​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​គឺ​ជា​ជំងឺ​មួយ​ប្រភេទ​ដែល​កើតមាន​ជា​ដុំ​គ្រួស​រឹង​ក្រោយ​ពី​សារធាតុ​ជាច្រើន​ដែល​រលាយ​បាន​ក្នុង​ទឹកនោម​ក្លាយទៅជា​មាន​កំហាប់​ខ្ពស់​។ សារធាតុ​នោះ​ច្រើន​តែ​កើត​ឡើង​ដោយសារ​ជាតិ​កាលស្យូម​, អុក​សាឡាត និង​ផូស្វាត​។ ជំងឺ​គ្រួស​ក្នុង​តម្រងនោម​ប្រហែលជា​មាន​កម្រាស់​ពីរ​បី​មី​លី​ម៉ែត្រ ឬ​ធំ​ជាង​ដូច​ដុំថ្ម​តូចៗ​អញ្ចឹង​។​

​មនុស្ស​យើង​ប្រហែលជា​មាន ១០​ភាគរយ​នឹង​កើត​ជា​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​ក្នុង​ឆាកជីវិត​ពួកគេ​។ គ្រួស​ក្នុង​តម្រងនោម​ឃើញ​កើតមាន​ច្រើន​បំផុត​លើ​មនុស្ស​ប្រុស ប៉ុន្តែ​ឥឡូវនេះ គ្រូពេទ្យ​ជាច្រើន​កំពុង​តែ​ឃើញ​ជំងឺ​នេះ​កើត​ច្រើន​លើ​ស្ត្រី និង​កូនក្មេង​ទៅវិញ​។ កត្តា​របប​អាហារ​ប្រហែល​ជា​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការបង្កើន​អត្រា​នៃ​ការកើត​ជំងឺ​គ្រួស​ក្នុង​តម្រងនោម​។​

​គ្មាន​រោគសញ្ញា​
​មនុស្ស​ជាច្រើន​ដែល​មាន​គ្រួស​ក្នុង​តម្រងនោម​មិនឃើញ​មាន​រោគសញ្ញា​អ្វី​ឡើយ​។ បើសិន​ជា​អ្នក​មាន​គ្រួស​ក្នុង​តម្រងនោម​ដែលមាន​ទំហំ​តូច​បំផុត អ្នក​ប្រហែលជា​ជុះ​វា​ចេញ​ដោយ​មិនដឹង​ខ្លួន​ទៀត​ផង​។ ពេលខ្លះ​គ្រួស​តូចៗ​បែបនេះ​អាច​រកឃើញ​តាមរយៈ​ការធ្វើ​ថត​រូបភាព​វេជ្ជសាស្ត្រ (​កាំរស្មីអ៊ិច​, CT Scan, ឬ​អេកូ​) សម្រាប់​រក​មើល​ជំងឺ​ដែល​មិន​ទាក់ទង​នឹង​តម្រងនោម​។ គ្រូពេទ្យ​ប្រហែលជា​ប្រើ​វិធីសាស្ត្រ​មើល និង​តាមដាន​បើសិនជា​រកឃើញថា​អ្នក​មាន​គ្រួស​ក្នុង​តម្រងនោម​ហើយ​គ្មាន​រោគសញ្ញា​អ្វី​ជា​បញ្ហា​ទេ​។​

​ឈឺចាប់​
​ការឈឺចាប់​ដោយសារតែ​គ្រួស​ក្នុង​តម្រងនោម​អាច​មាន​លក្ខណៈ​ពី​ស្រាល​ទៅ​ធ្ងន់ធ្ងរ ហើយ​លក្ខណៈ​ឈឺ​នោះ​មាន​ចាប់​ពីងុំ រហូត​ដល់​ឈឺ​ដូច​គេ​ចាក់​។ គ្រួសតម្រងនោម​ដែល​ធំៗ​ទំនង​ជា​ងាយ​បង្ក​ការឈឺចាប់​ណាស់​ព្រោះ​វា​នឹង​ត្រូវ​រមៀល​ចូលទៅ​ក្នុង​បំពង់ Ureter និង​ចេញពី​ក្នុង​ខ្លួន​តាម​ទឹកនោម​។ កន្លែង​ឈឺចាប់​ដោយសារ​សារ​តែ​គ្រួស​ក្នុង​តម្រងនោម​ដែល​គេ​ជួបប្រទះ​ញឹកញាប់​ជាងគេ​នោះ​គ ចង្កេះ (​ខាង​ចំហៀង​ខ្លួន​), ពោះ​ផ្នែក​ខាងក្រោម និង​គ្រលាន ព្រមទាំង​ក្រោម​ឆ្អឹងជំនី​។ ការឈឺចាប់​ប្រហែលជា​កើត​មាន​ដូចជា​ទឹករលក​អញ្ចឹង​។ អ្នក​ក៏​ប្រហែល​ជា​ធ្លាប់មាន​បញ្ហា​នោម​ញឹក និង​នោម​ឈឺ​បើសិនជា​មាន​គ្រួស​ក្នុង​តម្រងនោម​មែន​។​

​ក្អួត និង​ចង្អោរ​

​ការឈឺចាប់​ដែល​អ្នក​មាន​ពេល​កើត​គ្រួស​ក្នុង​តម្រងនោម​ប្រហែល​ក្លាយទៅជា​កាន់តែ​ធ្ងន់ធ្ងរ​បើសិនជា​មាន​អា​ការៈក្អួត និង​ចង្អោរ​ថែម​ទៀត​។ ដោយសារតែ​គ្រួសតម្រងនោម​រមៀល​ចុះ​ទៅ​ក្នុង​បំពង់ Ureter និង​បណ្តាលអោយ​ស្ទះ​លំហូរ​ទឹកនោម ទើប​ធ្វើអោយ​មាន​ការឈឺចាប់​ខ្លាំងក្លា និង​ធ្ងន់ធ្ងរ​ជាង​ការ​សម្រាលកូន​ទៅទៀត​។ ការឈឺចាប់​, ក្អួត និង​ចង្អោ​ធ្ងន់ធ្ងរ​ត្រូវ​តែ​ព្យាបាល​ដោយ​ប្រើ​ថ្នាំ​បំបាត់​ការឈឺចាប់​ដែល​ខ្លាំង​, ថ្នាំ​បំបាត់​ក្អួត និង​ព្យួរសេរ៉ូម​។​

ក្តៅខ្លួន និង​គ្រុនញាក់​
​ការ​ក្តៅខ្លួន និង​គ្រុនញាក់​ពេល​ខ្លះ​គឺជា​រោគសញ្ញា​របស់​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​។ ទាំងនេះ​ហើយ​គឺជា​សញ្ញា​ដែល​ត្រូវ​ការវាយតម្លៃ​ពី​គ្រូពេទ្យ​អោយ​បាន​លឿន​ព្រោះ​វា​អាច​នឹង​មានន័យ​ថា អ្នក​មាន​ការបង្ក​រោគ (​ដែល​អាច​គំរាម​គំហែង​ដល់​អាយុជីវិត​បាន​បើសិនជា​មិន​បាន​ព្យាបាល​ទេ​)​។ អ្នក​គួរតែ​ស្វែងរក​ការព្យាបាល​អោយ​បាន​លឿន​បើសិនជា​មាន​អាការៈ​ក្តៅខ្លួន និង​គ្រុនញាក់​ទាក់ទង​នឹង​គ្រួស​ក្នុង​តម្រងនោម ទោះបីជា​ការឈឺចាប់​នោះ​មាន​លក្ខណៈ​តិចតួច​ក៏ដោយ​។​

​ឈាម​ក្នុង​ទឹកនោម​
​វត្ត​មាន​ឈាម​ក្នុង​ទឹកនោម​គឺជា​រោគសញ្ញា​មួយ​ផ្សេងៗ​ទៀត​របស់​ជំងឺ​គ្រួស​ក្នុង​តម្រង​នោម​។ ដោយសារ​តែ​គ្រួស​ក្នុង​តម្រងនោម​ត្រូវ​ឆ្លង​ការ​ផ្លូវ​បង្ហួរ​នោម វា​នឹង​ធ្វើអោយ​កកិត​ដល់​បំពង់ Ureter ដែល​ជា​ហេតុ​នាំអោយមាន​ការ​ហូរ​ឈាម​ដូច្នេះ​។ ទឹកនោម​របស់​អ្នក​ប្រហែល​ជា​មើលទៅ​ឃើញ​ពណ៌​ផ្កាឈូក ឬ​ក្រហម​អាស្រ័យ​ទៅតាម​ភាព​ធ្ងន់ធ្ងរ​នៃ​ការ​ហូរឈាម​នោះ​។ ឈាម​ក្នុង​ទឹកនោម​គឺជា​រោគសញ្ញា​ធ្ងន់ធ្ងរ​បំផុត​ដែល​ត្រូវការ​អោយ​គ្រូពេទ្យ​ធ្វើការ​វាយតម្លៃ​អោយ​បាន​លឿន​។​

ការប្រែប្រួល​ទឹកនោម​ផ្សេងៗ​ទៀត​
​បើសិន​ជា​អ្នក​ឃើញ​ទឹកនោម​ទៅ​ជា​ពណ៌​ល្អក់ ឬ​មាន​ក្លិនស្អុយ​ខ្លាំង នោះ​អាច​ជា​សញ្ញា​មួយ​នៃ​ការបង្ក​រោគ​ដែល​ទាក់ទង​នឹង​គ្រួស​ក្នុង​តម្រងនោម​។ ទោះបីជា​យ៉ាងណា​ក៏ដោយ រឿង​នេះ​អាច​ជា​សញ្ញា​នៃ​ជំងឺ​ដូចជា ជំងឺ​រលាក​ផ្លូវទឹក​ម៉ូដ​, ជំងឺ​រលាក​ផ្លោក​នោម​, ឬ​ជំងឺ​កាមរោគ​ដូចជា​ជំងឺ​ប្រមេះទឹកបាយ​ជាដើម​។ បើសិន​ជា​អ្នក​ឃើញ​ទឹកនោម​ទៅ​ជា​ពណ៌​ល្អក់ ឬ​ក្លិនស្អុយ​ចូរ​ទៅ​ជួប​គ្រូពេទ្យ​ភ្លាម​៕