ការតឹងច្រមុះនៅពេលផ្តាសាយគឺជារឿងដែលអ្នករាល់គ្នាតែងតែជួប ហើយក៏ជារឿងធម្មតាបើកើតលើខ្លួនរបស់អ្នក ប៉ុន្តែបើកើតលើខ្លួនរបស់កូន នោះវាពិបាកបន្តិចហើយ ដោយសារតែវាអាចប៉ះពាល់ដល់ការដកដង្ហើមរបស់កូន ថែមទាំងអាចធ្វើឲ្យកូនពិបាកបៅទឹកដោះគោទៀតផង ប៉ុន្តែបើកូនមានអាការៈស្រាល អ្នកអាចធ្វើតាមវិធីខាងក្រោមនេះបាន ប៉ុន្តែបើមានលក្ខណៈធ្ងន់ធ្ងរ អ្នកគួរតែនាំកូនទៅមន្ទីរពេទ្យ។ តើមានវិធីអ្វីទៅក្នុងការដោះស្រាយនៅពេលដែលមានលក្ខណៈស្រាល?

  1. អ្នកអាចយកកន្សែងក្តៅស្អំលើច្រមុះរបស់កូនបាន នោះវាអាចធ្វើឲ្យសំបោរនោះរាងទឹក នោះវានឹងអាចហៀរចេញមកក្រៅ កូននឹងអាចធូរបានខ្លះ។
  2. នៅពេលដែលកូនតឹងច្រមុះខាងឆ្វេង អ្នកអាចឲ្យគេគេងមកចំហៀងខាងស្តាំវិញ បើកូនតឹងខាងស្តាំ អ្នកអាចឲ្យកូនគេងទៅចំហៀងខាងឆ្វេងវិញ នោះការតឹងច្រមុះរបស់កូននឹងមានអាការៈរាងស្រាលបន្តិច។
  3. នៅពេលដែលកូនតឹងច្រមុះ ហើយតែងតែយំរករឿង ព្រោះគេពិបាកទ្រាំ នោះអ្នកអាចពរកូនបញ្ឈរ នោះកូននឹងមិនសូវតឹងច្រមុះទៀតទេ ហើយកូនងាយស្រួលគេងលក់ទៀតផង។
  4. នៅពេលដែលកូនតឹងច្រមុះ ហើយពិបាកក្នុងការគេង អ្នកអាចដាក់ខ្នើយឲ្យរាងខ្ពស់បន្តិច ប្រហែល៣០ដឺក្រេ នោះវានឹងអាចធ្វើឲ្យកូនមិនសូវតឹងច្រមុះដូចមុនទៀតទេ។
  5. អ្នកមិនត្រូវបើកម៉ាស៊ីនត្រជាក់ខ្លាំងពេកទេ ត្រូវតែឲ្យមានខ្យល់អាកាសបរិសុទ្ធចេញចូលខ្លះ ព្រោះបើបើកម៉ាស៊ីនត្រជាក់ខ្លាំង នោះអាការៈកូននឹងកាន់តែធ្ងន់ធ្ងរជាមិនខាន។
  6. អ្នកក៏អាចម៉ាស្សាច្រមុះរបស់កូនដែរដោយអ្នកអាចយកមេដៃ និងចង្អុរដៃរបស់អ្នកម៉ាស្សាពីលើចុះក្រោមនៅផ្នែកច្រមុះទាំងសងខាង ដោយធ្វើចលនាថ្មមៗ នោះកូននឹងអាចធូរបានខ្លះ៕