ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាក្រូចឆ្មារអាចត្រូវយកមកប្រើដើម្បីព្យាបាលកម្ចាត់មុនបានដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរយកមកធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់ក្រូចឆ្មារដោះស្រាយបញ្ហាមុន ៖

១. ទឹកក្រូចឆ្មារស្រស់ជាមួយប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវការ គឺជែលប្រទាលកន្ទុយក្រពើចំនួនពី ២ ទៅ ៣ ស្លាបព្រាបាយ និងទឹកក្រូចឆ្មារស្រស់ ២ ស្លាបព្រាបាយ។

អ្វីដែលអ្នកត្រូវធ្វើ គឺលាយជែលប្រទាលកន្ទុយក្រពើជាមួយទឹកក្រូចឆ្មារស្រស់។ កូរឱ្យសព្វក្លាយជាល្បាយខាប់ៗ។ បន្ទាប់មកត្រូវលាងសម្អាតមុខជាមួយទឹកក្ដៅឧណ្ហៗ និងផ្ដិតថ្នមៗឱ្យស្ងួតសិន។ លាបម៉ាស្សាល្បាយផ្ទៃមុខ និងទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ពី ១៥ ទៅ ២០ នាទី។ លាងសម្អាតចេញនៅពេលស្ងួត។ អនុវត្តជាប្រចាំដើម្បីព្យាបាលមុន។

២. ទឹកក្រូចឆ្មារស្រស់ជាមួយផ្នែកពណ៌សនៃស៊ុត

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយជាមួយផ្នែកពណ៌សនៃស៊ុត ១គ្រាប់។ កូរឱ្យសព្វ រហូតល្បាយម៉ដ្ឋចូលគ្នាល្អ។ លាបម៉ាស្សាល្បាយលើស្បែកនិងរងចាំសម្រាប់រយៈពេលប្រមាណពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៣. ទឹកក្រូចឆ្មារស្រស់ជាមួយទឹកឃ្មុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេជាមួយទឹកឃ្មុំ ១ ស្លាបព្រាបាយ ឱ្យសព្វចូលគ្នា។ បន្ទាប់មកប្រើប្រាស់ចុងម្រាមដៃលាបម៉ាស្សាល្បាយលើស្បែកដែលទទួលរងផលប៉ះពាល់។ រងចាំសម្រាប់រយៈពេលប្រហែល ៥ នាទី សឹមលាងសម្អាតចេញ។

៤. ទឹកក្រូចឆ្មារស្រស់និងយ៉ាអួរ

អ្វីដែលអ្នកត្រូវធ្វើ គឺលាយយ៉ាអួរជាមួយទឹកក្រូចឆ្មារស្រស់ឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែកមុខនិងទុកចោលរហូតដល់ស្ងួត។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។

៥. ទឹកក្រូចឆ្មារស្រស់

លាងសម្អាតមុខឱ្យស្អាត រួចជូតឱ្យស្ងួត។ បន្ទាប់មកប្រើប្រាស់ដុំសំឡីជ្រលក់ទឹកក្រូចឆ្មារស្រស់លាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍មុនពេលចូលគេង។ លាងសម្អាតចេញនៅពេលព្រឹក៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង