ដឹងទេថាអ្នកចំណាយពេលសឹងតែ ១ ភាគ ៣ នៃមួយជីវិតនៅលើគ្រែគេង។ ដូច្នេះហើយទើបការគេងនៅលើអ្វីមួយដែលមិនត្រឹមតែផ្ដល់ផាសុកភាព និងស្រួលគេងប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវតែស្អាតផងដែរនោះ គឺជារឿងសំខាន់ចំពោះអ្នក។ (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍រភិតភ័យអាចដោះស្រាយបាន) ស្រោមខ្នើយ, ភួយ និងកម្រាលពូក គឺជាអ្វីដែលប្រើប្រាស់នៅលើគ្រែគេង ហើយអ្នកគេងជាមួយរបស់ទាំងនេះគ្រប់ពេលដែលធ្វើឲ្យវាងាយនឹងប្រមូលផ្ដុំ ឬជាប់នូវញើស, ខ្លាញ់នៃស្បែក, កោសិកាងាប់ៗនៃស្បែក, ក្អែល និងភាពកខ្វក់ណាស់។ ហេតុនេះការបោកសម្អាតរបស់ទាំងនេះជាប្រចាំ គឺជាអ្វីដែលអ្នកគួរធ្វើ ដើម្បីជៀសផុតពីបញ្ហាឆ្លងមេរោគកើតជាជំងឺផ្សេងៗដូចជា រោគមុន, កន្ទួលរមាស់ និងរោគផ្សិតជាដើម។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងថាតើអ្នកគួរបោកសម្អាតស្រោមខ្នើយ, ភួយ និងកម្រាលពូកឲ្យបានញឹកញាប់ប៉ុណ្ណាទើបល្អ ៖

១. ស្រោមខ្នើយ

ស្រោមខ្នើយងាយនឹងឆាប់កខ្វក់ណាស់ ដោយសារវាតែងប៉ះផ្ទាល់ជាមួយមុខ និងសក់របស់អ្នក។ ជាធម្មតាស្បែកមុខ និងសក់ អាចផលិតនូវជាតិប្រេងច្រើន ហើយក៏មានផ្ទុកនូវភាពកខ្វក់ និងបាក់តេរីផងដែរ។ ប្រសិនបើអ្នកងាយនឹងកើតមុន នោះចូរឧស្សាហ៍បោកសម្អាតស្រោមខ្នើយរាល់សប្តាហ៍។ មិនត្រឹមតែស្រោមខ្នើយប៉ុណ្ណោះទេ ដើម្បីជាការប្រសើរអ្នកគួរផ្លាស់ប្ដូរ ឬបោកសម្អាតខ្នើយឲ្យបានយ៉ាងហោចណាស់រៀងរាល់ ៣​ ខែ ម្ដង ឬ ៣ ទៅ ៤ ដង ក្នុងមួយឆ្នាំ។

២. ភួយ

មិនដូចនឹងស្រោមខ្នើយទេ ភួយ គឺមិនចាំបាច់ត្រូវបោកសម្អាតរាល់សប្តាហ៍ឡើយ ដោយវាអាស្រ័យលើថាតើអ្នកប្រើប្រាស់វាញឹកញាប់ប៉ុណ្ណា។ ប្រសិនបើភួយមិនសូវជាប្រើទេនោះ អ្នកគ្រាន់តែបោកសម្អាតវានៅរាល់ ១ ទៅ ២ ខែ ម្ដង ក៏បានដែរ។ ប៉ុន្តែប្រសិនបើអ្នកដណ្ដប់វារាល់ពេលដែលអ្នកគេង អ្នកគួរបោកសម្អាតវារាល់សប្តាហ៍។

៣. កម្រាលពូក

លើកលែងតែក្បាលចេញ គឺរាងកាយទាំងមូលរបស់អ្នកតែងនៅជាប់ជាមួយនឹងកម្រាលពូកជានិច្ចរាល់ពេលគេង។ នេះហើយជាហេតុផលជាក់លាក់មួយដែលធ្វើឲ្យកម្រាលពូកងាយនឹងកខ្វក់។ អ្នកជំនាញជាច្រើនណែនាំ ឲ្យធ្វើការបោកសម្អាតកម្រាល់ពូករាល់សប្តាហ៍ ជាពិសេសប្រសិនបើអ្នកងាយនឹងបែកញើសច្រើននៅពេលយប់។ កម្រាលពូកដែលសើមជោគដោយញើស គឺប្រាកដជានឹងក្លាយជាកន្លែងដ៏ល្អមួយសម្រាប់ពពួកបាក់តេរី ឬមេរោគប្រមូលផ្ដុំ ហើយវាអាចបង្កជាបញ្ហាស្បែកផ្សេងៗ!

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង