មានកូនក្មេងខ្លះមិនចូលចិត្តបរិភោគអាហារ ឬបាយនោះទេ គេតែងតែរើសអាហារជានិច្ច ដោយបរិភោគមិនបានគ្រប់មុខ ដូចនេះបើគេបន្តរើសអាហារបែបនេះ កូនអ្នកអាចនឹងប្រឈមមុខនឹងជំងឺ៣ប្រភេទ។ តើមានជំងឺអ្វីខ្លះទៅ?
ជំងឺប្រព័ន្ធរំលាយអាហារ
នៅពេលដែលកូនតែងតែរើសអាហារ ហើយតែងតែមិនបរិភោគគ្រប់គ្រាន់ នោះកូនអាចនឹងងាយមានបញ្ហាពោះវៀន និងក្រពះណាស់ ដោយសារតែកូនខ្វះសារធាតុចិញ្ចឹមច្រើន ហើយក្រពះគ្មានអាហារសម្រាប់កិន ដូចនេះយូរទៅកូនអាចនឹងខូចក្រពះជាមិនខានឡើយ។
ប្រព័ន្ធការពាររាងកាយនឹងធ្លាក់ចុះ
នៅពេលដែលកូនមិនព្រមបរិភោគអាហារផ្សេងៗ នោះប្រព័ន្ធការពាររាងកាយកូននឹងមិនរឹងមាំឡើយដោយសារតែកូនខ្វះប្រូតេអ៊ីន ដូចនេះកូនអ្នកនឹងគ្មានភាពរស់រវើកដូចកូនអ្នកដទៃឡើយ ថែមទាំងគ្មានកម្លាំងទៀតផង។
ការលូតលាស់យឺត
នៅវ័យកុមារគឺជាវ័យដែលសំខាន់បំផុតក្នុងការលូតលាស់ បើនៅវ័យនេះកូនមិនព្រមបរិភោគគ្រប់មុខ នោះកូននឹងមានការលូតលាស់យឺតបំផុត ហើយថែមទាំងអាចប៉ះពាល់ដល់សុខភាពកូននៅពេលដែលកូនធំពេញវ័យទៀតផង ដោយសារតែនៅក្នុងខ្លួនកូនខ្វះសារធាតុចិញ្ចឹម និងវីតាមីនច្រើនណាស់ ជាហេតុដែលអាចធ្វើឲ្យសុខភាពកូនទ្រុតទ្រោមពីមួយថ្ងៃទៅមួយថ្ងៃដោយមិនដឹងខ្លួន៕