ការ​ឲ្យ​ទារក​ទើបនឹង​កើត ឬ​ក្រោម​អាយុ ៦ ខែ ទទួលទាន​ទឹក វា​ពិតជា​មិនល្អ​នោះ​ឡើយ​។

ជា​ការ​ពិត តាម​ទម្លាប់​ចាស់​បុរាណ គាត់​តែង​ឲ្យ​ទារក​ញ៉ាំ​ទឹក ទោះបីជា​ទារក​នោះ មាន​អាយុ​ក្រោម ៦ ខែ​ក៏​ដោយ ពីព្រោះ គាត់​គិត​ថា ទារក​ច្បាស់​ជា​ខាស់ក ឬ​ស្រេកទឹក​ហើយ​។ យ៉ាងណាមិញ គ្រូពេទ្យ​ជំនាញ​រោគ​កុមារ បាន​មាន​ប្រសាសន៍​ថា ទោះបីជា​មេឃ​ក្តៅ ឬ​ស្ងួត​ក្តី ទារក​ទើបនឹង​កើត​បែប​នេះ នៅ​តែ​អាច​ទទួល​បាន​ទឹក​គ្រប់គ្រាន់ ពី​ទឹកដោះ​ម្តាយ​។

ទឹកដោះ​ម្តាយ មាន​ជាតិ​ទឹក​ប្រហែលជា ៨៨ ភាគរយ ដែល​វា​ល្មម​នឹង​តម្រូវការ​របស់​ក្មេង ទោះបីជា​ស្ថិត​ក្នុង​អាកាសធាតុ​ក្តៅ​ក៏​ដោយ​។

វេជ្ជបណ្ឌិត​ជំនាញ​បាន​ណែនាំ​ទៀត​ថា ការ​ឲ្យ​ទារក​បៅ​ទឹក​នៅ​ក្មេង​ពេក អាច​បង្ក​គ្រោះថ្នាក់ ឬ​ធ្វើ​ឲ្យ​ទារក​ខ្វះ​អាហារូបត្ថម្ភ​។ នៅ​ពេល​ពោះ​របស់​គេ​ពេញ​សុទ្ធតែ​ទឹក នោះ​គេ​នឹង​លែង​ឃ្លាន​។ ក្រពះ​ទារក​តូច​ណាស់ ដូច្នេះ ទឹកដោះ​ម្តាយ​តែ​មួយ​មុខ គឺ​គ្រប់គ្រាន់​សម្រាប់​បំពេញ​វា​ហើយ​។

ថ្ងៃ​ដំបូង រហូត​ដល់ ៣ ខែ
ទារក​មិន​គួរ​ញ៉ាំ​ទឹក​ឡើយ ពីព្រោះ វា​អាច​បង្ក​បញ្ហា​ច្រើន ចំពោះ​សុខភាព និង​ការ​រីក​លូតលាស់​។

ទារក​អាយុ​ពី ៤ ទៅ ៦ ខែ
ទារក អាច​ញ៉ាំ​ទឹកបាន ដោយ​មិន​មាន​ផល​ប៉ះពាល់ ប៉ុន្តែ គ្រូពេទ្យ​នៅ​តែ​មិន​ណែនាំ ឲ្យ​ទារក​បៅ​ទឹក​ឡើយ​។

អាយុ​ក្រោយ ៦ ខែ
កូន​ក្មេង​អាច​ញ៉ាំ​ទឹកបាន​តិច​ៗ ពីរ​បី​ដង​ក្នុង​មួយ​ថ្ងៃ ជា​ពិសេស ពេល​គេ​ចាប់ផ្តើម​ញ៉ាំ​បបរ ឬ​អាហារ​រឹង​តិច​ៗ៕