​មាន​ហេតុផល​មួយ​ដែល​គ្រូពេទ្យ​អ្នកត្រូវការ​មើល​អណ្តាត​ក្នុង​ពេល​ពិនិត្យ​សុខភាព ថា​តើ​វា​ហើម​ឬអត់​។ កាលណា​អណ្តាត​អ្នក​ប្រែ​ពណ៌​ទៅ​ជា​ពណ៌​ផ្សេង វា​អាច​បញ្ជាក់បាន​ថា កំពុងតែ​មាន​រឿង​មួយ ឬ​ពីរ​កើតឡើង​លើ​សុខភាព​អ្នក​ជា​មិន​ខាន​ទេ​។

​លោក Laurence Kirk មក​ពី​មហាវិទ្យាល័យ British College ផ្នែក Naturopath និង Osteopathy និយាយថា មានរឿង​ច្រើនណាស់​ដែល​មនុស្ស​ម្នាក់​អាច​សិក្សា​ដឹង​អំពី​ការពិនិត្យ​សុខភាព​អណ្តាត​។ គាត់​បាន​បន្ថែមថា “​អណ្តាត​សម្បូរ​ទៅ​ដោយ​ការផ្គត់ផ្គង់​សរសៃឈាម ព្រមទាំង​មាន​លំហូរ​ទឹកមាត់​ជាប់​រហូត​ដើម្បី​ជា​វិធី​លាង​សម្អាត​បាក់តេរី​អាក្រក់ៗ​ចេញពី​ក្នុង​មាត់​។ ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិនជា មនុស្ស​ម្នាក់​មិន​មាន​សុខភាព​ល្អ​ទេ​នោះ បញ្ហា​មួយ​អាច​រក​ឃើញ​តាមរយៈ​ការមើល​អណ្តាត​នេះឯង​”​។

ការប្រែប្រួល​រូបរាង​ខាង​ក្រៅ​របស់​អណ្តាត​អាចមាន​អត្ថន័យ​ខុសៗ​គ្នា​ចាប់តាំងពី កង្វះ​វីតាមីន រហូត​ដល់​អនាម័យ​មាត់​ធ្មេញ​។ ប៉ុន្តែ​មាន​ពេលវេលា​ច្រើន​ណាស់​ដែល​ការប្រែប្រួល​នេះ​អាច​បញ្ជាក់​ថា​អ្នកត្រូវការ​គ្រូពេទ្យ​ពិនិត្យ​ជា​បន្ទាន់​។ ដើម្បី​ស្រាយ​ចម្ងល់​អំពី​រឿងនេះ ចូរ​ស្វែងយល់​អំពី​អត្ថន័យ​នៃ​ការប្រែប្រួល​ពណ៌​របស់​អណ្តាត​ដូចខាងក្រោម​នេះ​៖

ពណ៌​ខ្មៅ​
អណ្តាត​ដែលមាន​ប្រតាក​ខ្មៅៗ ជាពិសេស​នៅ​តាម​បណ្តោយ​ផ្ទៃ​កណ្តាល​របស់​អណ្តាត​អាច​បញ្ជាក់​ឱ្យដឹងថា វា​អាច​ជា​កន្លែង​តាំង​នៅ​របស់​បាក់តេរី និង​មេរោគ​ផ្សិត​ជា​ច្រើន​។ របប​អាហារ និង​ទម្លាប់​ដូចជា ការជក់បារី​ក៏​ធ្វើឱ្យ​តំបន់​នេះ​ខ្មៅ​ដែរ​។ ថ្នាំ​មួយចំនួន​ដូចជា ថ្នាំ​ផ្សះ​ក៏​អាច​ប្រែ​ពណ៌​អណ្តាត​ទៅ​ជា​ខ្មៅ   ដែរ​។ ការ​ខ្សោះ​ជាតិ​ទឹក​ដោយសារ​ការ​ញ៉ាំ​កាហ្វេ​ច្រើនពេក និង​ជក់បារី​សុទ្ធតែ​ជា​ដើម​ហេតុ​នៃ​រឿងនេះ​។ សរុបមក ពណ៌​ខ្មៅ​ច្រើន​តែ​បញ្ជាក់​ថា បុគ្គល​នោះ​កង្វះ​អនាម័យ​មាត់​ធ្មេញ​។

ពណ៌​លឿង​
អណ្តាត​ពណ៌​លឿង​ក៏​ស្រដៀង​គ្នា​នឹង​ពណ៌​ខ្មៅ​ដែរ ហើយ​ច្រើន​កើតមាន​នៅពេល​មាន​ការប្រមូលផ្តុំ​បាក់តេរី​នៅលើ​ផ្ទៃ​របស់​អណ្តាត​តែម្តង​។ រឿង​មួយ​ដែល​ខុស​គ្នា​នោះ​គឺថា បាក់តេរី​ដែល​នៅ​ទីនោះ​គឺ​មិន​ដូច​គ្នា​ទេ​។ ការ​រលាក​ដោយសា​រកា​រ​ខ្សោះ​ជាតិ​ទឹក​ដោយសារ​ជក់បារី​ក៏​អាច​ជា​ដើមហេតុ​មួយ​ដែរ​។

ពណ៌​ស​
អណ្តាត​ពណ៌​ស​អាចមាន​ហេតុផល​ច្រើន​នៅ​ពីក្រោយ​រឿង​នេះ​ដូចជា​៖

  • ​ការ​ខ្សោះ​ជាតិ​ទឹក​
  • ​មាន​ជំងឺផ្សិត​នៅលើ​អណ្តាត ដែល​ភាគច្រើន​កើត​លើ​ទារក​ទើបនឹង​កើត និង​មនុស្ស​ចាស់ និង​បង្ក​ឡើង​ដោយ​ផ្សិត​ឈ្មោះថា Candida
  • ​ជំងឺ​អណ្តាត Leukoplakia ដែល​មានន័យថា មាន​ការលូតលាស់​កោសិកា​ច្រើន​ជ្រុល​ក្នុង​មាត់ និង​អណ្តាត​។ វា​គឺជា​ប្រតិកម្ម​អវិជ្ជមាន​មួយ​ដែល​កើតមាន​ជា​ញឹកញាប់​ចំពោះ​អ្នក​ជក់បារី​។ ករណីខ្លះ វា​ក៏​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​មាត់​ដែរ​។

ពណ៌​ក្រហម​ដូច​ស្ត្របឺ​រី​
​អ្នក​ខ្លះ​ប្រហែលជា​យល់​ថា កាលណា​មាន​អណ្តាត​ក្រហម​គឺ​ទាក់ទាញ ប៉ុន្តែ​ករណី​ក្រហម​ស្រស់​បែបនេះ វា​អាច​ជា​សញ្ញា​នៃ​ជំងឺ​មួយចំនួន​ទៅ​វិញ​ទេ​។ អណ្តាត​អាច​ប្រែ​ពណ៌​ទៅ​ជា​ក្រហម​ស្រស់ ឬ​ពណ៌​ដូច​ស្ត្របឺ​រី​នៅពេល​កោសិកា​ទទួល​ស្រង់​រសជាតិ​ទៅជា​ហើម ហើយ​វា​ក៏​មិនមែន​ជា​រឿង​ល្អ​អ្វី​ដែរ​។

  • ​កង្វះ​វីតាមីន ជាពិសេស​វីតាមីន B9 និង B12 និង​ជាតិ​រ៉ែ​
  • ​ជំងឺ Scarlet Fever ដែល​បង្កឡើង​ដោយ​បាក់តេរី​ឈ្មោះ Streptococcus​។ ជំងឺ​នេះ​ច្រើន​តែ​ក្តៅខ្លួន​ខ្លាំង និង​មាន​អណ្តាត​ក្រហម​
  • ​ជំងឺ Kawasaki Disease ដែល​វា​ជា​ជំងឺ​ច្រើន​កើត​លើ​ក្មេង​អាយុ​ចាប់ពី​៥​ឆ្នាំ​ចុះក្រោម ប៉ុន្តែ​ក្មេង​ធំៗ​ដល់​វ័យ​ជំទង់​ក៏​អាច​កើត​មាន​ដែរ​។ ជំងឺ​នេះ​តែង​ធ្វើឱ្យ​សរសៃឈាម​ក្នុង​រាងកាយ​រីក​ធំ ដូច្នេះ​ក៏​អាច​នាំ​ឱ្យ​អណ្តាត​ទៅជា​ក្រហម​ស្រស់​ដែរ​។
  • ​ពណ៌​ត្នោត​
  • ​អណ្តាត​ពណ៌​ត្នោត​អាច​បញ្ជាក់​ថា អ្នក​កំពុងតែ​ស្ថិត​ក្នុង​ជំងឺមហារីក​ស្បែក​ប្រភេទ Melanoma ដំណាក់កាល​ដំបូង​។ ដូច្នេះ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ភ្លាមៗ​ទៅ​។

របៀប​នៃ​ការថែរក្សា​អណ្តាត​

  • ​ឈប់​ជក់បារី និង​លះបង់​ចោល​នូវ​ការប្រើប្រាស់​ផលិតផល​ជា​ថ្នាំជក់​គ្រប់​ប្រភេទ​
  • ​កាត់បន្ថយ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង​
  • ​ញ៉ាំ​យ៉ា​អួ​អ​រកានិ​ច ឬ​ញ៉ាំ​ភេសជ្ជៈ​ដែលមាន​សារធាតុ Probiotics ធម្មជាតិ​ជា​ទៀងទាត់​
  • ​ដុស​សម្អាត​ធ្មេញ​យ៉ាងហោច​ណាស់​ពីរដង​ក្នុង​មួយ​ថ្ងៃ និង​ប្រើ​អំបោះ​សម្អាត​ធ្មេញ​ជា​ទៀងទាត់​
  • ​ប្រើ​ទឹក​ខ្ពុរមាត់​ប្រភេទអ័​រកានិ​ច​
  • ​បើសិន​ជា​អ្នក​មិន​ដុស​សម្អាត​ធ្មេញ​ក្រោយ​ញ៉ាំ​អាហារ​រួច​ទេ​នោះ ចូរ​ប្រាកដថា​អ្នក​បាន​ខ្ពុរមាត់​ចេញ​រួច​ហើយ​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង