ខួរក្បាល​គឺជា​សរីរាង្គ​តែ​មួយ​គត់​របស់​មនុស្ស​យើង​ដែល​អាច​បង្កើត​ជា​ភាព​ឆ្លាត​វៃ​ក្នុង​ការ​ធ្វើ​អ្វី​ៗ​គ្រប់យ៉ាង​សម្រាប់​ការងារ​ប្រចាំ​ថ្ងៃ ហើយ​វា​ក៏​ជា​អ្នក​ជួយ​ឲ្យ​មនុស្ស​យើង​យល់​ដឹង​កាន់តែ​ច្បាស់​លើ​អ្វី​ៗ​ដែល​ថ្មី​ៗ​ផង​ដែរ​។ ដូច្នេះ​ការ​ថែរក្សា​សុខភាព​ខួរក្បាល​ពិតជា​សំខាន់​ណាស់​សម្រាប់​ជីវិត​រស់នៅ​។ បើសិនជា​អ្នក​ចង់​ឲ្យ​ខួរក្បាល​កាន់តែ​មាន​សុខភាព​ល្អ អ្នក​គួរតែ​កុំ​អាល​ជ្រើសរើស​ប្រើ​ថ្នាំពេទ្យ​អី​បើសិនជា​អ្នក​នៅ​មាន​មាត់ និង​ក្រពះ​អាច​កិន​អាហារ​បាន​ល្អ​ឡើយ​នោះ​។ ខាងក្រោម​នេះ​ខ្ញុំ​នឹង​បង្ហាញ​នូវ​អាហារ​មួយ​ចំនួន​ដែល​អាច​មាន​ប្រសិទ្ធភាព​ប៉ូវ​ខួរក្បាល​បាន​យ៉ាង​ល្អ​៖

ចូរ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ដើម្បី​ខួរក្បាល
តើ​អ្នក​កំពុង​តែ​មាន​បំណង​មិន​ញ៉ាំ​អាហារ​ពេល​ព្រឹក​ហើយ​មែន​ទេ? ការ​សិក្សា​បាន​រក​ឃើញ​ថា ការ​ញ៉ាំ​អាហារ​ពេល​ព្រឹក​ប្រហែលជា​ជួយ​ពង្រឹង​ដល់​ការ​ចង​ចាំ និង​ការ​យកចិត្តទុកដាក់​រយៈពេល​ខ្លី​របស់​មនុស្ស​យើង​។ សិស្ស​ដែល​ញ៉ាំ​អាហារ​ពេល​ព្រឹក​ឃើញ​ថា​អាច​រៀន​បាន​ល្អ​ជាង​អ្នក​ដែល​មិន​បាន​ញ៉ាំ​។ ចំពោះ​អាហារ​ដែល​ស្ថិត​ក្នុង​លំដាប់​កំ​ពូ​ង​ដើម្បី​ជំរុញ​ដល់​សមត្ថភាព​ខួរក្បាល​នោះ​មាន​ដូច​ជា អាហារ​សម្បូរ​ជាតិ​សរសៃ គ្រាប់​ធញ្ញជាតិ អាហារ​ធ្វើ​ពី​ទឹកដោះគោ និង​ផ្លែ​ឈើ​។ អ្វី​ដែល​អ្នក​គួរ​ចង​ចាំ​នោះ គឺ​មិន​ត្រូវ​ញ៉ាំ​ច្រើន​ជ្រុល​ពេក​ទេ ព្រោះ​កាលណា​អាហារ​ពេល​ព្រឹក​ដែល​មាន​កាឡូរី​ខ្ពស់​ពេក​អាច​រំខាន​ដល់​ការ​ផ្ចង់អារម្មណ៍​បាន​។

ត្រី​ជា​អាហារ​របស់​ខួរក្បាល
ប្រភព​ប្រូតេអ៊ីន​ដែល​ជំរុញ​ដល់​សមត្ថភាព​ខួរក្បាល​គឺ​មាននៅ​ក្នុង​ត្រី ព្រោះតែ​វា​សម្បូរ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី ដែល​សំខាន់​សម្រាប់​ខុស​ភាព​ខួរក្បាល​តែ​ម្តង​។ ខ្លាញ់​ដ៏​ល្អ​មួយ​នេះ​នឹង​ផ្តល់​ថាមពល​កាន់តែ​អស្ចារ្យ​ដល់​ខួរក្បាល​។ របប​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់​ប្រភេទ​នេះ​កាន់តែ​ច្រើន នឹង​កាត់​បន្ថយ​អាកា​រៈ​ភ្លេចភ្លាំង និង​ដាច់​សរសៃឈាម​ខួរក្បាល ព្រមទាំង​ការ​ថយ​ចុះ​សមត្ថភាព​ផ្លូវចិត្ត​ទៀត​។ ក្រៅពី​នេះ​វា​អាច​នឹង​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​ជំរុញ​ដល់​ការ​ចង​ចាំ ជា​ពិសេស​មនុស្ស​វ័យ​ចំណាស់​តែ​ម្តង​។ សម្រាប់​សុខភាព​ខួរក្បាល និង​បេះដូង ចូរ​ញ៉ាំ​ត្រី​យ៉ាង​ហោច​ណាស់​ពីរ​ដង​ជា​រៀង​រាល់​ស​ប្តា​ហ៍​។

ញ៉ាំ​គ្រាប់​ធញ្ញជាតិ និង​សូកូឡា​រាល់ថ្ងៃ
គ្រាប់​ធញ្ញជាតិ​គឺជា​ប្រភព​នៃ​វីតាមីន E ដែល​មាន​ប្រយោជន៍​ក្នុង​ការ​រក្សា​ភាព​ឆ្លាត​វៃ​របស់​មនុស្ស​នៅ​ពេល​អាយុ​កាន់តែ​ច្រើន​។ សូកូឡា​ខ្មៅ​ក៏​មាន​អង់​ទី​អុក​ស៊ី​ដង់​ដ៏​ខ្លាំងក្លា​ជា​ច្រើន​ទៀត​ដែរ សម្រាប់​ជំរុញ​ដល់​ការ​ផ្ចង់អារម្មណ៍ ជា​ពិសេស​ជាតិ​កាហ្វេ​អ៊ី​ន​របស់​វា​តែ​ម្តង​។

ផ្លែ​ប័​រ
សរីរាង្គ​នីមួយ​ៗ​ក្នុង​រាង​កាយ​អាស្រ័យ​ទៅ​លើ​លំហូរ​ឈាម ជា​ពិសេស​ខួរក្បាល និង​បេះដូង​តែ​ម្តង​។ របប​អាហារ​ដែល​មាន​ផ្លែ​ឈើ​ប្រភេទ​នេះ​ច្រើន​គឺ​អាច​កាត់​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ៗ​បាន​។ រឿង​នេះ​ក៏​ជួយ​កាត់​បន្ថយ​ការ​កើតជា​កំណក​ឈាម​ក្នុង​សរសៃឈាម​ផង​ដែរ​។ ដូច្នេះ​ខួរក្បាល​នឹង​កាន់តែ​សប្បាយចិត្ត​នៅ​ពេល​មាន​លំហូរ​ឈាម​ទៅ​ចិញ្ចឹម​សាច់​ខួរក្បាល​កាន់តែ​ច្រើន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង