ក្រៅពីរបបអាហារមិនល្អ របៀបរស់នៅគ្មានសុខភាពល្អ មិនធ្វើលំហាត់ប្រាណ និងគេងមិនបានគ្រប់គ្រាន់ហើយនោះក៏នៅមានកត្តាចម្បងផ្សេងទៀតដែលបណ្ដាលឱ្យអ្នកឡើងគីឡូ ហើយមួយក្នុងចំណោមនោះ គឺអតុល្យភាពនៃអ័រម៉ូនក្នុងរាងកាយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាអ័រម៉ូនក៏ដើរតួយ៉ាងសំខាន់ក្នុងការគ្រប់គ្រងទម្ងន់ផងដែរ។ ស្ត្រីគឺងាយនឹងកើនទម្ងន់អ័រម៉ូនច្រើនជាងបុរស។ តើយើងអាចដឹងបានថាកំពុងឡើងគីឡូដោយសារអ័រម៉ូនដែរឬមិនមែនដោយរបៀបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលអាចបញ្ចាក់បានថាអ្នកកំពុងកើនទម្ងន់ដោយសារបញ្ហាអ័រម៉ូន ៖

១. អស់កម្លាំងល្ហិតល្ហៃជាប្រចាំ

អតុល្យភាពនៃអ័រម៉ូនដូចជាតេស្តូស្តេរ៉ូនទាប អ័រម៉ូនស្ត្រេស cortisol ព្រមទាំងបញ្ហាក្រពេញទីរ៉ូអ៊ីត (hypothyroidism) នឹងបណ្ដាលឱ្យអ្នកមានអារម្មណ៍អស់កម្លាំងសឹងតែគ្រប់ពេល។ ពិសេសប្រសិនបើបានសម្រាកហើយ អ្នកនៅតែមានអារម្មណ៍ថាប្រសើរឡើងបន្តិចសោះនោះវាអាចបណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូន។

២. ជាតិស្ករក្នុងឈាមឡើងខ្ពស់

កម្រិតនៃជាតិស្ករក្នុងឈាមអាចនឹងកើនឡើងនៅរាល់ពេលអ្នកទទួលទានអាហារដែលមានផ្ទុកកាប៊ូអ៊ីដ្រាតខ្ពស់។ បញ្ហានោះ គឺនៅពេលជាតិស្ករឡើងខ្ពស់ជាប្រចាំ ភាពធន់នឹងអាំងស៊ុយលីនអាចកើតឡើង។ អាំងស៊ុយលីនជាអ័រម៉ូនមួយប្រភេទដែលទទួលខុសត្រូវសម្រាប់ការបញ្ជូនជាតិស្ករក្នុងឈាមទៅកាន់កោសិកា ហើយនៅពេលកោសិកាប្រែជាធន់នឹងអាំងស៊ុយលីន ហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ ប្រាកដជាកើនឡើងខ្ពស់។

៣. ទំហំចង្កេះកើនឡើង

ប្រសិនបើអ្នកសម្គាល់ឃើញថាទំហំចង្កេះកាន់តែធំឡើងៗសូម្បីតែអ្នកបានទទួលទានតែអាហារសុខភាពល្អហើយនោះ វាអាចទៅរួចដែលអ័រម៉ូនជាកត្តាចម្បងនៃបញ្ហានេះ។ រាងកាយងាយនឹងប្រែជាធន់អាំងស៊ុយលីនតាមវ័យជ្រេទៅៗនាំឱ្យកើនទម្ងន់។ ស្ត្រីដែលជិតដល់វ័យអស់រដូវងាយនឹងជួបប្រទះនូវផលប៉ះពាល់នេះណាស់។

៤. ស្ត្រេសសឹងគ្រប់ពេល

បរិមាណនៃអ័រម៉ូន cortisol ដែលរាងកាយរបស់អ្នកកំពុងផលិតអាចរួមចំណែកដល់ការកើនទម្ងន់គួរឱ្យកត់សម្គាល់។ អ័រម៉ូន cortisol ជាអ័រម៉ូនស្ត្រេសដែលត្រូវបានផលិតឡើងនៅរាល់ពេលអ្នកមានអារម្មណ៍តានតឹង ឬថប់បារម្ភ។ បរិមាណនៃអ័រម៉ូន cortisol កាន់តែខ្ពស់រាងកាយនឹងស្តុកទុកជាតិខ្លាញ់កាន់តែច្រើននាំឱ្យកើនទម្ងន់ដែលពិបាកនឹងកម្ចាត់។

៥. ឈឺក្បាលជានិច្ច

អាការៈឈឺក្បាលក៏អាចបណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូនផងដែរពិសេសកំឡុងពេលមុន ឬក្រោយមករដូវដែលកម្រិតនៃអ័រម៉ូន estrogen ធ្លាក់ចុះទាប។ បញ្ហានោះ គឺកម្រិតទាបនៃអ័រម៉ូន estrogen បង្កើនហានិភ័យនៃការកើនទម្ងន់អ័រម៉ូនដោយដំណើរការនៃការដុតរំលាយអាហារត្រូវទទួលរងផលប៉ះពាល់។ ការទទួលទានអាហារមានផ្ទុកជាតិម្សៅក្នុងកំឡុងពេលនេះមានតែបង្កបញ្ហាដល់រាងកាយដោយរាងកាយគ្មានប្រសិទ្ធភាពបំបែកជាតិស្ករ។

ការដឹងពីអាការៈនៃការកើនទម្ងន់ដែលបណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូនអាចជួយអ្នកស្វែងរកគន្លឹះក្នុងការទប់ស្កាត់បញ្ហាមិនឱ្យកើតឡើងតាំងពីដំបូង ព្រមទាំងវិធីក្នុងការកម្ចាត់ទម្ងន់ដែលបានកើនឡើងរួចផងដែរ៕