ដើម្បីបង្កើនការផលិតកូឡាជែនក្នុងរាងកាយអ្នកមិនចាំបាច់ត្រូវលេបថ្នាំគ្រាប់កូឡាជែនដែលមានតម្លៃថ្លៃៗឡើយ! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដែលមានប្រសិទ្ធខ្ពស់ក្នុងការបង្កើនបរិមាណកូឡាជែនក្នុងរាងកាយតាមបែបធម្មជាតិដែលជួយអោយស្បែកក្មេងជាងវ័យ ៖
១. គេងឱ្យបានយ៉ាងហោចណាស់ ៧ម៉ោង ក្នុងមួយយប់
នេះក៏ព្រោះតែនៅពេលអ្នកគេង គឺរាងកាយអាចមានពេលវេលាជួសជុលខ្លួនឯង ហើយបង្កើនការផលិតកូឡាជែនជួយរក្សាភាពក្មេងជាងវ័យនៃស្បែក។ ទោះជាយ៉ាងណាដោយសារភាពតានតឹងក្នុងអារម្មណ៍ និងជំងឺថប់បារម្ភមានមនុស្សមិនតិចទេដែលពិបាកនឹងគេងបានស្កប់គ្រប់គ្រាន់។
២. បង្កើនការទទួលទានវីតាមីន C
រាងកាយត្រូវការវីតាមីន C ដើម្បីផលិតកូឡាជែន។ នេះជាមូលហេតុដែលអ្នកគួរព្យាយាមរួមបញ្ចូលអាហារមានផ្ទុកសម្បូរវីតាមីន C ក្នុងរបបអាហារប្រចាំថ្ងៃ។
៣. ធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ការធ្វើលំហាត់ប្រាណជាប្រចាំក៏ជួយរាងកាយបង្កើនការផលិតកូឡាជែនផងដែរ។ លើសពីនេះទៅទៀតការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ថែមទាំងជួយរក្សាសុខភាពរាងកាយទប់ស្កាត់ហានិភ័យជំងឺផ្សេងៗគួរឱ្យកត់សម្គាល់។ ទោះជាយ៉ាងណាអ្នកមិនគួរធ្វើលំហាត់ប្រាណហួសកម្រិតពេកដែរ! នេះក៏ព្រោះតែការធ្វើលំហាត់ប្រាណច្រើនជាងអ្វីដែលចាំបាច់អាចពន្លឿនដំណើរការនៃភាពចាស់តាមវ័យ ខណៈដែលវាអាចបង្កើនការបង្កើតរ៉ាឌីកាល់សេរីបង្កការបំផ្លាញដល់កោសិកាស្បែកដែលមានសុខភាពល្អ។
៤. កុំរំលងតែបៃតង
សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងតែបៃតងមិនត្រឹមតែជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបំផ្លាញកោសិកាស្បែកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនការផលិតកូឡាជែនផងដែរ។ ការទទួលទានតែបៃតងពី ៣ ទៅ ៥ ពែងក្នុងមួយថ្ងៃត្រូវបានណែនាំ ប៉ុន្តែមិនសាកសមសម្រាប់អ្នកដែលប្រតិកម្មជាមួយកាហ្វេអ៊ីនឡើយ។ អ្នកចាញ់កាហ្វេអ៊ីនក៏មិនគួរទទួលទានតែបៃតងច្រើនពេកដែលចៀសវាងគេងមិនលក់។
៥. ចៀសវាងអាហារកែច្នៃ
អាហារកែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិលដែលអាចធ្វើឱ្យអ្នកមានអាការៈហើម។ អាហារប្រភេទនេះក៏ជាប្រភពនៃសារធាតុ nitrites ដែលបំផ្លាញកូឡាជែន និងភាពបត់បែនក្នុងស្បែកផងដែរ។ ការទទួលទានសាច់កែច្នៃក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងអាយុផងដែរ ដោយវាគ្មានផ្ទុកសារធាតុចិញ្ចឹមល្អៗដើម្បីទ្រង់ទ្រង់សុខភាពស្បែករក្សាភាពក្មេងជាងវ័យ។ ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ កុំទទួលទានអាហារកែច្នៃច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ៕