នៅចន្លោះពេលដែលមានផ្ទៃពោះ អ្នកម្តាយមួយចំនួនគឺពិបាកគេងលក់ខ្លាំងណាស់ ដោយសារតែពោះមានលក្ខណៈធំ កូនតែងតែធាក់នៅពេលយប់ ដូចនេះតើមានវិធីអ្វីខ្លះក្នុងការធ្វើឱ្យអ្នកម្តាយអាចគេងនៅពេលយប់បានស្រួលនោះ?

បរិភោគអាហារមានតុល្យភាព

នៅពេលដែលអ្នកបរិភោគអាហារផ្សេងៗ អ្នកមិនត្រូវពិសារហួសកំណត់ឡើយ ជាពិសេសអ្នកត្រូវតែឆាប់ចូលគេង ហើយក្រោកពីព្រលឹម នោះអ្នកអាចមានដំណេកដែលល្អនៅពេលយប់បានហើយ នោះកូនក្នុងពោះនឹងឆាប់គេងដូចគ្នា វាមិនរករឿងអ្នកឡើយ។

ហាត់ប្រាណ

អ្នកអាចហាត់ប្រាណដែលធ្វើចលនាស្រាលៗបាន នោះវានឹងជួយអ្នកឱ្យគេងលក់ស្រួលនៅពេលយប់ជាមិនខានឡើយ ប៉ុន្តែមិនត្រូវធ្វើចលនាដែលធ្ងន់ៗនោះទេ ព្រោះវាអាចប៉ះពាល់ដល់អ្នក និងកូនក្នុងផ្ទៃបាន។

ប៉ូវកាលស្យូម

នៅពេលដែលអ្នកឈានដល់ដំណាក់កាលប៉ុន្មានខែជិតកើត នោះអ្នកនឹងងាយមានអាការៈរមួលក្រពើខ្លាំងណាស់ ជាហេតុដែលអាចធ្វើឱ្យអ្នករមួលក្រពើពេលដែលអ្នកគេងនៅពាក់កណ្តាលយប់ ដូចនេះបើអ្នកមិនចង់ឱ្យមានអាការៈនេះ អ្នកគួរតែបរិភោគអាហារដែលមានកាលស្យូម នោះវានឹងជួយអ្នកមិនឱ្យរមួលក្រពើឡើយ។

ហាលថ្ងៃ

នៅពេលព្រឹក អ្នកមិនត្រូវនៅតែក្នុងផ្ទះឡើយ អ្នកត្រូវតែចេញទៅហាលថ្ងៃខ្លះ ដើម្បីស្រូបយកវីតាមីនD នោះវាជាថ្នាំងងុយគេងដ៏មានប្រសិទ្ធភាពបំផុត។

ផឹកទឹកដោះគោមុនពេលចូលគេង

នៅពេលដែលអ្នកគេងមិនលក់ អ្នកអាចផឹកទឹកដោះគោក្តៅមុនពេលចូលគេងបាន ឬអ្នកអាចផឹកទឹកឃ្មុំក៏បានដែរ មួយកែវបានហើយ ព្រោះទាំងអស់នេះជាវិធីដែលមិនប៉ះពាល់ដល់សុខភាពអ្នកឡើយ ហើយអ្នកអាចគេងលក់ស្រួលបានទៀតផង។

មុនពេលគេងមិនត្រូវបរិភោគឆ្អែតពេកទេ

ប្រសិនជាមុនពេលដែលអ្នកគេង អ្នកបរិភោគឆ្អែតពេក នោះវានឹងងាយប៉ះពាល់ក្រពះអ្នកខ្លាំងណាស់ ធ្វើឱ្យអ្នកពិបាកគេងលក់បំផុត។

មើលសៀវភៅមុនពេលគេង

នៅមុនពេលដែលអ្នកចូលគេង អ្នកអាចមើលសៀវភៅមួយចំនួនបាន ប៉ុន្តែជាសៀវភៅដែលមិនធ្វើឱ្យខួរក្បាលស្មុគស្មាញ ទើបអ្នកងាយស្រួលគេងលក់បានលឿន។

បរិយាកាសក្នុងបន្ទប់

អ្នកអាចចាក់ចម្រៀងដោយបើកសម្លេងតិចៗ ​ហើយត្រូវតែបិតភ្លើងបន្ទប់កុំឱ្យភ្លឺពេក ជាងនេះទៅទៀត អ្នកអាចនិយាយប្រាប់កូនក្នុងពោះថាដល់ម៉ោងគេងហើយ នោះកូននឹងគេងតាមអ្នក ហើយមិនរករឿងក្នុងពោះឡើយ៕