ការ​ឈឺ​ទ្រូ​វ​មិនមែន​តែងតែ​បញ្ជាក់​ថា​មាន​ជំងឺ​គាំងបេះដូង​ទាំង​អស់នោះ​ទេ​។ វា​អាច​ជា​សញ្ញា​មួយ​នៃ​ការ​បង្ក​រោគ ឬ​ការ​រលាក​នៅ​សួត ឆ្អឹងខ្នង ឬ​បញ្ហា​ចំណីអាហារ​ដែរ​។ យ៉ាងណាមិញ ការ​បង្ក​រោគ​លើ​រចនាសម្ព័ន្ធ ឬ​ការ​រលាក​លើ​ជាលិកា​បេះដូង​ក៏​អាច​នាំ​ឲ្យ​មាន​ជំងឺ​ឈឺទ្រូង​ធ្ងន់ធ្ងរ​បាន​ដែរ​។ ខាងក្រោម​នេះ​គឺជា​ជំងឺ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​ឈឺទ្រូង ប៉ុន្តែ​មិនមែន​ជា​ជំងឺ​គាំងបេះដូង​ឡើយ​។

ការ​រលាក ឬ​ការ​បង្ក​រោគ​របស់​បេះដូង
អាកា​រៈ​នេះ​ស្តាប់​ទៅ​ដូច​គាំងបេះដូង​ដែរ ប៉ុន្តែ​មិនមែន​ទេ គឺ​អ្នកជំងឺ​មាន​អារម្មណ៍​ឈឺ​ខ្ទ​ក​ៗ​នៅ​ទ្រូង​ខាងឆ្វេង ហើយ​ឈឺ​ចាក់​ទៅ​ដៃ​ខាងឆ្វេង​។ ការ​រលាក​នៅ​សាច់ដុំ​បេះដូង​អាច​បណ្តាល​ឲ្យ​ឈឺ​តិចតួច​នៅ​ចំ​កណ្តាល​ទ្រូង​តែ​ម្តង​។ មាន​ជំងឺ​ច្រើន​ណាស់​ដែល​មាន​លក្ខណៈ​នៃ​ការ​ឈឺ​ដូច​គាំងបេះដូង ប៉ុន្តែ​មិន​បញ្ជាក់​ថា​ជា​ការ​ស្ទះ​បេះដូង​ទេ ដូច​ជា ការ​រលាក​សាច់ដុំ​បេះដូង ឬ​រលាក​ស្រោម​បេះដូង​ជាដើម​។

រចនាសម្ព័ន្ធ​មិនធម្មតា​របស់​បេះដូង
ថ្វី​ត្បិត​តែ​រឿង​នេះ​មិនកើត​មាន​ជា​ញឹកញាប់​ក៏​ដោយ តែ​រចនាសម្ព័ន្ធ​បេះដូង​មិនធម្មតា អាច​បណ្តាល​ឲ្យ​ឈឺទ្រូង​ដែរ​។ បើសិនជា​អ្នក​ឈឺទ្រូង និង​ពិបាក​ដកដង្ហើម​ក្រោយ​ពី​ហាត់ប្រាណ​រួច នោះ​វា​អាច​បញ្ជាក់​ថា​ជា ជំងឺ​សាច់ដុំ​បេះដូង​រីក​ធំ (Hypertrophic Cardiomyopathy) ទៅ​វិញ​ទេ​។ វា​គឺជា​ជំងឺ​ហ្សែ​ន ដែល​សាច់ដុំ​បេះដូង​មាន​លក្ខណៈ​ក្រាស់​ខុសធម្មតា​។ ចំពោះ​ជំងឺ​ទាក់ទង​នឹង​ប្រើស​បេះដូង​ក៏​អាច​បណ្តាល​ឲ្យ​ឈឺ​ក្នុង​ទ្រូង​ដែរ​។

បញ្ហា​សួត
មូលហេតុ​មួយ​ដែល​ចំបង​ជាងគេ​នៃ​ការ​ឈឺ​ក្នុង​ទ្រូង​ទាក់ទង​នឹង​សួត​នោះ​គឺ ការ​រលាក​ស្រោម​សួត​តែ​ម្តង​។ វា​អាច​បណ្តាល​ឲ្យ​ឈឺ​ក្នុង​ទ្រូង​នៅ​ពេល​ដកដង្ហើម ក្អក ឬ​កណ្តាស​។ ជំងឺ​សួត​ដូច​ជា រលាក​សួត ដែល​អាច​បណ្តាល​ឲ្យ​រលាក​ស្រោម​សួត ឬ​ជំងឺហឺត ក៏​ធ្វើ​ឲ្យ​ឈឺទ្រូង​ដែរ​។ ករណី​ខ្លះ ទោះបីជា​មាន​កំណក​ឈាម​ក្នុង​ស្រោម​សួត​ក៏​អាច​នាំ​ឲ្យ​ឈឺ​ក្នុង​ទ្រូង​បាន​ដែរ​។

បញ្ហា​ឆ្អឹង ឬ​សរសៃប្រសាទ
ករណី​ខ្លះ ការ​មាន​របួស​នៅ​ទ្រូង​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ការ​រលាក​សរសៃប្រសាទ​សុទ្ធតែ​អាច​ធ្វើ​ឲ្យ​ឈឺទ្រូង​បាន​ទាំងអស់​។ ការ​រលាក​នៅ​ឆ្អឹងជំនី ឬ​ឈឺ​ចេញពី​ឆ្អឹងជំនី​ដែល​បាក់​អាច​ធ្វើ​ឲ្យ​ឈឺទ្រូង​ដែរ​។ ម្យ៉ាងវិញទៀត ការ​រលាក​សរសៃប្រសាទ​ដោយសារ​តែ​ជំងឺ​ប៉េ​ស ឬ​ជំងឺរើម​អាច​ធ្វើ​ឲ្យ​ឈឺ​ក្នុង​ទ្រូង​ដែរ​មុន​ពេល​ចេញ​រោគ​សញ្ញា​លើ​ស្បែក​។

បញ្ហា​ក្រពះ​ពោះវៀន
ការ​ច្រាល​ទឹក​អាស៊ីត​ពី​ក្រពះ​ច្រើន​តែ​មានការ​ច្រឡំ​នឹង​ជំងឺ​គាំងបេះដូង ព្រោះ​វា​ធ្វើ​ឲ្យ​ឈឺ និង​មិន​ស្រួល​ក្នុង​ទ្រូង​ដូច​គ្នា​។ ករណី​ខ្លះ ការ​ក្អែល​អាហារ ឬ​ជំងឺ​ដំបៅ​ក្រពះ​ក៏​ប្រហែលជា​ចេញ​អាកា​រៈ​ឈឺទ្រូង ផង​ដែរ​៕