កូនក្មេងគឺសុទ្ធតែត្រូវការប្រើដបទឹកដោះគោគ្រប់គ្នា ប៉ុន្តែអ្នកមិនត្រូវឲ្យកូនប្រើដបមួយក្នុងរយៈពេលយូរនោះទេ ព្រោះវាអាចប៉ះពាល់ដល់សុខភាពកូនបាន ដូចនេះតើពេលណាដែលកូនត្រូវការប្តូរដបទឹកដោះគោនោះ?
ដបដែលហួសកំណត់
មិនថារបស់ប្រើប្រាស់ ឬអាហារឡើយ វាសុទ្ធតែមានថ្ងៃផុតកំណត់ទាំងអស់ ដូចនេះដបទឹកដោះគោកូនក៏ដូចគ្នាដែរ វាមានថ្ងៃផុតកំណត់ដូចគ្នា ដូចនេះអ្នកមិនត្រូវប្រើហួសថ្ងៃរបស់វាទេ បើពុំដូច្នោះទេ កូនអាចនឹងមានបញ្ហាសុខភាពបានយ៉ាងងាយ ដូចនេះអ្នកត្រូវតែផ្លាស់ប្តូរឲ្យបានទាន់ពេលវេលា។
ដបប្រេះ
នៅពេលដែលដបទឹកដោះគោកូនប្រើយូរ ឬតែងតែធ្លាក់ វាអាចនឹងមានស្នាមប្រេះ មិនថាដបជ័រ ឬកញ្ចក់ឡើយ ដូចនេះអ្នកមិនត្រូវព្រោះតែសន្សំសំចៃថវិការ ហើយមិនប្តូរឲ្យកូនឡើយ នោះកូនអាចនឹងមានគ្រោះថ្នាក់ ដោយវាអាចធ្វើឲ្យមុតមាត់កូនបាន ដូចនេះអ្នកត្រូវតែប្តូរឲ្យកូនជាបន្ទាន់ មិនខ្វល់ថាប្រេះតិច ឬច្រើនឡើយ ទើបកូនអាចមានសុវត្ថិភាពក្នុងការបៅទឹកដោះគោរបស់គេ។
ក្នុងដបមានស្នាមលឿង
នៅពេលដែលអ្នកឆុងទឹកដោះគោយូរដោយប្រើដបតែមួយ នោះវាងាយនឹងមានស្នាមលឿងកើតឡើងណាស់នៅពេលដែលអ្នកលាងសម្អាតមិនស្អាត ដូចនេះអ្នកគួរតែប្តូរចេញឲ្យកូន ព្រោះស្នាមទាំងនេះសុទ្ធតែជាមេរោគដែលអាចធ្វើឲ្យកូនរាកបាននៅពេលដែលបៅទឹកដោះគោ ហើយថែមទាំងអាចធ្វើឲ្យកូនមានជំងឺផ្សេងៗទៀតផង៕