ភាគច្រើននៃពួកយើងប្រហែលជាមិនដឹងទេថារបបអាហារក៏ជះឥទ្ធិពលយ៉ាងខ្លាំងទៅលើសម្រស់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះជួយទប់ស្កាត់ការឡើងមុន? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហាដែលមានប្រសិទ្ធភាពប្រឆាំងរោគមុន ៖
១. តែបៃតង
ជាប្រភពដ៏ប្រសើរបំផុតនៃសារធាតុប្រឆាំងអុកស៊ីតកម្ម epigallocatechin gallate ឬ EGCG ដែលមានប្រយោជន៍កាត់បន្ថយការផលិតជាតិខ្លាញ់ sebum របស់ស្បែកទប់ស្កាត់ការឡើងមុន។ អ្នកចាំបាច់គួរទទួលទានតែបៃតងជាប្រចាំនិងប្រើប្រាស់ក្រណាត់ស្អាតជ្រលក់ក្នុងទឹកតែបៃតងដើម្បីលាបលើតំបន់ស្បែកដែលឧស្សាហ៍ឡើងមុនដូចជាស្បែកមុខសម្រាប់រយៈពេលយ៉ាងហោចណាស់ ១០ នាទី។ លាងសម្អាតចេញជាមួយទឹកត្រជាក់ និងអនុវត្តឱ្យបាន ២ ដងក្នុងមួយសប្តាហ៍។
២. ខ្ទឹមស
ពេលខ្លះរោគមុនក៏អាចកើតឡើងដោយសារប្រតិកម្មឆ្លើយតបរបស់រាងកាយប្រឆាំងនឹងមេរោគបាក់តេរី។ ខ្ទឹមសមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយរាងកាយរួមបញ្ចូលទាំងសារធាតុ allicin។
៣. ត្រីសម្បូរខ្លាញ់
ជាប្រភពដ៏ល្អបំផុតមួយនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងអូមេហ្កា ៦ ដែលទទួលខុសត្រូវប្រឆាំងការរលាកដែលបង្កឱ្យកោសិកាស្ទះនិងកើតមុន។
៤. អយស្ទ័រ
មានផ្ទុកសម្បូរទៅដោយជាតិស័ង្កសីដែលកាត់បន្ថយការរលាកនិងកម្ចាត់បាក់តេរីដែលបណ្ដាលឱ្យកើតមុន។ វាក៏ជួយគ្រប់គ្រងប្រូតេអ៊ីន keratin ក្នុងរាងកាយ ព្រមទាំងកម្រិតនៃអ័រម៉ូនជាពិសេសអ័រម៉ូនស្ត្រេស។ អយស្ទ័រមានផ្ទុកជាតិស័ង្កសីខ្ពស់ដែលពន្លឿនភាពជាសះស្បើយនៃរបួសផងដែរ។
៥. ផ្លែបឺរ
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់ល្អ monounsaturated ដែលជួយរក្សាជាតិសំណើមនៃស្បែកបានយ៉ាងប្រសើរ ខណៈដែលស្នាមជ្រីវជ្រួញ ក៏ដូចជាមុនងាយនឹងលេចឡើងចំពោះស្បែកស្ងួតពេកដូចគ្នា។ លើសពីនេះទៅទៀតជាតិខ្លាញ់ monounsaturated ក៏ជួយអោយរាងកាយអាចស្រូបសារធាតុចិញ្ចឹម និងវីតាមីនផ្សេងៗដែលស្បែកត្រូវការបានពេញលេញផងដែរ។ វីតាមីន B នៃផ្លែបឺរក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលទប់ស្កាត់បញ្ហាមុនគួរឱ្យកត់សម្គាល់។
៦. គ្រាប់ធញ្ញជាតិ
រោគមុនក៏អាចកើតឡើងដោយសារការធ្លាក់ចុះទាបនៃកម្រិតជាតិស័ង្កសី វីតាមីន E ម៉ង់កាណែស និងសេលេញ៉ូមក្នុងរាងកាយ។ គ្រាប់ធញ្ញជាតិជាពិសេសគ្រាប់វ៉ាល់ណឺត និងអាល់ម៉ុនមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមទាំងនោះ ព្រមទាំងច្រើនផ្សេងទៀតរួមមានជាតិដែក កាល់ស្យូម ម៉ាញ៉េស្យូម ទង់ដែង និងប៉ូតាស្យ៉ូម។ គ្រាប់ធញ្ញជាតិក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងអូមេហ្កា ៦ ផងដែរ។ ទោះជាយ៉ាងណាកុំទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃ និងចៀសវាងគ្រាប់ធញ្ញជាតិបំពងខ្លាញ់៕