អាការៈឈឺខ្នងជាញឹកញយតែងកើតមានឡើងចំពោះស្ត្រីក្នុងកំឡុងពេលមានផ្ទៃពោះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទើបអាចបំបាត់អាការៈនេះបានយ៉ាងឆាប់រហ័ស? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈឈឺខ្នងកំឡុងពេលមានផ្ទៃពោះ ៖
១. ប្រកាន់ខ្ជាប់នូវឥរិយាបថល្អ
វាអាចនឹងពិបាកក្នុងការរក្សាឱ្យបានឥរិយាបថល្អកំឡុងពេលមានផ្ទៃពោះដោយសារតែការឡើងទម្ងន់ ប៉ុន្តែស្ត្រីមានផ្ទៃពោះគួរព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីចៀសផុតពីអាការៈមិនស្រួលមួយចំនួនដូចជាឈឺខ្នង។ ការឈរត្រង់ខ្លួននឹងអនុញ្ញាតឱ្យតំបន់ឆ្អឹងខ្នងអាចសន្ធឹងដោយធម្មជាតិ។
២. ទទួលការម៉ាស្សា
ត្រឹមការម៉ាស្សាធម្មតាមួយក៏អាចជួយបំបាត់អាការៈឈឺខ្នងនិងស្ត្រេសបានយ៉ាងប្រសើរផងដែរ។ ដើម្បីជាការប្រសើរអ្នកអាចពិគ្រោះយោបល់ជាមួយគ្រពេទ្យជំនាញថាតើការម៉ាស្សាបែបណា ឬត្រង់កន្លែងណាសាកសមនឹងអ្នកបំផុត?
៣. ស្អំកម្ដៅ
កម្រិតត្រឹមត្រូវនៃកម្ដៅនឹងជួយបង្កើនចរន្តឈាមរត់តាមបណ្ដោយខួរឆ្អឹងខ្នង ហើយបន្ធូរសសៃប្រសាទដែលសង្កត់ជាប់ដោយសារការកើនឡើងនៃការរីកលូតលាស់តំបន់ពោះ។ ទោះជាយ៉ាងណាត្រូវប្រាកដថាកញ្ចប់កម្ដៅដែលអ្នកប្រើប្រាស់ គឺក្ដៅឧណ្ហៗមិនក្ដៅខ្លាំងចៀសវាងបង្កការរលាកដល់ស្បែក។
៤. ជ្រើសរើសប្រភេទស្បែកជើងឱ្យបានត្រឹមត្រូវ
ត្រូវជ្រើសរើសស្បែកជើងដែលមានកែងទាបនិងអាចទ្រទ្រង់ទម្ងន់រាងកាយបានយ៉ាងល្អមិនឈឺជើង ឬបាតជើងទើបប្រសើរសម្រាប់ស្ត្រីដែលមានផ្ទៃពោះ។ ស្បែកជើងកែងចោទអាចបង្កបញ្ហាលើឆ្អឹងខ្នង។ ការពាក់ស្បែកជើងកែងចោទក៏បណ្ដាលឱ្យអតុល្យភាពនៃលំនឹងរាងកាយផងដែរ។ ការពាក់ស្បែកជើងរាបស្មើអាចជួយកាត់បន្ថយហានិភ័យនៃការដួល ឬជំពប់ជើង។
៥. ធ្វើលំហាត់ប្រាណជាប្រចាំ
ការធ្វើលំហាត់ប្រាណជាប្រចាំក៏សំខាន់ណាស់ដែរសម្រាប់ស្ត្រីកំឡុងពេលមានផ្ទៃពោះដើម្បីរក្សាបាននូវសុខភាពរឹងមាំនិងបំបាត់អាការៈឈឺខ្នង។ ទោះជាយ៉ាងណាក៏ដោយអ្នកគួរជ្រើសរើសធ្វើលំហាត់ប្រាណកម្រិតស្រាល៕