របបអាហារក៏ជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពសក់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើអាហារអ្វីខ្លះជួយឱ្យសក់មានសុខភាពល្អរឹងមាំ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលអ្នកគួរព្យាយាមទទួលទានដើម្បីរក្សាសុខភាពសក់ ៖
១. ការ៉ុត
ជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលនឹងជួយឱ្យសក់មានសុខភាពល្អ។ ស្បែកក្បាលរបស់យើងផលិតនូវជាតិប្រេងធម្មជាតិមួយប្រភេទហៅថា sebum ដែលចាំបាច់សម្រាប់ផ្ដល់ការរក្សាការពារសក់ពីសារធាតុគីមីគ្រោះថ្នាក់។ Sebum ក៏ជួយរក្សាសំណើមស្បែកក្បាលផងដែរ។ ហើយវីតាមីន A ជួយផលិត sebum។
២. បន្លែបៃតង
មានផ្ទុកសម្បូរទៅដោយវីតាមីន ជាតិរ៉ែ សារធាតុប្រឆាំងអុកស៊ីតកម្ម អាស៊ីតខ្លាញ់សុខភាពល្អ និងជាតិសសៃដែលចាំបាច់សម្រាប់ការលូតលាស់នៃសក់រឹងមាំសុខភាពល្អ ព្រមទាំងរក្សាការពារ។
៣. សាច់ក្រហម
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិដែកនិងស័ង្កសីដែលជួយបង្កើនការលូតលាស់នៃសក់និងរក្សាភាពរឹងមាំប្រសើរ។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានសាច់ក្រហមច្រើនពេកនិងលើសពី ២ ដងក្នុងមួយសប្តាហ៍។ អ្នកគួរបង្កើនការទទួលទានអាហារសម្បូរវីតាមីន C ផងដើម្បីជួយឱ្យរាងកាយអាចស្រូបយកជាតិដែកបានកាន់តែប្រសើរ។
៤. ត្រីសាលម៉ុន
មានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមិនត្រឹមតែល្អសម្រាប់រក្សាសុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែរាងកាយត្រូវការអាស៊ីតខ្លាញ់អូមេហ្កា ៣ ដើម្បីជួយឱ្យសក់រឹងមាំស្រស់ស្អាតផងដែរ។
៥. ទឹកដោះគោ
ជាតិកាល់ស្យូមក្នុងទឹកដោះគោមិនត្រឹមតែល្អសម្រាប់ឆ្អឹងនិងធ្មេញប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់សម្រាប់សក់ដែរ។ អ្នកអាចទទួលទានទឹកដោះគោមានជាតិខ្លាញ់ទាប ឬគ្មានជាតិខ្លាញ់តែម្ដងប្រសិនបើអ្នកចូលចិត្ត៕