ពេល​ទិញ​ផ្លែឈើ​នាំចូល​ពី​ក្រៅប្រទេស ទន្ទឹមនឹង​គុណភាព​, កម្រិត​ស្រស់​, យើង​ក៏​គួរ​ពិនិត្យ ដល់​កត្តា​មួយទៀត ដែល​ក៏​សំខាន់​សម្រាប់​ការពារ​សុខភាព នោះ​គឺ​ផ្លាក​តូច​មួយ​មាន​លេខ កូដ​បួន​, ឬ​ប្រាំ​លេខ បិទ​ជាប់​ផ្លែឈើ ។​

​តួលេខ​ទាំងនោះ ត្រូវបាន​ហៅថា (PLU (Price Look Up) ជា​លេខ​កូដ​ដែល​ជួយ​ឲ្យ​អ្នក យល់បាន​ថា​ផ្លែឈើ​នោះ​ត្រូវបាន​ដាំ​យ៉ាងដូចម្ដេច ។​

– កូដ PLU មាន​បួន​លេខ ហើយ​ចាប់ផ្ដើម​ដោយ លេខ ៣ ឬ​៤ ។​

​បួន​លេខ​នៃ​កូដ PLU បង្ហាញថា​ផលិតផល​ត្រូវបាន​ដាំ​តាម​ធម្មជាតិ ឬ​តាម​ប្រពៃណី និង​មានប្រើ​ថ្នាំ​សម្លាប់​សត្វល្អិត ។ ដូច្នេះ ពេល​ទិញ​, អ្នក​គួរ​ត្រាំ​, លាង​ឲ្យ​ម៉ត់ចត់​ច្រើនដង និង​ចិត​សម្បក​ចេញ​មុនពេល​បរិភោគ ។ ឧទាហរណ៍​: ផ្លែ​ប៉ោម ហ្វី​ជី ត្រូវបាន​ដាំ​ដោយ ធម្មជាតិ​, មានប្រើ​សារជាតិ​គីមី​ក្នុង​ដំណើរ​ការផលិត ត្រូវបាន​បិទ​កូដ PLU 4129 ។​

– កូដ PLU រួមមាន​ប្រាំ​លេខ​, ចាប់ផ្ដើម​ដោយ​លេខ​៨

​កូដ​រួមមាន​ប្រាំ​លេខ និង​ចាប់ផ្ដើម​ដោយ​លេខ ៨ បង្ហាញ​ឲ្យ​ដឹងថា ជា​ផលិតផល​ប្រែប្រួល ហ្សែ​ន (Genetically Modified Organism) ។ ផ្លែ​ចេក​ធម្មតា​មួយ​នឹងមាន​កូដ 4011 តែ​ប្រសិនជា​ផលិតផល​ប្រែប្រួល​ហ្សែ​ន វា​នឹងមាន​លេខ 84011 ។​

​ប៉ុន្តែ​បច្ចុប្បន្ន លើ​គេហទំព័រ​ផ្លូវការ​របស់ PLU កូដ​ចាប់ផ្ដើម​ដោយ​លេខ ៨ ពុំ​នៅ​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ផលិតផល​ប្រែប្រួល​ហ្សែ​ន​ទៀត តែ​នៅ​ពុំទាន់​កំណត់​បាន​វា នឹង​ប្រើ​សម្រាប់​ផលិតផល​ណា​នៅឡើយ ។​

​សព្វថ្ងៃ​លើ​ពិភពលោក​នៅមាន​ការឈ្លោះប្រកែក​ជាច្រើន​ជុំវិញ​គ្រោះថ្នាក់​របស់​ផលិតផល ប្រែប្រួល​ហ្សែ​ន ទៅដល់​សុខភាព​អ្នកប្រើប្រាស់ ។ មានការ​ស្រាវជ្រាវ​ចាត់ទុកថា វា​ពុំ​បង្ក គ្រោះថ្នាក់​អ្វី​ដល់​សុខភាព​ឡើយ ។​

– កូដ PLU រួមមាន​ប្រាំ​លេខ​ចាប់ផ្ដើម​ដោយ​លេខ ៩

​ប្រសិន PLU រួមមាន​ប្រាំ​លេខ និង​ចាប់ផ្ដើម​ដោយ​លេខ ៩ នេះ​ជា​ផលិតផល​ដាំ​ដុះ​តាម ធម្មជាតិ ពុំ​ប្រែប្រួល​ហ្សែ​ន ក៏​ពុំមាន​សារជាតិ​គីមី ៕

ប្រភព៖ rasmeinews.com

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង