កំឡុងពេលមានផ្ទៃពោះ គឺជាស្ថានភាពដ៏លំបាកមួយសម្រាប់ស្ត្រីដោយត្រូវមានការប្រុងប្រយ័ត្នខ្ពស់ហើយជៀសមិនផុតពីការអនុវត្តតាមបញ្ជា និងការណែនាំជាច្រើនដើម្បីប្រាកដថាអាចសម្រាលបានជោគជ័យឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  ការរឹតបន្តឹងរបបអាហារ គឺជាចំណុចចម្បងមួយដែលស្ត្រីព្រួយបារម្ភកំឡុងពេលមានផ្ទៃពោះ។ ថ្វីត្បិតតែស្ត្រីមានផ្ទៃពោះត្រូវបានហាមមិនឱ្យទទួលទានអាហារជាច្រើនប្រភេទក៏ដោយ ក៏នៅមានអាហារមួយប្រភេទដែលអ្នកអាចទទួលទានបានដោយគ្មានការព្រួយបារម្ភក្នុងកំឡុងពេលមានផ្ទៃពោះ និងថែមទាំងផ្ដល់អត្ថប្រយោជន៍ល្អចំពោះសុខភាពទៀតនោះ គឺសូកូឡាខ្មៅ។ ទោះជាយ៉ាងណា ក៏មិនគួរទទួលទានច្រើនពេកដែរ ក្នុងកម្រិតមធ្យម ឬត្រឹម ៣០ ក្រាមក្នុងមួយថ្ងៃ គឺប្រសើរបំផុត! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលស្ត្រីមានផ្ទៃពោះគួរទទួលទានសូកូឡាខ្មៅ ៖

១. ទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង

សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងសូកូឡាខ្មៅជួយរក្សាសុខភាពប្រព័ន្ធសសៃឈាមបេះដូងដើម្បីដំណើរការមុខងារប្រក្រតី។ គួរបញ្ជាក់ផងដែរថាសូកូឡាខ្មៅគុណភាពខ្ពស់ គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មច្រើនជាងសូកូឡាធម្មតា។

២. ទប់ស្កាត់ជំងឺក្រឡាភ្លើង

សូកូឡាខ្មៅដែលផ្សំឡើងពីកាកាវប្រមាណ ៧០ ភាគរយ មានផ្ទុកសម្បូរទៅដោយសារធាតុ theobromine ដែលជួយប្រយុទ្ធប្រឆាំងទប់ស្កាត់ជំងឺក្រឡាភ្លើង។

៣.​ គ្រប់គ្រងសម្ពាធឈាម

សារធាតុ theobromine ដែលមានផ្ទុកនៅក្នុងកាកាវជួយគ្រប់គ្រងឈាម ក៏ដូចជានៃសម្ពាធឈាមកំឡុងពេលមានផ្ទៃពោះឱ្យស្ថិតក្នុងកម្រិតត្រឹមត្រូវ។

៤. ការទទួលទានសូកូឡាធ្វើឱ្យទារករីករាយ

សូម្បីតែស្ត្រីមានផ្ទៃពោះស្ថិតក្នុងភាពស្ត្រេសប៉ុណ្ណាក៏ដោយ ប៉ុន្តែការទទួលទានសូកូឡាក្នុងចំនួនសមល្មមនឹងធ្វើឱ្យពួកគេបង្កើតបាននូវទារកដែលមានភាពរីករាយ។ នេះក៏ព្រោះតែសូកូឡាមានផ្ទុកសារធាតុ phenylethylamine ដែលត្រូវបានបញ្ជូនពីម្ដាយទៅកាន់ទារកក្នុងផ្ទៃ។

៥. សូកូឡាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម

សូកូឡាជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលហៅថា flavonoids ដែលជួយរក្សាប្រព័ន្ធភាពស៊ាំ និងទប់ស្កាត់ជំងឺមហារីកច្រើនប្រភេទ ក៏ដូចជាបង្កើមសុខភាពប្រព័ន្ធសសៃឈាមបេះដូងនៃស្ត្រីមានផ្ទៃពោះផងដែរ។

៦. សូកូឡាមានផ្ទុកសម្បូរទៅដោយវីតាមីន និងជាតិរ៉ែចាំបាច់

សូកូឡាជាប្រភពនៃសារធាតុរ៉ែចាំបាច់ជាច្រើន រួមទាំង ម៉ាញ៉េស្យូម, ជាតិដែក និងសារធាតុចិញ្ចឹមល្អៗផ្សេងទៀតដែលជួយរក្សាសុខភាពរាងកាយ និងសម្រួលដល់ការដុតរំលាយអាហារទប់ស្កាត់អាការៈទល់លាមកកំឡុងពេលមានផ្ទៃពោះ។

៧. កាត់បន្ថយបំបាត់ស្ត្រេស

ការទទួលទានសូកូឡាក្នុងកំឡុងពេលមានផ្ទៃពោះជួយសម្រួលដល់អារម្មណ៍របស់ស្ត្រីឱ្យមានភាពប្រសើរឡើង។ ទោះជាយ៉ាងណាក៏ដោយ ស្ត្រីមានផ្ទៃពោះគួរចាំក្នុងចិត្តថាគួរទទួលទានក្នុងកម្រិតសមល្មមបានហើយ។ ក៏ព្រោះថាអ្វីក៏ដោយនៅពេលទទួលទានច្រើនលើសពេក គឺមិនល្អសម្រាប់សុខភាពឡើយ!

៨. គ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម

ភ្ញាក់ផ្អើលណាស់មែនទេ? ប៉ុន្តែការទទួលទានសូកូឡាខ្មៅ គឺពិតជាអាហារសម្រន់ដ៏ល្អសម្រាប់អ្នក ជាងសូកូឡាលាយទឹកដោះគោ។ សូកូឡាជួយបង្កើនភាពប្រែប្រួលនៃអាំងស៊ុយលីនដែលធ្វើឱ្យរាងកាយអាចផ្លាស់ទីជាតិស្ករទាំងអស់ចេញពីកោសិកាឈាម ដូច្នេះអ្នកនឹងមានថាមពលកាន់តែប្រសើរពេញមួយថ្ងៃ។ ទោះជាយ៉ាងណាសូកូឡាខ្មៅដែលអ្នកជ្រើសរើសត្រូវមានផ្ទុកជាតិកាកាវ ៧០ ភាគរយ និងទទួលទានជាអាហារសម្រន់៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង