ការដើរជួយភ្ញោចដល់ភាពសមសនយ៉ាងល្អសម្រាប់ប្រព័ន្ធបេះដូងសរសៃឈាម សម្រកទម្ងន់ បញ្ចុះជាតិខ្លាញ់ និងសម្ពាធឈាម។ ការដើរដោយគ្មានអាហារក្នុងពោះសោះ អាចជួយរំលាយជាតិខ្លាញ់ក្នុងខ្លួនរហូតដល់ទ្វេដងឯណោះ។ ការដែលមានទម្លាប់ដើរច្រើន នឹងគ្រប់គ្រាន់សម្រាប់បេះដូងលោតបានកាន់តែលឿន និងដកដង្ហើមបានជ្រៅៗ។
ចំពោះខ្លាញ់ដុះក្បាលពោះច្រើនៗវិញ អាចជារឿងមួយគ្រោះថ្នាក់សម្រាប់សុខភាពណាស់ ព្រោះវានឹងផ្តល់ផលវិបាកយ៉ាងធ្ងន់ធ្ងរដល់ការរំលាយអាហារ និងប្រព័ន្ធបេះដូងសរសៃឈាម ជាពិសេសនៅពេលជាតិខ្លាញ់នោះកើនឡើងច្រើននៅជុំវិញសរីរាង្គក្នុងពោះបន្ថែមទៀត។
ហេតុដូច្នេះហើយទើបការដើរដោយប្រើល្បឿនលឿនត្រូវបានអ្នកវិទ្យាសាស្ត្ររកឃើញថា ជួយបង្កើនការរំលាយជាតិខ្លាញ់ និងចង្វាក់បេះដូង ព្រមទាំងបង្កើនការផ្គត់ផ្គង់អុកស៊ីសែនដល់កោសកា និងការរំលាយអាហារ ដូច្នេះខ្លាញ់ក្បាលពោះក៏ស្រកបានច្រើនដែរ។
ការសិក្សាភាគច្រើនបានបញ្ជាក់ថា ការដើរមុនពេលញ៉ាំអាហារពេលព្រឹកនឹងផ្តល់អត្ថប្រយោជន៍យ៉ាងល្អបំផុត។ សម្រាប់អ្នកដែលចំណាយពេលដើរលឿនៗមុនពេលញ៉ាំអាហារពេលព្រឹក ឃើញថាប្រើប្រាស់ជាតិខ្លាញ់ពីក្នុងខ្លួនបានច្រើនជាង អ្នកដើរដោយញ៉ាំអាហារពេលព្រឹករួច រហូតដល់ ៥០ភាគរយឯណោះ។
តើគួរដើរលឿន និងច្រើនប៉ុណ្ណាទៅ?
អ្នកត្រូវតែដើរក្នុងល្បួនមួយលឿនល្មម ដូច្នេះបេះដូងនឹងលោតបានកាន់តែលឿន ហើយដកដង្ហើមបានកាន់តែជ្រៅៗ។ បើសិនជាការដើររបស់អ្នករហូតដល់ធ្វើឲ្យនិយាយអ្វីមិនទាន់ នោះមានន័យថា ការដើរនេះលឿនពេកហើយ។ យកល្អគួរតែចំណាយពេលដើរយ៉ាងតិចបំផុតត្រឹម ៣០ ទៅ៦០នាទីក្នុងមួយថ្ងៃ ចំនួន ៤ ទៅ៦ថ្ងៃក្នុងមួយសប្តាហ៍៕