ការទទួលទានអាហារដោយប្រុងប្រយ័ត្ននិងបានគ្រប់គ្រាន់ គឺចាំបាច់ណាស់សម្រាប់ស្ត្រីដែលកំពុងពពោះ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាហារអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះទាំងកូនក្នុងផ្ទៃនិងស្ត្រីជាម្ដាយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារមួយចំនួនដែលស្ត្រីមានផ្ទៃពោះគួរចៀសវាង ៖
១. ម្នាស់
កំឡុងពេល ៣ ខែដំបូងនៃការមានផ្ទៃពោះ ស្ត្រីមិនគួរទទួលទានផ្លែម្នាស់ ឬទឹកម្នាស់ស្រស់ឡើយដើម្បីចៀសវាងការរលូត។ នេះក៏ព្រោះតែផ្លែម្នាស់មានផ្ទុកសារធាតុ bromelain នាំឱ្យស្បូនទន់និងបង្កការកន្ត្រាក់។
២. ផ្លែល្ហុង
ពិសេសល្ហុងខ្ចីអាចបណ្ដាលឱ្យស្ត្រីមានផ្ទៃពោះរលូតកូនបានយ៉ាងងាយ។ ការទទួលទានផ្លែឈើនេះអាចនឹងគ្រោះថ្នាក់ណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ពិសេសក្នុងកំឡុងពេល ៣ ខែដំបូង។ ល្ហុងខ្ចីមានផ្ទុកអង់ស៊ីមដែលអាចបង្កអាការៈកន្ត្រាក់និងរលូត។ ដើម្បីជាការប្រសើរអ្នកគួរចៀសវាង ឬផ្អាកទទួលទានផ្លែឈើនេះកំឡុងពេលមានផ្ទៃពោះ។
៣. ប្រូតេអ៊ីនឆៅ
សាច់ឆៅមិនល្អសោះឡើយចំពោះសុខភាពស្ត្រីមានផ្ទៃពោះដែលងាយនឹងនាំឱ្យរលូតកូន។ ប្រូតេអ៊ីនឆៅ ឬសាច់ឆៅជាធម្មតាមានផ្ទុកនូវប៉ារ៉ាស៊ីតមួយប្រភេទហៅថា Toxoplasma gondii ដែលបង្កបញ្ហារលូតកូន។
៤. ថ្លើមសត្វ
មិនថាថ្លើមត្រី ថ្លើមជ្រូក ថ្លើមគោ និងសូម្បីតែថ្លើមមាន់ គឺមិនគួរត្រូវបានទទួលទានកំឡុងពេលមានផ្ទៃពោះឡើយ។ អាហារដែលមានផ្ទុកថ្លើមដូចជាសាច់ក្រកក៏គួរត្រូវបានចៀសវាងផងដែរ។ វីតាមីន A គឺជាសារធាតុ teratogen ដែលមានក្នុងថ្លើមអាចជះឥទ្ធិពលដល់ការលូតលាស់របស់ទារកក្នុងផ្ទៃនិងអាចនាំឱ្យមានការរលូតថែមទៀត។ បរិមាណនៃវីតាមីន A ច្រើនពេកក្នុងរាងកាយអាចបង្កការខូចខាតដល់កោសិកាក្នុងគភ៌។
៥. ត្រីមួយចំនួន
ត្រីដែលមានផ្ទុកជាតិបារ៉ត គឺគ្រោះថ្នាក់ណាស់កំឡុងពេលមានផ្ទៃពោះដោយវាអាចបង្កប៉ះពាល់ទៅលើការលូតលាស់និងសុខភាពខួរក្បាលរបស់ទារក។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរចៀសឱ្យផុតពីអាហារសមុទ្រប្រភេទណាដែលមានផ្ទុកជាតិបារ៉តខ្ពស់។ ទោះជាយ៉ាងណាអ្នកអាចទទួលទានត្រីដែលមានផ្ទុកជាតិបារ៉តទាបបាន ប៉ុន្តែក្នុងកម្រិតមធ្យម។ ត្រីសាលម៉ុននិងបង្គាជាប្រភេទនៃអាហារសមុទ្រដែលមានសុវត្ថិភាពក្នុងការទទួលទានកំឡុងពេលមានផ្ទៃពោះ។
៥. តែបៃតង
ភេសជ្ជៈនេះក៏មានផ្ទុកជាតិកាហ្វេអ៊ីនដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពទារកក្នុងផ្ទៃនិងថែមទាំងជះឥទ្ធិពលចំពោះទឹកដោះក្រោយពេលសម្រាលរួចទៀតផង។ ស្ត្រីមានផ្ទៃពោះគួរកម្រិតការទទួលទានកាហ្វេអ៊ីនឱ្យតិចជាង ២០០ មីលីក្រាមក្នុងមួយថ្ងៃ ឬប្រមាណពី ២ ទៅ ៣ ពែងនៃកាហ្វេ។
សម្គាល់! អាហារមួយចំនួនខាងលើអាចចាត់ទុកជាអាហារសុខភាពល្អ ប៉ុន្តែការទទួលទានច្រើនពេក ឬខុសពេលអាចបង្កបញ្ហាដល់ទារកក្នុងផ្ទៃដែលនាំឱ្យរលូត។ អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យជំនាញបន្ថែមអំពីអាហារអ្វីខ្លះដែលគួរចៀសវាងកំឡុងពេលមានផ្ទៃពោះ៕