គ្រប់គ្នានរណាក៏ចង់មានស្បែកមុខសរលោងស្រស់ស្អាតគ្មានមុន និងស្នាមជាំអ៊ុចខ្មៅ គួរឱ្យទាក់ទាញដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ការព្យាបាលបែបទំនើប និងការប្រើប្រាស់ផលិតផលសម្រស់ផ្សេងៗ មិនត្រឹមតែតម្រូវឲ្យអ្នកចំណាយប្រាក់អស់ច្រើនប៉ុណ្ណោះទេ ប៉ុន្តែពេលខ្លះផ្ដល់ប៉ះពាល់ចំពោះសុខភាពទៀតតាមរយៈសារធាតុគីមីដែលផលិតផលទាំងនោះមានផ្ទុក។ កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗមួយចំនួនដោះស្រាយកម្ចាត់បញ្ហាស្នាមជាំអ៊ុចខ្មៅលើផ្ទៃមុខប្រកបដោយប្រសិទ្ធិភាពខ្ពស់ ៖

១. គ្រាប់អាល់ម៉ុននិងទឹកដោះគោ

ត្រាំគ្រាប់អាល់ម៉ុនពី ២ ទៅ ៣ គ្រាប់ក្នុងទឹកធម្មតាសម្រាប់រយៈពេលពេញមួយយប់។ រួចកិនឱ្យម៉ដ្ឋនៅព្រឹកបន្ទាប់ ហើយលាយទឹកដោះគោស្រស់បន្តិចចូលឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែកនិងទុកចោលសម្រាប់រយៈពេលពេញមួយយប់ ហើយលាងសម្អាតចេញនៅព្រឹកបន្ទាប់ជាមួយទឹកត្រជាក់។

២. ទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់យកទឹកក្រូចឆ្មារស្រស់ ១ ផ្លែ ហើយប្រើប្រាស់សំឡីជ្រលក់លាប ឬផ្ដិតថ្នមៗលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ និងទុកចោលសម្រាប់រយៈពេលពី ១ ទៅ ២ ម៉ោងសិន សឹមលាងជាមួយទឹកធម្មតា។ អនុវត្តរូបមន្តនេះ ២ ដងក្នុងមួយថ្ងៃ ហើយត្រូវប្រាកដថាអ្នកមិនចេញក្រៅត្រូវពន្លឺព្រះអាទិត្យក្រោយពីលាបទឹកក្រូចឆ្មាររួច។ សម្រាប់អ្នកដែលមានស្បែកមុខស្ដើងងាយប្រតិកម្ម គួរលាយទឹកធម្មតាប៉ុន្មានដំណក់ចូលជាមុនសិនសឹមលាបល្បាយលើផ្ទៃមុខ។ រីឯអ្នកដែលមានរបួសលើផ្ទៃមុនមិនគួរអនុវត្តរូបមន្តនេះឡើយ។

៣. ទឹកខ្មេះផ្លែប៉ោម

លាយទឹកខ្មេះផ្លែប៉ោមជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នា រួចលាបលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ រងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍ជាប្រចាំដើម្បីទទួលបានលទ្ធផលប្រសើរ។

៤. ប្រទាលកន្ទុយក្រពើ

អ្វីដែលអ្នកត្រូវធ្វើ គឺយកជែលប្រទាលកន្ទុយក្រពើស្រស់មកលាបលើស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយម៉ាស្សាសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទីសិន សឹមលាងមុខចេញជាមួយទឹកធម្មតា។ អ្នកអាចលាយទឹកក្រូចឆ្មារ ជាមួយម្ស៉ៅរមៀត និងជែលប្រទាលកន្ទុយក្រពើលាបលើផ្ទៃមុខក៏បាន។ អនុវត្តម្ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេលពី ២ ទៅ ៣ សប្តាហ៍។

៥. រមៀត

អ្វីដែលអ្នកត្រូវធ្វើ គឺយកម្ស៉ៅរមៀត ១ ស្លាបព្រា លាយជាមួយទឹកក្រូចឆ្មារចំនួនសមល្មម និងទឹកដោះគោស្រស់ កូរឲ្យសព្វចូលគ្នា​ សឹមលាបល្បាយលើតំបន់ស្បែកមុខដែលទទួលរងផលប៉ះពាល់ ហើយទុកចោលរហូតដល់ស្ងួត សឹមលាងសម្អាតចេញជាមួយទឺកធម្មតា។ អនុវត្តម្ដងក្នុងមួយថ្ងៃ សម្រាប់រយៈពេល ១ ខែ។

៦. ផ្លែល្ហុងទុំ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកចំណិតបន្ទះល្ហុងខ្លះមកបិតលើផ្ទៃមុខកន្លែងទទួលរងផលប៉ះពាល់ ហើយម៉ាស្សាសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ ឬក៏អ្នកអាចយកល្ហុងមួយចំនួនមកកិនឱ្យម៉ដ្ឋ រួចលាយម្ស៉ៅរមៀត ១ ច្បិច និងទឹកក្រូចឆ្មារស្រស់ចំនួនសមល្មមចូល ហើយកូរឱ្យសព្វ សឹមលាបលើផ្ទៃមុខ រួចទុកចោលរហូតដល់ស្ងួត សឹមលាងចេញជាការស្រេច។ អនុវត្តរូបមន្តនេះ ២ ដងក្នុងមួយសប្តាហ៍។

៧. តែបៃតងនិងទឹកឃ្មុំ

អ្វីដែលអ្នកត្រូវការ ៖ ទឹកឃ្មុំសុទ្ធ ១ ស្លាបព្រាបាយ, តែបៃតង ១ កញ្ចប់តូច, ទឹកក្ដៅ និងហ្វូមលាងសម្អាតមុខ។

អ្វីដែលអ្នកត្រូវធ្វើ គឺឆុងតែក្នុងទឹកក្ដៅសម្រាប់រយៈពេលយ៉ាងហោចណាស់ ៣ នាទី។ យកកញ្ចប់តែចេញនិងទុកឱ្យចុះត្រជាក់។ កាត់កញ្ចប់តែ ដើម្បីស្រងយកស្លឹកតែចេញ។ លាយស្លឹកតែជាមួយទឹកឃ្មុំ។ លាងសម្អាតមុខជាមួយហ្វូម រួចជូតផ្ដិតថ្នមៗដល់ស្ងួត។ លាបស្លឹកតែបៃតងទឹកឃ្មុំលើមុខ រួចទុកចោលសម្រាប់រយៈពេល ២០ នាទីសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ អនុវត្តឱ្យបានយ៉ាងហោចណាស់ពី ៣ ទៅ ៤ ដងក្នុងមួយសប្តាហ៍។