នៅពេលដែលកូនមានជំងឺធុញនឹងការបៅទឹកដោះគោម្សៅ កូនមានអាការៈធម្មតាទេ ប៉ុន្តែគ្រាន់តែការបៅទឹកដោះគោបែរជាថយចុះ ហើយអាការៈនេះតែងតែកើតលើទារកអាយុ៤ខែ ជាហេតុដែលធ្វើឱ្យអ្នកម្តាយបារម្ហខ្លាំងណាស់ ដូចនេះតើមានវិធីណាដើម្បីអាចដោះស្រាយបាននោះ?
មិនប្រើវិធីបង្ខំ
នៅពេលដែលកូនមិនព្រមបៅទឹកដោះគោច្រើន អ្នកមិនត្រូវបង្ខំកូនឡើយ ព្រោះវាអាចធ្វើឱ្យកូនខ្លាច ប្រសិនបើកូនមានកម្ពស់ និងទម្ងន់ដែលអាចទទួលយកបាន នោះអ្នកមិនត្រូវបង្ខំឡើយ។
ផ្លាស់ប្តូររបៀបបញ្ចុក
អ្នកអាចផ្លាស់ប្តូររបៀបបញ្ចុក ដោយឱ្យកូនបៅតិច ប៉ុន្តែច្រើនដងក្នុងមួយថ្ងៃ អ្នកក៏អាចនាំកូនលេងល្បែងផ្សេងៗឱ្យគេហត់ នោះគេនឹងឃ្លាន ដោយសារតែអាហារដែលនៅក្នុងពោះគេបានរំលាយអស់ហើយ ដូចនេះគេនឹងងាយស្រួលបៅណាស់។
បង្កើនបរិយាកាសនៃការបៅទឹកដោះគោ
នៅពេលដែលកូនកំពុងតែបៅ អ្នកត្រូវតែរក្សាបរិយាកាសដែលនៅជុំវិញខ្លួនកូនឱ្យស្ងាត់ ព្រោះបើកូនមាននរណាមកលេងជាមួយ ឬឃើញប្រដាប់ប្រដាល់លេង ឬមានសម្លេងរំខាន នោះកូននឹងគ្មានចំណាប់អារម្មណ៍ក្នុងការបៅឡើយ។
រន្ធនៃក្បាលដោះ
ជួយកាល់មកពីរន្ធនៃក្បាលដោះតូចពេក ជាហេតុដែលធ្វើឱ្យកូនពិបាកក្នុងការបៅ នោះគេនឹងបៅតិច ជាធម្មតាល្បឿនដែលស័ក្តិសមគឺមួយតំណក់ក្នុងរយៈពេលមួយវិនាទី ហើយល្បឿនលឿនពេកក៏ប៉ះពាល់ដល់កូនដែរ។
មិនត្រូវប្តូរម្សៅទឹកដោះគោញឹកញាប់
នៅពេលដែលកូនមិនព្រមបៅទឹកដោះគោ អ្នកមិនត្រូវតែងតែផ្លាស់ប្តូរទឹកដោះគោឱ្យកូនឡើយ ប្រសិនជាអ្នកផ្លាស់ប្តូរ អ្នកអាចលាយជាមួយទឹកដោះគោចាស់ឱ្យកូនបៅសិន ហើយធ្វើការសង្កេតពីលាមករបស់កូនរយៈពេលមួយអាទិត្យជាមុនសិន ទើបឱ្យកូនបៅតែអាថ្មី បើលាមកកូនមានលក្ខណៈធម្មតា៕