ថ្លើម គឺជា​សរីរាង្គ​ដ៏​សំខាន់​មួយ ក្នុង​រាង​កាយ ហើយ​ក៏​មាន​តួនាទី ច្រើន​ណាស់​ដែរ ជា​ពិសេស ការ​ច្រោះ​ជាតិពុល​ក្នុង​ខ្លួន​តែ​ម្តង​។ ដូច្នេះ​ហើយ កាលណា​សរីរាង្គ​មួយ​នេះ រង​សម្ពាធ​ខ្ពស់​ពេក ពី​ការ​បង្ក​រោគ ឬ​ដោយសារ​ជាតិពុល​ច្រើន វា​ពិតជា​ផ្តល់​ហានិភ័យ ខ្លាំង​ណាស់​ដល់​សុខភាព​។ ដូច្នេះ ដើម្បី​បង្ការ​កុំ​ឲ្យ​មាន​ជំងឺ​លើ​ថ្លើម យក​ល្អ គួរតែ​តាមដាន និង​យកចិត្តទុកដាក់​ទៅ​លើ មុខងារ​ថ្លើម​ផង​។ ការ​យល់​ដឹង​អំពី​សញ្ញា​សំខាន់​ៗ នៃ​ការ​ខូច​ថ្លើម​នោះ អាច​ជួយ​កំណត់​រោគវិនិច្ឆ័យ​ជំងឺ​ណាមួយ បាន​ទាន់​ពេលវេលា និង​បង្ការ​បញ្ហា​ខ្សោយ​ថ្លើម​បាន​ទៀត​ផង​។

មិន​ឃ្លាន​អាហារ
អាកា​រៈ​ដំបូង​គេ​បំផុត​នៃ​បញ្ហា​ថ្លើម គឺ​ការ​មិន​ឃ្លាន​អាហារ​តែ​ម្តង​។ រាល់​ការ​ខូចខាត​ថ្លើម សុទ្ធតែ​បណ្តាល​ឲ្យ​កើនឡើង ជាតិពុល​ច្រើន​ក្នុង​រាង​កាយ ដូច្នេះ វា​ក៏​ប៉ះពាល់​ដល់​ចំណង់​អាហារ​ដែរ​។ ក្រៅពី​នេះ វា​នឹង​កាត់​បន្ថយ ការ​បឺត​ស្រូប​វីតាមីន និង​ជាតិ​រ៉ែ ដែល​នាំ​ឲ្យ​អស់កម្លាំង​បាន​។ ដូច្នេះ បើសិនជា​អ្នកមាន​អាកា​រៈ មិន​ឃ្លាន​អាហារ ច្រើន​ជាង​មួ​យស​ប្តា​ហ៍ វា​គួរតែ​ដល់​ពេល ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ហើយ​។

ចង្អោរ និង​ក្អួត
ការ​ចង្អោរ និង​ក្អួត ដែល​បណ្តាល​មក​ពី ការ​ខូច​ថ្លើម​នោះ ច្រើន​តែ​បណ្តាល​មក​ពី មាន​ជាតិពុល​ច្រើន​ជ្រុល​ក្នុង​ថ្លើម​។ ជាមួយ​គ្នា​នេះ​ដែរ បើសិនជា​អ្នក​ធ្លាប់​មាន​បញ្ហា​ក្អួត និង​ចង្អោរ​ភ្លាម ក្រោយ​ពី​ញ៉ាំ​អាហារ ឬ​ភេសជ្ជៈ​រួច វា​ក៏​ដល់​ពេល​ត្រូវ​ជួប​ពេទ្យ​ដែរ​។

ភ្នែក​ប្រែ​ពណ៌
សញ្ញា​ដ៏​សំខាន់​មួយ នៃ​ជំងឺ​រលាក​ថ្លើម​នោះ​គឺ ភ្នែក និង​ស្បែក​ទៅ​ជា​លឿង​។ យ៉ាងណាមិញ បើសិនជា​ភ្នែក​ប្រែ​ពណ៌​តែ​ម្តង ជា​ពិសេស នៅ​ពេល​ព្រឹក​ទៀត នោះ​វា​អាច​បញ្ជាក់​ថា ថ្លើម​កំពុង​តែ​ខូចខាត​ហើយ​។ ដូច្នេះ យក​ល្អ គួរតែ​តាមដាន​យ៉ាង​ប្រុង​ប្រយ័ត្ន ចំពោះ​ការ​ប្រែប្រួល ពណ៌​ភ្នែក​របស់​អ្នកផង​។

ពណ៌​ទឹកនោម​ខាប់
កាលណា​ថ្លើម​ធ្វើការ​មិន​បាន​ល្អ​ទេ វា​នឹង​មានការ​ផលិត ទឹកប្រមាត់​កាន់តែ​ច្រើន កង្វះ​អង់ស៊ីម ដើម្បី​រំលាយ​វា ដូច្នេះ វា​នឹង​បណ្តាល​ឲ្យ​កើនឡើង ពណ៌​ទឹកប្រមាត់ កាន់តែ​ច្រើន​ក្នុង​រាង​កាយ​។ ពណ៌​ទាំងនេះ ធ្លាប់តែ​មាន​បន្តិចបន្តួច តែ​ប៉ុណ្ណោះ​ក្នុង​ទឹកនោម ប៉ុន្តែ បើសិនជា​វា​មានការ​ប្រែប្រួល ពី​លឿង​តិចតួច​ទៅ​លឿង​ខ្លាំង ឬ​ខាប់​នោះ វា​ពិតជា​សញ្ញា​មួយ នៃ​ការ​ខូច​ថ្លើម​ហើយ​។ នៅ​ពេល​ភ្នែក​ទៅ​ជា​លឿង​ដែរ​នោះ វា​ក៏​ជា​សញ្ញា​មួយ​បញ្ជាក់​ថា រលាក​ថ្លើម​ដែរ​។

ឈឺពោះ និង​ហើមពោះ
ថ្លើម​ស្ថិត​នៅ​ផ្នែក​ខាងលើ និង​ខាងស្តាំ​នៃ​ពោះ ហើយ​រាល់​ការ​ឈឺចាប់ ឬ​មិន​ស្រួល​នៅ​កន្លែង​នេះ​ប្រហែលជា​សញ្ញា​ដ៏​ច្បាស់​មួយ នៃ​ការ​ខូចខាត​ថ្លើម​ខ្លះ​ហើយ​។ ក្រៅពី​នេះ ភាព​តឹង​ពោះ ក៏​អាច​បញ្ជាក់​ថា ថ្លើម​កំពុង​តែ​ហើម និង​ត្រូវការ​ពិគ្រោះ ជាមួយ​គ្រូពេទ្យ ដើម្បី​ទាត់​ចោល បញ្ហា​ថ្លើម​ធ្ងន់ធ្ងរ​ផ្សេង​ៗ​។

ហើមជើង
មែនហើយ មិនមែន​មនុស្ស​គ្រប់​គ្នា សុទ្ធតែ​ដឹង​ថា ការ​ខូច​ថ្លើម អាច​ចេញ​ជា​សញ្ញា ហើម​នៅ​ជើង​នោះ​ទេ​។ នេះ​ដោយសារ​តែ​ថ្លើម មិន​អាច​ច្រោះ​ជាតិពុល​បាន ដូច្នេះ វា​នឹង​បណ្តាល​ឲ្យ កើនឡើង​កាក​សំណល់​ក្នុង​លំហូរ​ឈាម ហើយ​កាក​សំណល់​ទាំងនេះ នឹង​កកកុញ​ក្នុង​ផ្នែក​ផ្សេង​ៗ​នៃ​រាង​កាយ ជា​ពិសេស ប្រអប់ជើង​តែ​ម្តង​។

បើសិនជា​អ្នក ចូល​ចិត្ត​ញ៉ាំ​គ្រឿង​ស្រវឹង ញ៉ាំ​អាហារ​គ្មាន​អនាម័យ ឬ​កំពុង​តែ​មាន​បញ្ហា ឡើង​លឿង​ស្បែក ឬ​មានការ​បង្ក​រោគ​នៅ​ថ្លើម អ្នក​ក៏​ងាយ​រង​នឹង​បញ្ហា​ខូច​ថ្លើម ច្រើន​ជាង​មនុស្ស​មាន​សុខភាព​ល្អ​ដែរ​។ ដូច្នេះ បើសិនជា​អ្នក​ធ្លាប់​មាន អាកា​រៈទាំង​នេះ ចូរ​ធ្វើ​យ៉ាងណា ទាក់ទង​នឹង​គ្រូពេទ្យ​ភ្លាម​៕