ក្នុងមួយជីវិតមនុស្ស អ្នកប្រហែលជាត្រូវឆ្លងកាត់ការឈឺចុកចាប់ត្រង់ពោះជាមិនខាននៅក្នុងពេលណាមួយនោះ។អ្វីដែលអ្នកបារម្ភគឺវាអាចជាជំងឺដំបៅក្រពះ។ការឈឺចាប់ត្រង់ពោះមានមូលហេតុជាច្រើនណាស់ហើយអ្នកមិនគួររួសរាន់ពេកនឹងគិតថាអ្នកមាមដំបៅក្រពះឡើង។អ្នកក៏គួរតែដឹងថាតើអ្នកគួរធ្វើម៉េច បើសិនជាអ្នកសង្ស័យថាអ្នកអាចនឹងមានដំបៅក្រពះ។
ដំបៅប្រដាប់រំលាយអាហារ អាចកើតឡើងនៅលើភ្នាសខាងក្នុងរបស់បំពង់ Esophagus ក្រពះ និងកងខាងលើនៃពោះវៀនតូច ហើយរោគសញ្ញាដែលតែងតែកើតមានជាញឹកញាប់បំផុតនោះគឺការឈឺពោះ។
ជំនឿមិនត្រឹមត្រូវមួយដែលថា អាហារហិល ឬការងារប្រកបដោយភាពតាងតឹងច្រើនបណ្តាលអោយដំបៅក្រពះពោះវៀនបាន។ ឥឡូវនេះគ្រូពេទ្យដឹងថា ការបង្ករោគដោយបាក់តេរីមួយប្រភេទ ឬថ្នាំមួយចំនួន អាចបណ្តាលអោយមានជំងឺដំបៅក្រពះពោះវៀនច្រើនបានបំផុត។
រោគសញ្ញា
ការឈឺចាប់បែបក្រហាយគឺជាសញ្ញាដែលកើតមានជាញឹកញាប់បំផុតរបស់ជំងឺនេះ។ ការឈឺចាប់ដែលបណ្តាលមកពីដំបៅ និងរឹងតែធ្ងន់ធ្ងរនៅពេលប៉ះពាលនឹងអាស៊ីតក្រពះនៅលើកន្លែងមានដំបៅ។ ការឈឺចាប់នេះអាចជា៖
ចេញពីជុំវិញរន្ធផ្ចិតឡើងទៅលើឆ្អឹងជំនីរ
កាន់តែធ្ងន់ធ្ងរនៅពេលក្រពះអត់មានចំណីរ
ធ្វើទុក្ខខ្លាំងនៅពេលយប់
បាត់វិញជាបណ្តោះអាសន្ននៅពេលញ៉ាំអាហារដែលជួយសម្រាលជាតិអាស៊ីត ឬប្រើថ្នាំប្រឆាំងអាស៊ីត។
បាត់ទៅវិញ និងកើតឡើងម្តងទៀតក្នុងរយៈពេលពីរបីថ្ងៃ ឬពីរបីសប្តាហ៍
សញ្ញាដែលមិនសូវមាននោះគឺជាសញ្ញាធ្ងន់ធ្ងរ៖
ក្អួតធ្លាក់ឈាម ដែលអាចជាពណ៌ខ្មៅ ឬក្រហម
លាមកមានឈាមពណ៌ខ្មៅ
ក្អួតចង្អោ
ស្រកទម្ងន់ដោយមិនដឹងមូលហេតុ
ប្រែប្រួលទម្លាប់ញ៉ាំអាហារ
ពេលត្រូវជួបគ្រូពេទ្យ
ចូរទៅពិគ្រោះជាមួយគ្រូពេទ្យប្រសិនបើអ្នកនៅតែមានរោគសញ្ញាជាប់រហូត។ ថ្នាំបន្សាបអាស៊ីត និងថ្នាំទប់ស្កាត់ការបញ្ចេញអាស៊ីតក្រពះដែលគ្មានវេជ្ជបញ្ជា ប្រហែលជាជួយបំបាត់នូវការឈឺចាប់បាន ប៉ុន្តែក្នុងរយៈពេលខ្លីប៉ុណ្ណោះ។
មូលហេតុ
ជំងឺដំបៅក្រពះពោះវៀនកើតឡើងនៅពេលអាស៊ីតក្នុងផ្លូវរំលាយអាហាររបស់យើងស៊ីអស់នូវភ្នាសខាងក្នុងរបស់បំពង់ Esophagus ក្រពះ ឬពោះវៀនតូច។ អាស៊ីតអាចបង្កជាដំបៅរូងខូងដ៏ឈឺចាប់ និងហូរឈាមបាន។
ផ្លូវរំលាយអាហារត្រូវបានស្រោបដោយស្រទាបបញ្ចេញទឹករំអិលសម្រាប់ការពារពីឥទ្ធិពលរបស់អាស៊ីត។ ប៉ុន្តែប្រសិនបើចំនួនអាស៊ីតកើនឡើង ឬទឹករំអិលថយចុះវិញ អ្នកអាចនឹងកើតមានដំបៅ។ ចំពោះមូលហេតុរបស់វាមានដូចជា៖
១, បាក់តេរី
មូលហេតុដែលកើតមានជាញឹកញាប់មួយនៃការដំបៅក្រពះពោះវៀនគឺបាក់តេរីម្យ៉ាងមានឈ្មោះថា Helicobacter Pylori ឬ H. Pylori ដែលរស់នៅជាធម្មតាក្នុងស្រទាបទឹករំអិលសម្រាប់គ្រប់ដណ្តប់ និងការពារជាលិកាភ្នាសក្រពះ និងពោះវៀនតូច។ ជាធម្មតាវត្តមានរបស់បាក់តេរីនេះមិនបណ្តាលអោយមានបញ្ហាអ្វីនោះទេ ប៉ុន្តែពេលខ្លះវាអាចរំខានដល់ស្រទាប់ទឹករំអិល និងបង្កការរលាកដល់ភ្នាសខាងក្នុងរបស់ក្រពះ កង់ពោះវៀនតូចខាងលើ ព្រមទាំងកើតជាដំបៅ។ យើងមិនទាន់ដឹងច្បាស់ថាតើបាក់តេរីប្រភេទនេះធ្វើការរីករាលដាលដោយរបៀបណានោះទេ វាប្រហែលជាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការថើបគ្នាជាដើម។ មនុស្សក៏ប្រហែលជាឆ្លងបាក់តេរី H. Pylori តាមរយៈអាហារ និងទឹកដែរ។
២, ប្រើថ្នាំបំបាត់ការឈឺចាប់
ថ្នាំបំបាត់ការឈឺចាប់ទាំងមានវេជ្ជបញ្ជា និងគ្មានវេជ្ជបញ្ជាសុទ្ធតែអាចបង្កការរលាកដល់ភ្នាសខាងក្នុងរបស់ក្រពះ និងពោះវៀនតូចបាន ហើយថ្នាំទាំនោះមានដូចជា Aspirin, Ibuprofen (Advil, Motrin), Naproxen (Aleve, Anaprox), Ketoprofen និងថ្នាំផ្សេងៗទៀត។ ជំងឺដំបៅក្រពះពោះវៀនច្រើនតែកើតមានលើមនុស្សវ័យចំណាស់ដែលឧស្សាហ៍ប្រើថ្នាំបំបាត់ការឈឺចាប់ ក្នុងករណីមានជំងឺរលាកឆ្អឹងខ្ចីក្នុងសន្លាក់។ ដើម្បីចៀសវាងការធ្វើទុក្ខក្រពះ ចូរប្រើថ្នាំបំបាត់ការឈឺចាប់ជាមួយការញ៉ាំអាហារ។ ប្រសិនបើអ្នកដឹងខ្លួនថាមានដំបៅក្រពះពោះវៀនហើយ ចូរប្រាកដថា គ្រូពេទ្យដឹងរឿងនេះនៅពេលគាត់ចេញជាថ្នាំបំបាត់ការឈឺចាប់មកប្រើ។ ថ្នាំបំបាត់ការឈឺចាប់ប្រភេទ Acetaminophen (Tylenol) មិនបង្កអោយមានដំបៅក្រពះពោះវៀនឡើយ។
៣, ថ្នាំផ្សេងៗទៀត
ថ្នាំមានវេជ្ជបញ្ជាផ្សេងៗដែលអាចអាចធ្វើអោយមានដំបៅក្រពះពោះវៀនដែរនោះមាន ថ្នាំសម្រាប់ព្យាបាលជំងឺពុកឆ្អឹងដែលមានឈ្មោះថា Biphosphonates (Actonel, Fosamax) ។
កត្តាប្រឈមមុខ
អ្នកប្រហែលជាប្រឈមកាន់តែខ្លាំងនឹងជំងឺដំបៅក្រពះពោះវៀនប្រសិនបើអ្នក៖
ជក់បារី៖ ការជក់បារីប្រហែលជាប្រឈមនឹងការដំបៅក្រពះពោះវៀនកាន់តែខ្លាំងចំពោះមនុស្សដែលមានបាក់តេរី H. Pylori។
• ផឹកស្រា៖ ជាតិស្រាអាចបង្កការរលាក និងដាច់រហែកភ្នាសទឹករំអិលរបស់ក្រពះបាន ហើយវាក៏ជួយអោយអាស៊ីតក្រពះចេញច្រើនដែរ។
• មិនអាចគ្រប់គ្រងស្ត្រេសបាន៖ ថ្វីបើស្ត្រេសតែមួយមុខមិនបណ្តាលអោយដំបៅក្រពះពោះវៀនក៏ដោយ ក៏វាជាកត្តាជម្រុញមួយដែរ។
អ្នកប្រហែលជាមានភាពតានតឹងជាច្រើនទៅតាមផ្លូវចិត្ត ព្រឹត្តិការណ៍នានា ការវះកាត់ ឬការគ្រោះថ្នាក់លើរាងកាយ ដូចជារលាកភ្លើងឬរបួសធ្ងន់ធ្ងរ។
ផលវិបាក
ការដែលមិនបានព្យាបាល ជំងឺដំបៅក្រពះពោះវៀនអាចបណ្តាលអោយ៖
ហូរឈាមក្នុងពោះ៖ ការហូរឈាមអាចកើតឡើងដូចជាការបាត់បង់ឈាមយឺតៗដែរ ដែលបណ្តាលអោយមានជំងឺស្លេកស្លាំង ឬការបាត់បង់ឈាមធ្ងន់ធ្ងរដែលត្រូវអោយសម្រាកក្នុងមន្ទីរពេទ្យ ឬបញ្ចូលឈាម។
ការបង្ករោគ៖ ជំងឺដំបៅក្រពះពោះវៀនអាចស៊ីទៅជាប្រហោងលើជញ្ជាំងរបស់ក្រពះ ឬពោះវៀនតូច ដែលវាប្រឈមកាន់តែខ្លាំងនឹងការរលាកស្រោមពោះធ្ងន់ធ្ងរ។
ជាលិកាទៅជាសន្លាក៖ ដំបៅក្រពះពោះវៀនក៏អាចបណ្តាលអោយជាលិកាទៅជាសន្លាកបានដែរ ដែលអាចស្ទះដល់ការដឹកជញ្ជូនអាហារតាមផ្លូវរំលាយអាហារ ដែលអាចអោយអ្នកញ៉ាំឆាប់ឆ្អែត ក្អួត និងស្រកទម្ងន់។
តេស្ត និងការធ្វើរោគវិនិច្ឆ័យ
ដើម្បីរកអោយឃើញដំបៅ អ្នកប្រហែលជាត្រូវធ្វើតាមការធ្វើតេស្តដូចខាងក្រោមនេះ៖
១, តេស្តរក H. Pylori
គ្រូពេទ្យប្រហែលជាណែនាំអោយធ្វើតេស្តដើម្បីកំណត់ថាតើមានវត្តមានបាក់តេរី H. Pylori ក្នុងខ្លួនរបស់អ្នកឬក៏អត់។ H. Pylori ប្រហែលជាអាចរកឃើញតាមរយៈការធ្វើតេស្តឈាម តេស្តលាមក ឬតេស្តដោយការដកដង្ហើម។ សម្រាប់តេស្តដោយការដកដង្ហើម អ្នកត្រូវញ៉ាំទឹកថ្លាមួយកែវ គ្មានរសជាតិ ហើយមានសារធាតុ Radioactive Carbon ក្នុងនោះ។ បាក់តេរី H. Pylori ធ្វើការបំបែកសារធាតុក្នុងក្រពះរបស់អ្នក។ ក្រោយមក អ្នកត្រូវផ្លុំថង់មួយ ហើយបិទអោយជិត។ ប្រសិនបើអ្នកមានបាក់តេរី H. Pylori ក្នុងក្រពះ ដង្ហើមរបស់អ្នកនឹងមានផ្ទុកសារធាតុ Radioactive Carbon ជាទម្រង់ Carbon Dioxide។
២, ប្រើការឆ្លុះដើម្បីពិនិត្យមើលប្រព័ន្ធរំលាយអាហារខាងលើ
ក្នុងពេលឆ្លុះក្រពះ គ្រូពេទ្យត្រូវដាក់បំពង់មួយដែលមានកាំមេរ៉ាចូលទៅក្នុងបំពង់កររបស់អ្នក អោយដល់បំពង់ Esophagus ក្រពះ និងពោះវៀនតូច។ ការប្រើវិធីឆ្លុះបែបនេះ គ្រូពេទ្យអាចមើលឃើញដំបៅបាន។ ប្រសិនបើគ្រូពេទ្យរកឃើញដំបៅហើយ គាត់ប្រហែលជាកាត់ជាលិកាដំបៅនោះបន្តិចដើម្បីធ្វើការវិភាគ។ ការធ្វើវិភាគកោសិកា(អាណាប៉ាត់) ក៏អាចកំណត់ពីវត្តមានរបស់ H. Pylori ក្នុងក្រពះបានដែរ។ គ្រូពេទ្យទំនងជាណែនាំអោយធ្វើការឆ្លុះក្រពះពោះវៀនច្រើនប្រសិនបើអ្នកជាមនុស្សចាស់ មានសញ្ញាហូរឈាម ឬធ្លាប់ស្រកទម្ងន់ ឬពិបាកញ៉ាំ និងលេប។
៣, ថតកាំរស្មីអ៊ិចលើប្រព័ន្ធរំលាយអាហារ
ពេលខ្លះគេហៅវាថាជាការលេបទឹកបារៀមដើម្បីថតកាំរស្មីអ៊ីចទៅមើលឃើញដល់ក្រពះពោះវៀន។ ក្នុងពេលថត អ្នកត្រូវលេបទឹកពណ៌សរដែលមានបារៀមនៅក្នុងនោះ សម្រាប់បង្កើតបានជារូបរាងដល់ក្រពះពោះវៀន ហើយអាចឃើញជារាងដំបៅបានទៀត ៕