គ្មាននរណាចង់បានស្បែកមុខមានរន្ធញើសធំៗឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ហើយបញ្ហានេះអាចបណ្ដាលមកពីទម្លាប់ប្រចាំថ្ងៃមួយចំនួនដែលយើងស្មានមិនដល់រួមមានការប្រើប្រាស់ផលិតផលលាងសម្អាតស្បែកមុខមិនត្រូវប្រភេទ ការទទួលទានអាហារខុស មិនខាត់សម្អាតស្បែកមុខឱ្យបានទៀងទាត់ និងត្រូវកម្ដៅថ្ងៃច្រើនពេកជាដើម។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហារន្ធញើសធំ ៖
១. ប្រើប្រាស់ស្ករសនិងប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស្ករស ២ ស្លាបព្រាបាយជាមួយប្រេងអូលីវ ១ ស្លាបព្រាបាយ រួចកូរអោយសព្វសឹមលាងម៉ាស្សាល្បាយថ្នមៗលើផ្ទៃមុខកន្លែងដែលមានរន្ធញើសធំ។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗជាការស្រេច។ អនុវត្តអោយបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
២. ទឹកក្រូចឆ្មារនិងគ្រាប់អាល់ម៉ុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែត្រាំគ្រាប់អាល់ម៉ុន ២ គ្រាប់ក្នុងទឹកធម្មតាសម្រាប់រយៈពេល ២៤ ម៉ោង។ នៅថ្ងៃបន្ទាប់កិនគ្រាប់អាល់ម៉ុននោះឱ្យក្លាយជាល្បាយម៉ដ្ឋខាប់ៗ រួចលាយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាកាហ្វេចូល។ លាបម៉ាស្សាល្បាយលើស្បែកមុខនិងទុកចោលសម្រាប់រយៈពេល ៣០ នាទី លាងសម្អាតចេញជាមួយទឹកត្រជាក់។
៣. ម្សៅ Baking Soda
លាយម្សៅ Baking soda ២ ស្លាបព្រាបាយជាមួយទឹកធម្មតា ២ ស្លាបព្រាបាយ។ កូរឱ្យក្លាយជាល្បាយខាប់ៗ សឹមលាបម៉ាស្សាលើស្បែកមុខក្នុងបែបរង្វង់ និងរងចាំសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៤. ទឹកក្រូចឆ្មារនិងម្នាស់ស្រស់
ច្របាច់ក្រូចឆ្មារម្ខាងយកទឹក រួចបន្ថែមចូលក្នុងទឹកម្នាស់ស្រស់ ១ ពែង។ កូរឱ្យសព្វ សឹមប្រើប្រាស់ក្រណាត់ស្អាតត្រាំក្នុងទឹកល្បាយ រួចគ្របលើមុខ និងទុកចោលសម្រាប់រយៈពេល ៥ នាទីដើម្បីឱ្យស្បែកអាចស្រូបយកសារធាតុចិញ្ចឹមនិងលាងសម្អាតចេញជាមួយទឹកត្រជាក់។
៥. ទឹកក្រូចឆ្មារស្រស់ជាមួយផ្នែកពណ៌សនៃស៊ុត
លាយទឹកក្រូចឆ្មារស្រស់ប៉ុន្មានដំណក់ក្នុងផ្នែកពណ៌សនៃស៊ុត ១ គ្រាប់។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខក្នុងចលនាបែបរង្វង់ពីក្រោមឡើងលើដើម្បីកុំឱ្យស្បែកយារធ្លាក់។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់។
៦. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់សំឡីមួយដុំជ្រលក់ក្នុងទឹកខ្មេះផ្លែប៉ោមរួចលាបថ្នមៗលើផ្ទៃមុខកន្លែងដែលមានរន្ធញើសធំ ហើយទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា៕