អារម្មណ៍​ដំបូង​គេ​ដែល​អ្នកដឹង​ថា​ជា​ចលនា​របស់​កូន​នោះ វា​ពិតជា​រឿង​មួយ​អស្ចារ្យ​ណាស់​សម្រាប់​បទ​ពិសោធន៍​មាន​ផ្ទៃពោះ​របស់​ស្ត្រី​មាន​ផ្ទៃពោះ​។ វា​គឺជា​វិធី​ថ្មី​មួយ​នៃ​ការ​ទំនាក់ទំនង​ជាមួយ​ទារក​កំពុង​តែ​លូតលាស់​ក្នុង​ផ្ទៃ​។ បើសិនជា​អ្នកជា​ម្តាយ​ថ្មីថ្មោង​អ្នក​ពិតជា​មាន​អារម្មណ៍​អស្ចារ្យ​ណាស់​នៅ​ពេល​ដឹង​អំពី​រឿង​នេះ​។

នៅ​ត្រីមាស​ទី​ពីរ ប្រហែលជា​ខែ​ទី​៥ គ្រោងឆ្អឹង និង​សាច់ដុំ​របស់​ទារក​បាន​លូតលាស់​ហើយ​។ ការ​លូតលាស់​ថ្មី​នេះ​នឹង​ធ្វើ​ឲ្យ​គេ​អាច​ធ្វើ​ចលនា និង​ពុត​ពែន​ខ្លួន​ក្នុង​ថង់ទឹកភ្លោះ​បាន​។

ពេល​ណា​ដែល​មាន​អារម្មណ៍​ដឹង​ការ​ធ្វើ​ចលនា​របស់​ទារក​ទៅ?
អ្នក​នឹង​ចាប់ផ្តើម​មាន​អារម្មណ៍​ដឹង​ចលនា​របស់​ទារក​នៅ​ត្រីមាស​ទី​ពីរ​ឡើង​ទៅ ជា​ពិសេស​ស​ប្តា​ហ៍​ទី​១៨ ទៅ​២០​។ មួយវិញទៀត ទារក​ក៏​អាច​នឹង​ធ្វើ​ចលនា ដោយ​អ្នក​មិន​បានដឹង​ទៀត​ផង​ជា​ពិសេស​ក្នុង​ស​ប្តា​ហ៍​ទី​៧ ។

តើ​ពេល​ទារក​ធ្វើ​ចលនា ម្តាយ​មាន​អារម្មណ៍​អ្វី​ខ្លះទៅ?
នៅ​ពេល​ដំបូង​ដែល​អ្នកមាន​អារម្មណ៍​ដឹង​ចលនា​របស់​ទារក​នោះ វា​អាច​ជា​អារម្មណ៍​ឈឺ​ឈៀប​ៗ​ចេញពី​ក្រពះ និង​យល់​ថា​មាន​ពពុះ​បែក​ៗ​នៅ​ក្នុង​នោះ​ដែរ​។ តាម​ការ​សិក្សា អ្នក​ក៏​អាច​មាន​អារម្មណ៍​ដឹង​ដែរ​នៅ​ពេល​គេ​ត្អើក​។

បើសិនជា​អ្នក​មិន​មាន​អារម្មណ៍​ដឹង​ចលនា​របស់​ទារក​ក្រោយ​ពី​ដឹង​ជា​លើក​ដំបូង​ទេ ក៏​កុំ​បារម្ភ​អី​ដែរ ព្រោះ​គេ​អាច​កំពុង​តែ​គេង​។ ធម្មតា​ទារក​អាច​គេង​ប្រហែល ៦០​នាទី និង​ភ្ញាក់​រយៈពេល ៦០​នាទី​។ តើ​បើសិនជា ៦០​នាទី​ហើយ​នៅ​តែ​មិន​មាន​អារម្មណ៍​ដឹង​ចលនា​គេ​ទៀត ការ​ទៅ​ពិគ្រោះ​ជាមួយ​ពេទ្យ​ដើម្បី​ពិនិត្យ​ក៏​មិន​មាន​អ្វី​ខាតបង់​ដែរ​។

ការ​ទំនាក់ទំនង​រវាង​ម្តាយ និង​កូន
នៅ​ពេល​អ្នកមាន​អារម្មណ៍​ដឹង​ចលនា​របស់​ទារក វា​គឺជា​សញ្ញា​ដ៏​សាមញ្ញ​បំផុត​ដែល​ទារក​មាន​សុខភាព​ល្អ​។ សរសៃប្រសាទ​របស់​ទារក​បាន​លូតលាស់​នៅ​ពេល​នេះ ហើយ​អារម្មណ៍​ដឹង​សម្លេង​ក៏​កើត​មាន​ដែរ​។ ដូច្នេះ​ដោយសារ​តែ​ទារក​អាច​ស្តាប់​លឺ យក​ល្អ​គួរតែ​ចំណាយពេល​និយាយ ច្រៀង លេង​ជាមួយ​គេ ឬ​អង្អែល​គេ​ឲ្យ​បាន​រាល់ថ្ងៃ​ផង​ទៅ​៕