បញ្ហាអង្គែលើរោមចិញ្ចើមអាចបណ្ដាលមកពីកត្តាមួយចំនួនរួមមានស្បែកស្ងួតពេក ស្បែកឡើងខ្លាញ់ខ្លាំង ការឆ្លងមេរោគផ្សិត ជំងឺស្បែក psoriasis ឬជំងឺតាអក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាបញ្ហានេះមិនពិបាកនឹងដោះស្រាយឡើយ! គួរធ្វើបែបណាទៅ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដោះស្រាយបញ្ហានេះ ៖
១. លាបផលិតផលផ្ដល់សំណើមជាប្រចាំ
មួយក្នុងចំណោមវិធីដ៏ងាយបំផុតដើម្បីកម្ចាត់អង្គែដែលកើតឡើងលើរោមចិញ្ចើម គឺការលាបផលិតផលផ្ដល់សំណើមលើរោមចិញ្ចើមឱ្យបានទៀងទាត់ជាប្រចាំ។ វិធីនេះគឺមានប្រសិទ្ធភាពបំផុតប្រសិនបើដើមហេតុនៃបញ្ហាអង្គែបណ្ដាលមកពីភាពស្ងួតនៃស្បែក និងជំងឺស្បែក psoriasis ឬជំងឺតាអក។ អ្នកក៏គួរចៀសវាងលាងសម្អាតមុខញឹកញាប់ពេកដែរ ហើយត្រូវជ្រើសរើសប្រើប្រាស់សាប៊ូលាងសម្អាតមុខកម្រិតស្រាល។
២. ធ្វើការដុសខាត់ឱ្យបានម្ដង ឬ ២ ដងក្នុងមួយសប្តាហ៍
ប្រមាណ ០២ដងក្នុងមួយសប្តាហ៍ ចូរធ្វើការដុសខាត់រោមចិញ្ចើមថ្នមៗដើម្បីកម្ចាត់ស្បែកដែលរបក។ អ្នកអាចលាយស្ករសជាមួយប្រេងអូលីវដើម្បីប្រើជាផលិតផលខាត់ស្បែករោមចិញ្ចើម។
៣. ប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើ
មានបញ្ហាស្បែកច្រើនណាស់ដែលអាចដោះស្រាយបានដោយការប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើស្រស់ ហើយអង្គែលើរោមចិញ្ចើមជាមួយបញ្ហាមួយក្នុងចំណោមនោះ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបជែលប្រទាលកន្ទុយក្រពើស្រស់លើរោមចិញ្ចើមសម្រាប់រយៈពេលពី ១៥ ទៅ ២០ នាទី និងលាងសម្អាតចេញឱ្យបានជ្រះស្អាតជាមួយទឹកធម្មតា។ អនុវត្តឱ្យបានទៀងទាត់ជាប្រចាំ។
៤. ប្រេងដើមតែ
ម្ដងក្នុងមួយថ្ងៃលាយប្រេងដើមតែក្នុងបរិមាណស្មើគ្នាជាមួយទឹកធម្មតា រួចលាបម៉ាស្សាលើរោមចិញ្ចើមនិងលាងសម្អាតចេញក្រោយរយៈពេលប្រមាណ ៣០ នាទី៕