យើង​ទាំងអស់​គ្នា​សុទ្ធតែ​ធ្លាប់​អង្គុយ​ញ៉ាំ​អាហារ​យ៉ាង​រីករាយ​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ហើយ​ពេល​ខ្លះ​អ្នក​ញ៉ាំ​ជាមួយ​គ្នា​នោះ​អាច​នឹង​ទំពារ​អាហារ​ឮ​ៗ​ខ្លាំង ដែល​វា​អាច​ប៉ះពាល់​ដល់​អារម្មណ៍​អ្នក និង​អ្នក​ញ៉ាំ​ជាមួយ​ដែរ​។

ខណៈ​ពេល​ដែល​មនុស្ស​ភាគច្រើន​អាច​ទទួលយក​សម្លេង​ទាំងនេះ ក៏​មាន​មនុស្ស​ជា​ច្រើន​ទៀត​នៅ​ទូ​ទាំង​ពិភពលោក​កំពុង​តែ​រង​បញ្ហា​ពី​សម្លេង​រំខាន​នៃ​ការ​ញ៉ាំ​អាហារ​ឮ​ៗ​នេះ​។ ជាមួយ​គ្នា​នេះ​ដែរ តាម​សារព័ត៌មាន The Wall Street Journal ដែល​បាន​ធ្វើការ​សិក្សា​កាលពី​ឆ្នាំ ២០១៤ បានឱ្យ​ដឹង​ថា ការ​ញ៉ាំ​អាហារ​ឮ​ៗ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ជំងឺ​ម្យ៉ាង​ឈ្មោះ​ថា Misophonia ដែល​ជា​ការ​បង្កើត​ជា​សម្លេង​ឮ​ខ្លាំង​ដូច​ជា​សម្លេង​ចេញពី​ក្នុង​មាត់​តែ​ម្តង ក្នុង​ពេល​ទំពារ​អាហារ​។ ការ​សិក្សា​នេះ​ត្រូវ​បាន​ដឹកនាំ​ដោយ Monica Wu និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ខាង​ជំងឺ​នៃ​ដំណើរការ​ធម្មតា​របស់​រាង​កាយ នៅ​សាកលវិទ្យាល័យ South Florida ក្នុង​តំបន់ Tampa​។

តាម​ការ​សិក្សា​បានឱ្យ​ដឹង​ថា អ្នក​ដែល​មាន​បញ្ហា​ជំងឺ Misophonia គឺ​មិន​អាច​ទៅ​មើល​កុន​បាន​ឡើយ​ដោយសារ​តែ​ពួក​គេ​ត្រូវ​ទំពារ​ពោត​លីង​ឮ មិន​អាច​ឈរ​តម្រង​ជួរ​បាន​ដូច​គេ​ដោយសារ​សម្លេង​នៃ​ការ​ទំពារ​ស្ករ​កៅស៊ូ​ធ្វើ​ឱ្យ​រំខាន​ដល់​មនុស្ស​ជុំវិញ​ខ្លួន​។ ប៉ុន្តែ​ពួក​គេ​បែរជា​មិនសូវ​មាន​បញ្ហា​ពេល​នៅផ្ទះ​ទៅ​វិញ ព្រោះ​មនុស្ស​ក្នុងផ្ទះ​ច្រើន​តែ​ស៊ាំ​នឹង​បញ្ហា​ទាំងនេះ​ទៅ​ហើយ​។

តាម​ការ​សិក្សា​របស់ Wu បាន​បញ្ជាក់​ថា ជំងឺ Misophonia មាន​ទំនាក់ទំនង​ទៅ​នឹង​ជំងឺ​ដោយសារ​ថប់​អារម្មណ៍​ផ្សេង​ៗ​ទៀត​ដូច​ជា ជំងឺផ្លូវចិត្ត​ដែល​តម្រូវ​ឱ្យ​អ្នកជំងឺ​ធ្វើ​អ្វី​ៗ​ដដែល​ៗ​ខុសធម្មតា (Obsessive-Compulsive Disorder) និង​ជំងឺ​បាក់ទឹកចិត្ត​។

សំណាង​ដែរ ជំងឺ​នេះ​អាច​ជួយ​បាន​។ Wu និយាយ​ថា ការ​ព្យាបាល​បែប Cognitive Behavior ឈ្មោះ​ថា Exposure and Response Prevention ត្រូវ​បាន​គេ​បង្ហាញ​ថា អាច​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ជំងឺ​នេះ​បាន​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង