ជាធម្មតាការស្លៀកពាក់ក្រាស់ៗ ហើយស្ថិតក្រោមអាកាសធាតុ ឬបរិយាកាសក្ដៅអាចនឹងធ្វើអោយអ្នកមានអារម្មណ៍ថាក្ដៅ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែប្រសិនបើអ្នកមិនបានស្លៀកពាក់ច្រើនជាន់និងមិនស្ថិតក្រោមអាកាសធាតុ ឬបរិយាកាសក្ដៅអ្វីផងក៏នៅតែមានអារម្មណ៍ក្ដៅដែរនោះវាប្រាកដជាបណ្ដាលមកពីបញ្ហាណាមួយមិនខាន។ ហើយថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីមូលហេតុអាចទៅរួចដែលនាំឱ្យអ្នកមានអារម្មណ៍ក្ដៅសឹងតែគ្រប់ពេល ៖
១. ក្រពេញទីរ៉ូអ៊ីតសកម្មពេក
បញ្ហាក្រពេញទីរ៉ូអ៊ីតសកម្មពេក ឬកម្រិតអ័រម៉ូនទីរ៉ូអ៊ីតឡើងខ្ពស់អាចបណ្ដាលឱ្យអ្នកមានអារម្មណ៍ក្ដៅជាប់ជានិច្ច។ ក្រពេញទីរ៉ូអ៊ីតសកម្មពេគកើតឡើងនៅពេលក្រពេញទីរ៉ូអ៊ីតផលិតអ័រម៉ូនទីរ៉ូអ៊ីតច្រើនពេក។ ស្ថានភាពនេះអាចជះផលប៉ះពាល់លើការគ្រប់គ្រងសីតុណ្ហភាពនៃរាងកាត។ អ្នកដែលមានបញ្ហាក្រពេញទីរ៉ូអ៊ីតក៏អាចមានជួបប្រទះអាការៈបែកញើសខ្លាំងជាងធម្មតាផងដែរ។ រោគសញ្ញាផ្សេងទៀតនៃបញ្ហាក្រពេញទីរ៉ូអ៊ីតសកម្មពេករួមមានអស់កម្លាំង រដូវមកមិនទៀង សក់ផុយស្រួយ ស្បែកស្ដើង និងស្រកទម្ងន់ខុសប្រក្រតី។
២. ការឆ្លងមេរោគ
នៅរាល់ពេលអ្នកឆ្លងមេរោគណាមួយដូចជំងឺផ្ដាសាយ នោះរាងកាយនឹងបង្កើនសីតុណ្ហភាពស្នូលដើម្បីជួយកោសិកាប្រព័ន្ធភាពស៊ាំកម្ចាត់ពពួកមេរោគបាក់តេរីដែលចូលមកឈ្លានពាកក្នុងរាងកាយ។ ហើយការបង្កើនសីតុណ្ហភាពស្នូលនេះហើយដែលធ្វើឱ្យអ្នកមានអារម្មណ៍ក្ដៅ។ គ្រុនក្ដៅដោយសារការឆ្លងមេរោគណាមួយអាចមានរយៈពេលយូរពី ២ ឬ ៣ ថ្ងៃដល់មួយសប្តាហ៍។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើក្ដៅខ្លួនខ្លាំង ឬអាការៈក្ដៅខ្លួនមិនបាត់ទៅវិញក្នុងរយៈពេល ២ ឬ ៣ ថ្ងៃក្រោយ។
៣. ការអស់រដូវ
អារម្មណ៍ក្ដៅភាយៗពីមួយពេលទៅមួយពេលមិនមែនជារឿងប្លែកអ្វីឡើយសម្រាប់ស្ត្រីដែលមានវ័យចន្លោះពី ៤០ ទៅ ៥០ ឆ្នាំ នោះក៏ព្រោះតែបញ្ហានេះផ្សារភ្ជាប់នឹងការអស់រដូវ ឬជារោគសញ្ញាមុនពេលអស់រដូវដែលអាចកើតឡើងរយៈពេល ២ ទៅ ៣ ឆ្នាំមុនពេលអស់រដូវតែម្ដង។ អាការៈក្ដៅភាយៗនេះអាចបណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូន។
៤. ជំងឺខ្វះជាតិស្ករក្នុងឈាម
ជំងឺខ្វះជាតិស្ករក្នុងឈាម គឺកើតឡើងនៅពេលកម្រិតនៃជាតិស្ករក្នុងឈាមធ្លាក់ចុះទៅៗ។ ហើយខណៈនេះរាងកាយនឹងបង្កើតអ័រម៉ូន adrenaline ដើម្បីទប់ទល់នឹងបញ្ហាដែលនាំឱ្យមានអារម្មណ៍ក្ដៅ។ ក្រៅពីមានអារម្មណ៍ក្ដៅ ជំងឺខ្វះជាតិស្ករក្នុងឈាមក៏អមមកជាមួយនូវអាការៈមួយចំនួនទៀតដូចជាឃ្លាន ញ័រដៃ បែកញើសហួសប្រមាណ វិលមុខ ឈឺក្បាល ឆាប់ខឹង និងថប់បារម្ភ។
៥. ស្រេស ឬថប់បារម្ភ
បញ្ហាស្ត្រេស ឬថប់អារម្មណ៍អាចបង្កអាការៈមួយចំនួនដូចជាអត្រានៃចង្វាក់បេះដូងលោតញាប់ សម្ពាធឈាមឡើងខ្ពស់ និងតឹងសាច់ដុំដែលនាំឱ្យសីតុណ្ហភាពស្នូលនៃរាងកាយកើនឡើង។
៦. ការប្រើប្រាស់ថ្នាំមួយចំនួន
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថា ថ្នាំពេទ្យទាំងអស់សុទ្ធតែអាចជះផលប៉ះពាល់ខុសគ្នាត្រង់តិចនិងច្រើនប៉ុណ្ណោះ។ ហើយថ្នាំមួយចំនួន ជាពិេសសថ្នាំបំបាត់ការឈឺចាប់និងថ្នាំបំបាត់អារម្មណ៍តានតឹង គឺអាចធ្វើអោយអ្នកមានអារម្មណ៍ក្ដៅក្រោយពេលទទួលទានដែលនេះជាឥទ្ធិពលអវិជ្ជមានមួយនៃថ្នាំ។ វាមិនមែនជាគំនិតល្អឡើយក្នុងការឈប់ប្រើប្រាស់ថ្នាំតាមចិត្តខ្លួនឯងតែម្ដង ជាពិសេសប្រសិនបើថ្នាំទាំងនេះបានចេញវេជ្ជបញ្ជាដោយវេជ្ជបណ្ឌិតរបស់អ្នក។ ដូច្នេះដើម្បីជាការប្រសើរចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយវេជ្ជបណ្ឌិតអំពីផលប៉ះពាល់នៃថ្នាំ៕