ទឹក​ខួរឆ្អឹងខ្នង ដែល​ត្រូវ​បាន​យក​ដោយ​ការ​បូមទឹក​ឆ្អឹងខ្នង​នោះ អាច​ត្រូវ​បាន​គេ​ប្រើ ដើម្បី​ធ្វើ​រោគវិនិច្ឆ័យ​ជំងឺ​ធ្ងន់ធ្ងរ​ជា​ច្រើន ដូច​ជា ការ​ហូរ​ឈាម​ជុំវិញ​ខួរក្បាល ការ​កើនឡើង​សម្ពាធ​ដោយសារ​តែ​ក្បាល​រីក​ធំ ការ​រលាក​ខួរក្បាល រលាក​ស្រោមខួរ​ក្បាល ដុំ​សាច់​នៅ​ក្នុង​ខួរក្បាល ឬ​ឆ្អឹងខ្នង​ជាដើម​។ ជួនកាល ទឹក​ខួរឆ្អឹងខ្នង ក៏​អាច​បង្ហាញ​ពី​ជំងឺ នៃ​ប្រព័ន្ធ​ភាពស៊ាំ ដូច​ជា ជំងឺ​ក្រិន​ច្រើន​កន្លែង​ផង​ដែរ​។

ប៉ុន្តែ នៅ​ពេល​ដែល​ទឹក​ខួរឆ្អឹងខ្នង ត្រូវ​បាន​បង្ហូរ​ចេញ អំឡុង​ពេល​ចាក់​បូមទឹក​ខួរឆ្អឹងខ្នង​នោះ ហានិភ័យ រួម​មាន ការ​ឈឺក្បាល ការ​ហូរ​ឈាម និង​ការ​ឆ្លង​មេរោគ​។ ផលវិបាក​ទាំងនេះ អាច​មិន​មាន​ជា​ញឹកញាប់​នោះ​ទេ លើកលែងតែ​ការ​ឈឺក្បាល ដែល​អាច​លេចឡើង​ពី​ប៉ុន្មាន​ម៉ោង ទៅ​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​បូមទឹក​ឆ្អឹងខ្នង​រួច​។ ការ​ឈឺក្បាល កើត​មាន​ឡើង​មិនសូវ​ជា​ញឹកញាប់​នោះ​ទេ នៅ​ពេល​ដែល​អ្នកជំងឺ នៅ​តែ​គេង​រាបស្មើ​ប្រហែល​ជាមួយ​ម៉ោង​ទៅ​បី​ម៉ោង ក្រោយ​ពី​បូមទឹក​ឆ្អឹងខ្នង​រួច​៕