របបអាហារត្រឹមត្រូវ គឺចាំបាច់ណាស់សម្រាប់សុខភាពស្បែកល្អប្រសើរនិងសម្រស់ស្រស់ស្អាត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះល្អចំពោះស្បែក? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរទទួលទានប្រសិនបើចង់បានស្បែកស្រស់ស្អាត ៖

១. ស្ត្របឺរី

ពន្យឺតដំណើរការនៃភាពចាស់តាមវ័យនៃស្បែកដោយគ្រាន់តែព្យាយាមទទួលទានផ្លែស្ត្របឺរី។ នេះក៏ព្រោះតែអាហារនេះជាប្រភពដ៏ប្រសើរនៃវីតាមីន C។

២. ចេក

ផ្លែឈើនេះជាប្រភពដ៏ប្រសើរនៃវីតាមីននិងជាតិរ៉ែសំខាន់ៗរួមមាន B6 អាស៊ីតហ្វូលិក និងប៉ូតាស្យូមជាដើមដែលមិនត្រឹមតែជួយផ្ដល់សារធាតុចិញ្ចឹមដល់ស្បែក ហើយរក្សាសំណើម និងភាពទន់រលោងនៃស្បែកទប់ស្កាត់ព្យាបាលស្បែកស្ងួតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនបរិមាណនៃលំហូរឈាមក្នុងខួរក្បាលល្អសម្រាប់សុខភាពខួរក្បាលផងដែរ។

៣. ដំឡូងផ្អែម

ផ្ដល់ឱ្យស្បែកនូវសារធាតុ beta-carotene ការពារស្បែកពីការបំផ្លាញដោយសារកម្ដៅថ្ងៃ។ លើសពីនេះទៅទៀតដំឡូងផ្អែមអាចជួយកាត់បន្ថយបញ្ហាស្បែករោលរលាកដោយសារកម្ដៅថ្ងៃ ក៏ដូចជាស្បែកស្ងួត និងជ្រីវជ្រួញ។

៤. សូកូឡាខ្មៅ

សារធាតុ flavanol ក្នុងសូកូឡាខ្មៅអាចជួយការពារស្បែកពីការបំផ្លាញដោយសារកម្ដៅថ្ងៃ។ ការទទួលទានសូកូឡាខ្មៅក៏ជួយរក្សាសំណើមធ្វើឱ្យស្បែកទន់រលោងផងដែរ។ ទោះជាយ៉ាងណាត្រូវជ្រើសរើសសូកូឡាដែលផ្សំឡើងពីកាកាវ ៧០ភាគរយ។

៥. ម្ទេសផ្លោកក្រហម

ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មពិសេសវីតាមីន C ដែលជួយរក្សាសុខភាពសក់និងកោសិកាស្បែកធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ។

៦. ប្រេងអូលីវ

មានផ្ទុកជាតិខ្លាញ់សុខភាពល្អ monounsaturated ដែលអាចជួយរក្សាភាពក្មេងជាតិវ័យនៃស្បែក។ លើសពីនេះទៅទៀតសារធាតុប្រឆាំងអុកស៊ីតកម្មនៃប្រេងអូលីវក៏ជួយទប់ស្កាត់ការបំផ្លាញដែលបង្កឡើងដោយរ៉ាឌីកាល់សេរីផងដែរ។

៧. ផ្លែបឺរ

ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated ដែលជួយរក្សាជាតិសំណើមនៃស្បែកបានយ៉ាងប្រសើរ ខណៈដែលស្នាមជ្រីវជ្រួញងាយនឹងលេចឡើងចំពោះស្បែកស្ងួត។ លើសពីនេះទៅទៀត ជាតិខ្លាញ់ monounsaturated ក៏ជួយអោយរាងកាយអាចស្រូបសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗដែលស្បែកត្រូវការបានពេញលេញផងដែរ។

៨. ត្រីសម្បូរខ្លាញ់

ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលជួយកាត់បន្ថយការរលាកក្នុងរាងកាយ។ ក្រៅពីនេះត្រីសាលម៉ុនក៏មានផ្ទុក dimethylaminoethanol ខ្ពស់ដែលជួយការពារកោសិកាស្បែកឱ្យរក្សាបាននូវសុខភាពល្អជានិច្ច។ តាមរយៈការពង្រឹងភាពរឹងមាំនៃកោសិកានោះមានន័យថាអ្នកកំពុងតែទប់ស្កាត់ភាពចាស់មុនអាយុហើយ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរចំពោះសុខភាពនិងសម្រស់ចូរព្យាយាមទទួលទានឱ្យបានយ៉ាងហោចណាស់ ៣ ដងក្នុងមួយសប្តាហ៍។

៩. យ៉ាអួរ

ក្រៅពីជួយបង្កើនបរិមាណនៃបាក់តេរីល្អក្នុងពោះវៀនហើយនោះ យ៉ាអួរក៏ប្រសើរចំពោះសុខភាពស្បែកផងដែរ។ ការទទួលទានយ៉ាអួរនឹងជួយឱ្យស្បែកតឹងណែនទប់ស្កាត់ស្នាមជ្រីវជ្រួញ។ ទោះជាយ៉ាងណាចូរជ្រើសរើសយ៉ាអួរសុទ្ធគ្មានលាយគ្រឿងផ្សំបន្ថែមរសជាតិនិងជាតិស្ករ។

១០. សាច់មាន់

ជាប្រភពដ៏ប្រសើរនៃស័ង្កសីដែលចាំបាច់សម្រាប់សុខភាពនៃឬសសក់។ ទោះជាយ៉ាងណាចូរជ្រើសរើសទទួលទានសាច់ទ្រូងនិងចៀសវាងស្បែកមាន់ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ឆ្អែត saturated។

១១. បន្លែបៃតង

បន្លែបៃតងជាប្រភពដ៏ប្រសើរនៃជាតិដែកដែលចាំបាច់ណាស់សម្រាប់រក្សាសុខភាពសក់រឹងមាំ។ កង្វះជាតិដែកអាចបង្កជំងឺខ្វះគ្រាប់ឈាមក្រហមដែលជាកត្តាចម្បងបំផុតមួយនៃបញ្ហាជ្រុះសក់ ក៏ព្រោះឬសនៃសក់ទទួលបានសារធាតុចិញ្ចឹមតាមរយៈការផ្គត់ផ្គង់របស់ឈាម។ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានផ្ទុកក្នុងបន្លៃបៃតងក៏ជួយការពារកោសិកាស្បែកមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរី។ ជាតិសសៃក្នុងបន្លែបៃតងថែមទាំងជួយកម្ចាត់ជាតិពុលដែលបង្កបញ្ហាស្បែកស្រអាប់មិនស្រស់ស្អាតទៀតផង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង