុំអោយមានលំហូរឈាម ហើយបង្ករអោយមានការឈឺចាប់ ។

ជម្ងឺក្រិនសរសៃឈាម និងការបង្កបញ្ហារបស់កំណក

កំណកដែលបានមកពីការស្ទះសរសៃឈាមអាចមានសណ្ឋានខុសៗគ្នា ។

វាអាចនៅខាងក្នុងជញ្ជាំងសរសៃឈាមអាក់ទែ ។ នៅទីនោះកំណកមានការលូតលាស់ក្នុង​ទំហំមួយពិតប្រាកដ ។ លោក Stein និយាយថា “ដោយសារតែពួកវាមិនធ្វើអោយស្ទះលំហូរ​ឈាម កំណកទាំងនេះប្រហែលជាមិនបង្កអោយមានរោគសញ្ញាអ្វីនោះទេ” ។
ពួកវាអាចលូតលាស់យឺត ។ ទោះបីជាយ៉ាងណាក៏ដោយ វានៅតែបង្កអោយមានការស្ទះ​ដដែល ។ ការឈឺចាប់នៅទ្រូង ឬជើងគឺជារោគសញ្ញាធម្មតាៗរបស់វា ។
ក្នុងករណីដែលធ្ងន់ធ្ងរគឺ កំណកអាចនឹងដាច់ចេញភ្លាមៗ ដែលជាហេតុធ្វើអោយមាន​កំណកក្នុងសរសៃឈាមអាក់ទែ ។ នៅក្នុងខួរក្បាល បញ្ហានេះនឹងធ្វើអោយកើតជម្ងឺដាច់​សរសៃឈាមខួរក្បាល ចំនែកបេះដូងវិញ ធ្វើអោយមានបញ្ហាគាំងបេះដូង ។
កំណករបស់ជំងឺក្រិនសរសៃឈាមបង្កអោយមានជំងឺបេះដូង–សរសៃឈាមចំនួនបីធំៗនោះគឺ៖

ជំងឺសរសៃឈាមបេះដូង Coronary៖ កំណកដែលមានលំនឹងនៅក្នុងសរសៃឈាមបេះដូង​អាចបង្កអោយមានការឈឺទ្រូង ។ ការរបេះភ្លាមៗនៃកំណក និងការករកើតកំណក​ឈាមធ្វើអោយសាច់ដុំបេះដូងស្លាប់បាន ។ ករណីនេះមានឈ្មោះថាគាំងបេះដូង ឬ Myocardial Infarction ។
ជំងឺខួរក្បាល–សរសៃឈាម៖ ការរបេះកំណកនៅក្នុងសរសៃឈាមអាកទែរបស់ខួរក្បាលធ្វើ​អោយមានជំងឺដាច់សរសៃឈាមខួរក្បាល ដោយសារតែមានកខូចខ្លាំងនៃកោសិការខួរ​ក្បាល ។ ការស្ទះបណ្តោះអាសន្ននៅក្នុងសរសៃឈាមអាក់ទែក៏អាចបង្កអោយមានបញ្ហា Transient Ischemic Attack (TIAs) ដែរ ដែលវាជាសញ្ញាប្រកាសអាសន្នរបស់ជំងឺដាច់សរសៃ​ឈាមខួរក្បាល ទោះបីជាយ៉ាងណាក៏ដោយ វាមិនមានការគ្រោះថ្នាក់ទៅលើខួរក្បាលទេ ។
ជំងឺសរសៃឈាមចុងដៃចុងជើង៖ ការរួមតូចនៅក្នុងសរសៃឈាមរបស់ជើងបង្កឡើងដោយ​ការកើតកំណក ។ ជំងឺសរសៃឈាមចុងដៃចុងជើង ធ្វើអោយមិនមានចរន្តឈាមច្រើនទៅ​តំបន់នោះ ។ ករណីនេះធ្វើអោយមានការឈឺចាប់ក្នុងពេលដើរ និងអោយរបួសក្រជា ។ ចំពោះជំងឺដែលធ្ងន់ធ្ងរប្រហែលជាត្រូវការកាត់អវៈយវៈចេញទៀតផង ។
អ្វីទៅដែលធ្វើអោយអាចកើតជំងឺក្រិនសរសៃឈាមនេះ?

វាប្រហែលជាសំនួរស្រួលនឹងសួរទេថា តើនរណាទៅដែលមិនអាចកើតជំងឺក្រិនសរសៃឈាម?

ការសិក្សាក្នុងឆ្នាំ ២០០១ ទៅលើប្រជាជនដែលមានសុខភាពបេះដូងល្អចំនួន ២៦២នាក់ធ្វើអោយ​មានការភ្ញាក់ផ្អើលដូចជា៖

៥១,៩%មានជំងឺក្រិនសរសៃឈាម
ជំងឺក្រិនសរសៃឈាមបានកើតឡើងប្រមាណ ៨៥%ទៅលើមនុស្សមានអាយុច្រើនជាង ៥០​ឆ្នាំ
១៧%នៃយុវវ័យមានជំងឺក្រិនសរសៃឈាម
គ្មាននរណាម្នាក់មានរោគសញ្ញាទេ ហើយភាគតិចណាស់ដែលសរសៃឈាមរបស់ពួកគេរួមតូច ។ បែបនេះគឺជាដំណាក់កាលជំងឺដំបូង ដែលមានតែការស្រាវជ្រាវដោយការធ្វើតេស្តពិសេសទេទើប​រកឃើញ ។

ប្រសិនបើអ្នកអាយុដល់ ៤០ឆ្នាំ ហើយសុខភាពទូទៅល្អធម្មតា អ្នកប្រហែលជាមានឱកាស ៥០%​ក្នុងការវិវត្តន៍ទៅជាជំងឺក្រិនសរសៃឈាមយ៉ាងធ្ងន់ធ្ងរក្នុងឆាកជីវិត ។ ការប្រឈមមុខនឹងកើនឡើង​នៅពេលដែលអ្នកមានអាយុកាន់តែច្រើន ។ ចំនុចសំខាន់នៃអ្នកដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង​ទៅគឺត្រូវតែមានជំងឺក្រិនសរសៃឈាមខ្លះហើយ ប៉ុន្តែពួកគេមិនដែលបានសំគាល់មើលរោគសញ្ញា​របស់វានោះទេ ។

មានដំណឹងល្អមួយថា អត្រានៃការស្លាប់ដោយសារជំងឺក្រិនសរសៃឈាមត្រូវបានធ្លាក់ចុះរហូតដល់ ២៥% ចាប់តាំងពី ៣០ឆ្នាំមុនមកម្លេះ ។ ប្រការនេះគួរតែអរគុណទៅដល់របៀបរស់នៅ និងការ​រីក​ចំរើននៃការព្យាបាលបានល្អជាងមុន ។

ការបង្ការ
ជំងឺក្រិនសរសៃឈាមគឺជាជំងឺវិវត្តន៍ ប៉ុន្តែវាក៏អាចបង្ការបានដែរ ។ ឧទាហរណ៍ កត្តាប្រឈមមុខ​ចំនួន ៩ដែលធ្វើអោយមានបញ្ហាគាំងបេះដូងរហូតដល់ ៩០%ដូចជា៖

ការជក់បារី
ឡើងកំរិតកូឡេស្ទេរ៉ុលខ្ពស់
ឡើងសម្ពាធឈាមខ្ពស់
ជំងឺទឹកនោមផ្អែម
ដុះក្បាលពោះ
Stress
មិនទទួលទានផ្លែឈើ និងបន្លែ
មិនហាត់ប្រាណអោយទៀងទាត់
អ្នកប្រហែលជាចំណាំឃើញថាបញ្ហាអស់ទាំងនេះគឺជាបញ្ហារួមទាំងអស់ ហើយអ្នកអាចធ្វើការកែ​ប្រែវាបាន ។ អ្នកជំនាញជាច្រើនយល់ស្របថា ការកាត់បន្ថយកត្តាប្រឈមមុខធ្វើអោយថយចុះនៃ​ការប្រឈមនឹងជម្ងឺបេះដូង–សរសៃឈាមបាន ។

សម្រាប់អ្នកដែលមានការប្រឈមមុខពីកម្រិតមធ្យមទៅខ្ពស់ ពួកគេអាចនឹងមានបញ្ហាគាំងបេះដូង ឬដាច់សរសៃឈាមខួរក្បាល ឬមានការឈឺចាប់ដោយសារតែការឈឺទ្រូង ដូច្នេះត្រូវតែប្រើថ្នាំ Aspirin ក្នុងកំរិតមួយតិចក្នុងមួយថ្ងៃដើម្បីបន្ថយការឈឺចាប់ ។ ថ្នាំ Aspirin ជួយការពារការកើតមាន​កំណកឈាម ។ ចូរទៅពិគ្រោះជាមួយគ្រូពេទ្យមុននឹងចាប់ផ្តើមប្រើថ្នាំ Aspirin ដោយសារតែថ្នាំ​នេះ​ផ្តល់ផលរំខានច្រើន ។

ការព្យាបាល
នៅពេលមួយដែលមានការស្ទះនៅក្នុងសរសៃឈាមអាក់ទែ ជាទូទៅទីនោះត្រូវតែមានបញ្ហា ។ ការ​ប្រើថ្នាំ និងការផ្លាស់ប្តូររបៀបរស់នៅ ត្រូវបានយកជាការថាធ្វើអោយកំណកនោះលូតលាស់យឿត ឬបញ្ឈប់ការលូតលាស់ ។ វាប្រហែលជាជួយធ្វើអោយកំណកនោះតូចជាងមុនបន្តិចដោយការ​ព្យាបាលបានខ្លាំង និងត្រឹមត្រូវ ។

ផ្លាស់ប្តូររបៀបរស់នៅ៖ ការកាត់បន្ថយកត្តាប្រឈមរបស់របៀបរស់នៅដែលអាចធ្វើអោយ​កើតជំងឺក្រិនសរសៃឈាម នឹងអាចបន្ថយដំណើរ ឬបញ្ឈប់វា​បាន ។ នោះមានន័យថា របប​អាហារដែលមានសុខភាព ការហាត់ប្រាណ និងមិនជក់បារីដើរតួយ៉ាងសំខាន់ក្នុងរឿងនេះ ។ ការផ្លាស់ប្តូររបៀបរស់នៅទាំងនេះនឹងមិនអាចលុបំបាត់ការស្ទះបានទេ ប៉ុន្តែវាធ្វើអោយ​ការប្រឈមនឹងការគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាលថយចុះ ។
ការប្រើថ្នាំ៖ ការប្រើថ្នាំសំរាប់បញ្ចុះកូឡេស្ទើរ៉ុល និងសម្ពាធឈាមនឹងអាចបន្ថយដំណើរ​ការ​នៃការកកើតជំងឺក្រិនសរសៃឈាម ហើយប្រហែលជាជួយកាត់បន្ថយរហូតដល់ពាក់​កណ្តាលទៀតផង ព្រមទាំងបន្ថយការប្រឈមនឹងការគាំងបេះដូង និងដាច់សរសៃឈាម​ខួរក្បាល ។
ការប្រើប្រាស់វិធីសាស្រ្តវេជ្ជសាស្រ្តក៏អាចទំលាយការស្ទះដោយសារជម្ងឺក្រិនសរសៃឈាមនេះ​បាន៖

ការថតសរសៃឈាម (Angiography) និង Stenting៖ ការប្រើបំពង់ចាក់ចូលទៅក្នុងបេះដូងជា​មួយនឹងការថតសរសៃឈាមបេះដូង Coronary គឺជាវិធីសាស្រ្តដែលគេច្រើនតែធ្វើ ។ ការ​ប្រើបំពង់ដ៏តូចមួយដាក់បញ្ចូលទៅក្នុងសរសៃឈាមអាក់ទែរបស់ដៃ ឬជើង ធ្វើអោយ​គ្រូពេទ្យអាចវាយតម្លៃទៅលើជំងឺរបស់សរសៃឈាមអាក់ទែបាន ។ ការស្ទះត្រូវបានមើល​ឃើញតាមរយៈកញ្ចក់កាំរស្មីអ៊ីច ។ ការវះកាត់សរសៃឈាម (Angioplasty) ដើម្បីឆ្លុះមើលសរសៃឈាម​ និង​ការដាក់ ស្តេន (Stenting) អាចទំលាយការស្ទះរបស់​សរសៃឈាមអាក់ទែបាន ។
ការវះកាត់បែប Bypass៖ គឺជាការយកសរសៃឈាមដែលមានសុខភាពល្អនៅជើង ឬក្នុង​ទ្រូង​ទៅធ្វើការតបង្វៀងផ្លូវសរសៃឈាមណាដែលស្ទះដោយសារជំងឺ​ក្រិនសរសៃឈាម ។
វិធីសាស្រ្តទាំងនេះមានបញ្ចូលនូវការប្រឈមនឹងផលវិបាកជាច្រើន ។ ជាធម្មតាវាតែងតែជួយ​សង្គ្រោះជីវិតអ្នកដែលមានរោគសញ្ញាដែលបង្កឡើងដោយជំងឺក្រិនសរសៃឈាមបានច្រើន ។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង