ជំងឺផ្លូវចិត្ត​ដូច​ជា ការ​បាក់ទឹកចិត្ត ថប់​អារម្មណ៍​អាច​ជា​រឿង​មួយ​ដែល​ចៀស​មិន​ផុត​នោះ​ទេ ព្រោះ​វា​ជា​ផ្នែក​មួយ​នៃ​ជិ​វិត​រស់នៅ​។ យ៉ាងណាមិញ បើសិនជា​វា​កើតឡើង​ខ្លាំង​រហូត​ដល់​មិន​អាច​បំពេញការងារ​ប្រចាំ​ថ្ងៃ​បាន នោះ​វា​ពិតជា​មិនល្អ​ចំពោះ​រាង​កាយ និង​សុខភាព​ទេ ហើយ​ថែម​ទាំង​ងាយ​នឹង​មាន​ជំងឺ​ទៀត​ផង​។ ដូច្នេះ​បើសិនជា​អ្នក​យល់​ថា ខ្លួន​កំពុង​តែ​បាក់ទឹកចិត្ត​ខ្លាំង យក​ល្អ​គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ដូច​ខាងក្រោម​នេះ​ដើម្បី​ឲ្យ​មាន​អារម្មណ៍​កាន់តែ​ល្អ​ឡើង​វិញ​៖

អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី
ការ​សិក្សា​ជា​ច្រើន​បាន​រក​ឃើញ​ថា ការ​ដែល​ញ៉ាំ​អាហារ​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​អាច​ជួយ​ប្រឆាំង​នឹង​អាកា​រៈ​បាក់ទឹកចិត្ត​ផង និង​ថប់​អារម្មណ៍​ផង​។ អាហារ​ដូច​ជា ត្រី​សាល​ម៉ុង ស៊ុត និង​សណ្តែកសៀង​សុទ្ធតែ​ជា​ប្រភព​ធម្មជាតិ​ដ៏​ល្អ​បំផុត​។

ផ្លែ​អាល​ម៉ុ​ន
គ្រាប់​ផ្លែ​ឈើ​ប្រភេទ​នេះ​ជា​ប្រភព​នៃ​វីតាមីន E ស័​ង្គ​សី ម៉ា​ញ៉េ​ស្យូ​ម និង​វីតាមីន B12 ដ៏​អស្ចារ្យ ដែល​អាច​ជួយ​ការពារ​ប្រព័ន្ធ​ភាពស៊ាំ​នៅ​ខ្លាំង​ខណៈ​ពេល​ដែល​អ្នក​កំពុង​តែ​មាន​បញ្ហា​ស្ត្រេ​ស និង​ថប់​អារម្មណ៍​ច្រើន​។

គ្រាប់​ល្ពៅ
ការ​សិក្សា​បាន​រក​ឃើញ​ថា គ្រាប់​ល្ពៅ​ដើរតួ​នាទី​ជា​សារធាតុ​កាត់​បន្ថយ​រោគ​សញ្ញា​នៃ​ការ​បាក់ទឹកចិត្ត​បែប​ធម្មជាតិ​។ នេះ​ដោយសារ​តែ​វា​សម្បូរ​ទៅ​ដោយ​អាស៊ីត​អា​មី​ណេ​ម្យ៉ាង​ឈ្មោះ​ថា L-tryptophan ដែល​អាច​ជួយ​ក្នុង​ការ​ផ្លាស់​ប្តូរ​កម្រិត Serotonin ក្នុង​ខួរក្បាល​បាន​។ Serotonin គឺជា​សារធាតុ​ចម្លង​សរសៃប្រសាទ​សម្រាប់​ថែរក្សា​អារម្មណ៍​ឲ្យ​នៅ​ហ្នឹង​នរ​៕