យោង​ទៅ​តាម​អង្គការ​សុខភាព​ពិភពលោក ក្មេង​ៗ​ដែល​មាន​អាយុ​ចាប់ពី មួយ​ឆ្នាំទៅ ១៤​ឆ្នាំ​គឺ​ប្រឈម​ខ្ពស់​បំផុត​នឹង​ជំងឺ​ព្រូន​ក្នុង​ពោះវៀន​។ ទោះបីជា​មនុស្ស​ធំ​ហើយ​ក៏​អាច​ប្រឈម​នឹង​ជំងឺ​នេះ​បាន​ដែរ​។ ខាងក្រោម​នេះ​គឺជា​សញ្ញា​មួយ​ចំនួន​តូច​ដែល​ព្រូន​ក្នុង​ពោះវៀន​បង្ហាញ​ឲ្យ​ដឹង និង​ត្រូវការ​ព្យាបាល​ឲ្យ​បាន​លឿន​បំផុត​។

រមាស់​រន្ធ​គូថ
តើ​កូន​អ្នកមាន​អារម្មណ៍​រមាស់​រន្ធ​គូថ​ជាប់​រហូត​ដែរ​ទេ? ហើយ​បើសិនជា​រឿង​នេះ​កើត​ឡើងជា​ពិសេស​នៅ​ពេល​យប់​ទៀត​នោះ វា​គួរតែ​ដល់​ពេល​ជួប​ពេទ្យ​ជំនាញ​ខាង​រោគ​កុមារ​ដើម្បី​ពិនិត្យ​ហើយ​។

ស្រក​ទម្ងន់​ខ្លាំង
កាលណា​មាន​ជំងឺ​ព្រូន វា​នឹង​រំខាន​ដល់​ការ​បឺត​ស្រូប​ជីវជាតិ​ទៅ​ចិញ្ចឹម​រាង​កាយ ហើយ​ក៏​អាច​ធ្វើ​ឲ្យ​ស្រក​ទម្ងន់​បាន​ដែរ​។ ក្រៅពី​នេះ ការ​បាត់បង់​ប្រូតេអ៊ីន​ធ្ងន់ធ្ងរ​ប្រហែលជា​នាំ​ឲ្យ​កើនឡើង​ជាតិ​ទឹក​ក្នុង​ពោះ ឬ​ហៅ​ថា​ទាច​ទឹក​។

បញ្ហា​ការ​រំលាយ​អាហារ
ជាមួយនឹង​ការ​មិន​ឃ្លាន​អាហារ ញ៉ាំ​ទឹក​កាន់តែ​ច្រើន និង​កង្វះ​ការ​បឺត​ស្រូប​អាហារ​ក្នុង​ពោះវៀន វា​ពិតជា​ប្រឈម​កាន់តែ​ខ្លាំង​នឹង​ការ​រាករូស ឬ​រាក​មួល និង​ទល់លាមក​។

ក្លិន​មាត់អាក្រក់
ការ​កង្វះ​វីតាមីន B12 និង​ជាតិ​ស័​ង្គ​សី​នឹង​បង្កើត​បានជា​ក្លិនស្អុយ​ក្នុង​មាត់​។ ជាមួយ​គ្នា​នេះ​ដែរ ការ​ចាល​ទឹក​អាស៊ីត​ពី​ក្រពះ​ក៏​ធ្វើ​ឲ្យ​មាន​ក្លិន​មាត់​មិនល្អ​ផង​ដែរ​។

កង្វះ​គ្រាប់​ឈាម
មិន​មាន​មនុស្ស​ច្រើន​ទេ​ដែល​ដឹង​ថា ព្រូន​ធ្វើ​ឲ្យ​រលាក និង​បាត់បង់​ឈាម​រ៉ាំរ៉ៃ ព្រោះថា​ព្រូន​នឹង​ស៊ី​ឈាម​របស់​មនុស្ស​យើង​៕