ប្រព័ន្ធរំលាយអាហារដើរតួនាទីយ៉ាងសំខាន់ចំពោះសុខភាពរាងកាយខណៈដែលវាទទួលខុសត្រូវសម្រាប់ការបំបែករាល់អាហារទៅជាសារធាតុចិញ្ចឹមផ្សេងៗដើម្បីរាងកាយស្រូបយក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រព័ន្ធរំលាយអាហារមិនល្អអាចបង្កជាបញ្ហាសុខភាពផ្សេងៗរួមបញ្ចូលទាំងអាការៈមួយចំនួនដូចជាទល់លាមក អស់កម្លាំងល្ហិតល្ហៃ អារម្មណ៍ប្រែប្រួលឆាប់រហ័ស ចង្អោរចង់ក្អួត និងហើមពោះជាដើម។ ប៉ុន្តែកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗថែរក្សាសុខភាពប្រព័ន្ធរំលាយអាហារ ៖
១. ទទួលទានអាហារសម្បូរជាតិសសៃ
បរិមាណខ្ពស់នៃជាតិសសៃក្នុងអាហារអាចជួយសម្អាតរាល់ជាតិពុលពីប្រព័ន្ធរំលាយអាហារដូច្នេះវានឹងអាចដំណើរការមុខងារបានកាន់តែប្រសើរ។ ការទទួលទានអាហារសម្បូរជាតិសសៃក៏ជួយរក្សាតុល្យភាពនៃបាក់តេរីសុខភាពល្អ ហើយសម្រួលដល់ដំណើរការនៃការរំលាយអាហារគួរឱ្យកតសម្គាល់។ អាហារសម្បូរជាតិសសៃអាចទប់ស្កាត់អាការៈទល់លាមកថែមទៀតផង។
២. រួមបញ្ចូលអាហារប្រូបាយអូទិកក្នុងរបបអាហារប្រចាំថ្ងៃ
ប្រព័ន្ធរំលាយអាហារមានផ្ទុកបាក់តេរីផ្សេងៗជាច្រើនទាំងល្អនិងអាក្រក់ហេតុនេះហើយទើបអ្នកចាំបាច់ត្រូវតែប្រាកដថារក្សាបាននូវតុល្យភាពនៃបាក់តេរីក្នុងពោះវៀន។ មួយក្នុងចំណោមវិធីដ៏ងាយបំផុតដើម្បីរក្សាកម្រិតនៃបាក់តេរីល្អនោះ គឺតាមរយៈការទទួលទានអាហារមានផ្ទុកជាតិប្រូបាយអូទិករួមមានយ៉ាអួរ និងគីមឈីជាដើម។
៣. ជ្រើសរើសទទួលទានសាច់គ្មានខ្លាញ់
សាច់គ្មានខ្លាញ់ គឺអាចផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាពប្រព័ន្ធរំលាយអាហារបានប្រសើរជាងសាច់ខ្លាញ់។ សាច់គ្មានខ្លាញ់អាចផ្ដល់ឱ្យរាងកាយនូវប្រូតេអ៊ីនកាន់តែច្រើនដែលអាចជួយដល់ការរំលាយអាហារ។
៤. ទំពារយឺតៗ
មួយក្នុងចំណោមមូលហេតុដទៃទៀតដែលធ្វើឱ្យអ្នកឈឺក្រពះ គឺការទទួលទានលឿន ឬញាប់។ ដូច្នេះនៅមុនពេលអ្នកលេបអាហារ ត្រូវប្រាកដថាអ្នកទំពារបានម៉ដ្ឋល្អសិនដើម្បីជួយសម្រួលដល់ដំណើរការរំលាយអាហារ។ លើសពីនេះទៅទៀត ការទទួលទានយឺតៗអនុញ្ញាតឱ្យអង់ស៊ីមផ្សេងៗក្នុងទឹកមាត់ធ្វើការបំបែក ឬជួយអាហារបានកាន់តែប្រសើរឡើង។
៥. កុំភ្លេចទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
ការរក្សាឱ្យបាននូវជាតិទឹកគ្រប់គ្រាន់ គឺសំខាន់ណាស់សម្រាប់ការរំលាយអាហារដែលនេះជាមូលហេតុដែលអ្នកត្រូវប្រាកដថាបានទទួលទានទឹកបានច្រើនគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ។ ទឹកជួយកម្ចាត់រាល់ជាតិពុលពីរាងកាយនិងសម្រួលដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ៕