ការសម្អាតបន្សាបជាតិពុលពីក្នុងរាងកាយ គឺចាំបាច់ណាស់ប្រសិនបើអ្នកចង់រក្សាបាននូវសុខភាពល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើគួរធ្វើយ៉ាងណាទើបអាចកម្ចាត់ជាតិពុលបានយ៉ាងងាយ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗសម្អាតបន្សាបជាតិពុលក្នុងរាងកាយ ៖
១. បង្កើនការទទួលទានបន្លែបៃតង
បន្លែបៃតងមានផ្ទុកសម្បូរទៅដោយសារធាតុ folate វីតាមីន C វីតាមីន k ជាតិសសៃ ក្លរ៉ូភីល និងសារធាតុ phytonutrients ដែលជួយកាត់បន្ថយសម្ពាធឈាម គ្រប់គ្រងជាតិស្ករក្នុងឈាម និងបន្សាបជាតិពុល ហើយថែមទាំងប្រយុទ្ធប្រឆាំងការរលាកទៀតផង។
២. រួមបញ្ចូលខ្ទឹមសក្នុងរបបអាហារ
ក្រៅពីបង្កើនរសជាតិនិងក្លិនឈ្ងុយដល់អាហារហើយនោះ ខ្ទឹមសក៏មានប្រសិទ្ធភាពកម្ចាត់ពពួកប៉ារ៉ាស៊ីត បាក់តេរី និងវីរុសផ្សេងទៀតពីក្នុងរាងកាយផងដែរ។ ខ្ទឹមសថែមទាំងមានផ្ទុកនូវសារធាតុសេលេញ៉ូមដែលមានអត្ថប្រយោជន៍ណាស់ សម្រាប់ការបន្សាបជាតិពុល ហើយវាក៏ជួយបំពេញនូវកង្វះនៃសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលចាំបាច់ចំពោះសុខភាពរាងកាយទៀតផង។
៣. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ការទទួលទានទឹកបានច្រើនគ្រប់គ្រាន់ គឺជាវិធីដ៏ងាយបំផុតមួយដើម្បីសម្អាតក្នុងរាងកាយ ពិសេសគឺពោះវៀន។ ទឹកចាំបាច់ណាស់សម្រាប់ការរំលាយជាតិសសៃបានត្រឹមត្រូវ។ ដូច្នេះប្រសិនបើអ្នកទទួលទានអាហារសម្បូរដោយជាតិសសៃច្រើន ប៉ុន្តែទទួលទានទឹកតែបន្តិចនោះអ្នកនឹងជួបប្រទះបញ្ហាពិបាករំលាយអាហារ ឬទល់លាមកជាមិនខាន។ ដើម្បីរក្សាបាននូវសុខភាពពោះវៀន ក៏ដូចជារាងកាយទាំងមូលល្អប្រសើរ ចូរទទួលទានទឹកឱ្យបានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃ។
៤. កុំរំលងខ្ញី
ការទទួលទានតែខ្ញីក៏ជួយកម្ចាត់កាកសំណល់ ក៏ដូចជាជាតិពុលផ្សេងៗចេញពីក្នុងរាងកាយបានយ៉ាងប្រសើរផងដែរ។ មិនត្រឹមតែជួយលាងសម្អាតក្នុងរាងកាយកម្ចាត់ជាតិពុលប៉ុណ្ណោះទេ ប៉ុន្តែតែខ្ញីក៏ជួយព្យាបាលការរលាកផ្សេងៗក្នុងរាងកាយផងដែរតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាក និងសារធាតុ Gingerols ដែលវាមានផ្ទុក។
៥. ធ្វើលំហាត់ប្រាណ
អ្នកគួរព្យាយាមធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ជាប្រចាំយ៉ាងហោចណាស់ពី ១៥ ទៅ ២០ នាទី! ការធ្វើលំហាត់ប្រាណជួយសម្អាតរាល់ជាតិពុលពីក្នុងរាងកាយដើម្បីទប់ស្កាត់ការប្រមូលផ្ដុំ៕