ស្ត្រីមានតម្រូវការអាហារូបត្ថម្ភផ្សេងៗគ្នាសម្រាប់មួយដំណាក់កាលៗក្នុងជីវិត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ស្ត្រីដែលមានផ្ទៃពោះក្នុងវ័យខ្ទង់ពី ២០ ទៅ ៣០ ឆ្នាំត្រូវការអាស៊ីតហ្វូលិកដើម្បីទប់ស្កាត់បញ្ហានៃភាពមិនប្រក្រតីពីកំណើតរបស់ទារក។ ស្ត្រីដែលអស់រដូវត្រូវការវីតាមីន D និងថ្នាំគ្រាប់កាល់ស្យូមដើម្បីពង្រឹងសុខភាពឆ្អឹង។ ថាតើវីតាមីនចាំបាច់អ្វីខ្លះដែលស្ត្រីត្រូវការដើម្បីរក្សាសុខភាពល្អប្រសើរ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវីតាមីនទាំងនោះ ៖
១. វីតាមីន C
ជួយផលិតសារធាតុប្រឆាំងអុកស៊ីតកម្មក្នុងរាងកាយដែលមានប្រសិទ្ធភាពកម្ចាត់រ៉ាឌីកាល់សេរីនិងរាល់ជាតិពុល។ វីតាមីន C ក៏ចាំបាច់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយកម្ចាត់រាល់ពពួកបាក់តេរីនិងវីរុសបង្កជំងឺផ្សេងៗ។ វីតាមីននេះក៏ចាំបាច់សម្រាប់ពន្លឿនការជាសះស្បើយនិងការកកើតឡើងនូវកោសិកាគ្រាប់ឈាមក្រហមផងដែរ។
២. វីតាមីន E
ក៏ដូចនឹងវីតាមីន C ដែរ គឺសំខាន់សម្រាប់សារធាតុប្រឆាំងអុកស៊ីតកម្ម។ វីតាមីននេះជួយរក្សាភ្នាសកោសិកានិងប្រយុទ្ធប្រឆាំងជំងឺពាក់ព័ន្ធកោសិកាប្រសាទ Neuro-degenerative។ វីតាមីន E ចាំបាច់សម្រាប់ស្ត្រីដែលមានបញ្ហាពោះវផន ប៉ុន្តែនៅមុនពេលលេប ឬប្រើប្រាស់ថ្នាំគ្រាប់វីតាមីនណាមួយអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យជំនាញជាមុនសិន។ វីតាមីន E ច្រើនពេកអាចបង្កើនលទ្ធភាពនៃការហូរឈាម។
៣. វីតាមីន B6
សំខាន់សម្រាប់ដំណើរការមុខងារនៃខួរក្បាលនិងការដុតរំលាយអាហារក្នុងរាងកាយ។ កង្វះវីតាមីននេះអាចបង្កជំងឺខ្វះគ្រាប់ឈាមគួរឱ្យព្រួយបារម្ភ។ កង្វះវីតាមីន B6 មិនងាយនឹងកើតឡើងក្នុងចំណោមមនុស្សពេញវ័យឡើយ។ ទោះជាយ៉ាងណាការរក្សាឱ្យបានគ្រប់គ្រាន់ គឺនៅតែសំខាន់។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហានៃកង្វះវីតាមីន B6 កុំប្រើប្រាស់ថ្នាំគ្រាប់វីតាមីននេះដោយគ្មានវេជ្ជបញ្ជា! ចូរពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញដោយការទទួលទានលើសកម្រិតអាចបណ្ដាលឱ្យពុល។
៤. វីតាមីន B12
ចាំបាច់សម្រាប់ដំណើរការសំយោគប្រូតេអ៊ីន ការបែងចែកកោសិកាធម្មតា និងការដុតរំលាយអាហារក្នុងរាងកាយ។ កង្វះវីតាមីន B12 អាចបង្កជំងឺខ្វះគ្រាប់ឈាមក្រហមគួរឱ្យកត់សម្គាល់។ កង្វះវីតាមីននេះជាធម្មតាច្រើនកើតមានចំពោះអ្នកដែលមិនទទួលទានសាច់និងស្ត្រីដែលមកឈាមរដូវច្រើនៗ។
៥. វីតាមីន D
ជួយរាងកាយក្នុងការស្រូបយកជាតិផូស្វ័រនិងកាល់ស្យូម។ សារធាតុរ៉ែទាំងនេះចាំបាច់សម្រាប់ពង្រឹងសុខភាពឆ្អឹង។ នៅពេលរាងកាយខ្វះវីតាមីន D វានឹងចាប់ផ្ដើមស្រូបយកជាតិផូស្វ័រនិងកាល់ស្យូមពីឆ្អឹងដើម្បីផ្គត់ផ្គង់រាងកាយ។ ជាលទ្ធផលហានិភ័យនៃជំងឺពុកឆ្អឹងនឹងកើនឡើងខ្ពស់។
ប្រយ័ត្ន! ការទទួលទាននូវវីតាមីនចាំបាច់គ្រប់គ្រាន់ក្នុងរាងកាយនឹងជួយរក្សាសុខភាពល្អប្រសើរទាំងផ្លូវកាយនិងចិត្ត។ ទោះជាយ៉ាងណាត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្យជំនាញជាមុនសិនអំពីបរិមាណនិងកម្រិតនៃការប្រើប្រាស់។ កុំភ្លេចទទួលទានអាហារសុខភាពល្អនិងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ផង៕