មិន​ខ្វល់​ថា​អ្នក​បាន​យល់​ដឹង​ច្រើន​ប៉ុណ្ណា​អំពី​ការ​មាន​ផ្ទៃពោះ ឬ​និយាយ​ជាមួយ​ស្ត្រី​ជា​ម្តាយ​ដូច​គ្នា​ច្រើន​ប៉ុណ្ណោះ​ឡើយ អ្វី​ដែល​អ្នកមាន​អារម្មណ៍​ថា​ធម្មតា ឬ​អត់​នោះ តែងតែ​អាច​ច្រឡំ​ច្រើន​ក្នុង​ពេល​មាន​ផ្ទៃពោះ​នេះឯង​។ មាន​អាកា​រៈ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មើល​រំលង​បាន​ដែល​វា​ទំនងជា​ប៉ះពាល់​ដល់​កូន​បាន​ទៀត​ផង​។

អាកា​រៈ​មួយ​នោះ​គឺ​ការ​រមាស់​ស្បែក​ខ្លាំងក្លា​តែ​ម្តង​។ បើសិនជា​រមាស់​តិចតួច វា​គ្មាន​អ្វី​ត្រូវ​បារម្ភ​ទេ ប៉ុន្តែ​បើសិនជា​រមាស់​ច្រើន​កន្លែង ឬ​ចំ​កណ្តាល​បាតជើង និង​បាតដៃ​វិញ វា​អាច​ជា​សញ្ញា​មួយ​នៃ​ជំងឺ Obstetric Cholestasis (OC) ដែល​ជា​ជំងឺ​របស់​ថ្លើម​។

ភាគច្រើន ការ​រមាស់​ស្បែក​ក្នុង​ពេល​មាន​ផ្ទៃពោះ​គឺជា​រឿង​ធម្មតា ព្រោះ​ស្បែក​មានការ​យឺត និង​ត្រូវ​ផ្ទុក​កូន​ក្នុង​ផ្ទៃ​។ ប៉ុន្តែ​នៅ​ពេល​ការ​រមាស់​បែរជា​ខ្លាំង​ទៅ​ៗ និង​រំខាន​ដល់​ការ​គេង​ពេល​យប់​ទៀត អ្នក​ប្រហែលជា​ត្រូវ​ទៅ​ជួប​ពេទ្យ​ឲ្យ​លឿន​ហើយ​។

ជំងឺ OC នេះ​មិនសូវ​កើត​មាន​ញឹកញាប់​លើ​ស្ត្រី​មាន​ផ្ទៃពោះ​ទេ​។ ការ​រមាស់​ស្បែក​ខ្លាំង​ក៏​អាច​ទាក់ទង​នឹង​ជំងឺ​មួយទៀត​ឈ្មោះ​ថា Intrahepatic Cholestasis of Pregnancy (ICP) ដែរ ដែល​ជា​ជំងឺថ្លើម​មួយ​ប្រភេទ​កើត​ឡើងជា​ពិសេស​លើ​ស្ត្រី​មាន​ផ្ទៃពោះ ដោយសារ​តែ​មានការ​រំខាន​លំហូរ​ទឹកប្រមាត់ ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​ទឹកប្រមាត់​ចូល​ទៅ​ក្នុង​ឈាម​កាន់តែ​ច្រើន​។

កាលណា​ឈាមមាន​វត្តមាន​ទឹកប្រមាត់​ខ្ពស់ វា​អាច​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ប្រឈម​បញ្ហា​កាន់តែ​ខ្ពស់ ជា​ពិសេស​សម្រាល​មិន​គ្រប់​ខែ លាមក​ព្រៃ​ចេញ ទារក​អាច​នឹង​ថប់ដង្ហើម ឬ​ពិបាក​ដកដង្ហើម និង​ស្លាប់​ក្នុង​ផ្ទៃ​ក៏​មាន​ដែរ​។ ខណៈ​ពេល​ដែល​វា​មិន​បង្ក​គ្រោះថ្នាក់​ដល់​ម្តាយ​ទេ ករណី​ខ្លះ​អាច​ធ្វើ​ឲ្យ​ធ្លាក់ឈាម​បាន​ដែរ​។

រោគ​សញ្ញា
បើសិនជា​អ្នក​សម្គាល់​ឃើញ​ថា មានការ​រមាស់​មធ្យម ទៅ​ធ្ងន់ធ្ងរ​ក្នុង​ពេល​មាន​ផ្ទៃពោះ ហើយ​បើសិនជា​កើតឡើង​លើ​ផ្នែក​ណាមួយ​នៃ​រាង​កាយ​យ៉ាង​ពិសេស​ទៀត​នោះ យក​ល្អ​គួរតែ​ទៅ​ជួប​ពេទ្យ​ដើម្បី​ពិនិត្យ​ភ្លាម​ទៅ​។ អាកា​រៈ​ផ្សេង​ៗ​ទៀត​មាន​ដូច​ជា​៖

១-ទឹកនោម​ខាប់
២-លាមក​ស្លេក
៣-អស់កម្លាំង
៤-ឈឺចាប់​នៅ​ផ្នែក​ខាងលើ និង​ខាងស្តាំ​នៃ​រាង​កាយ
៥-បាក់ទឹកចិត្ត​តិចតួច
៦-ចង្អោ
៧-ស្បែក និង​ភ្នែក​ទៅ​ជា​លឿង
តើ​ម្តាយ​គួរ​ធ្វើ​ដូច​ម្តេចទៅ​ក្រោយ​ពី​សម្រាលកូន​រួច?
ចូរ​ទៅ​ឲ្យ​ពេទ្យ​តាមដាន​សុខភាព​នៅ​រយៈពេល ៦ ទៅ​៨​ស​ប្តា​ហ៍​ក្រោយ​សម្រាល ដើម្បី​ប្រាកដ​ថា ការ​រមាស់​នោះ​បាត់​ទោ​វិញ ហើយ​ថ្លើម​ធ្វើការ​ល្អ​ធម្មតា​ហើយ​។ យ៉ាងណាមិញ​ឱកាស​នៃ​ការ​កើត​ជំងឺ OC ម្តងទៀត​នៅ​ពេល​មាន​ផ្ទៃពោះ​លើក​ក្រោយ​គឺ​ខ្ពស់​ដដែល​៕