ថ្លើម គឺជាសរីរាង្គដ៏សំខាន់បំផុតមួយនៃរាងកាយដែលមានតួនាទីចម្បងកក្នុងការកម្ចាត់ជាតិពុល និងសារធាតុគីមីគ្រោះថ្នាក់ផ្សេងៗចេញពីរាងកាយ ក៏ដូចជាសរីរាង្គដទៃទៀត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលថ្លើមទទួលរងការខូចខាត មនុស្សភាគច្រើនគិតដល់ភ្លាមថាវាបណ្ដាលមកពីការទទួលទានគ្រឿងស្រវឹង ឬជាតិអាល់កុលលើសកម្រិត។ មិនខុសឡើយ ពិតណាស់ការទទួលទានគ្រឿងស្រវឹងច្រើនអាចបង្កើនហានិភ័យនៃបញ្ហាថ្លើមគួរអោយព្រួយបារម្ភ។ ទោះជាយ៉ាងណា អ្នកជំនាញផ្នែកសុខភាពបានបង្ហាញថា ថ្លើមខូចក៏អាចបណ្ដាលមកពីមូលហេតុមួយចំនួនផ្សេងទៀតដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីមូលហេតុទូទៅបំផុតក្រៅពីគ្រឿងស្រវឹងដែលបណ្ដាលអោយថ្លើមខូច ៖
១. ការទទួលទានថ្នាំច្រើនពេក
ហេតុផលដ៏សំខាន់មួយផ្សេងទៀតដែលអាចធ្វើឱ្យខូចថ្លើមនោះ គឺការទទួលទានថ្នាំច្រើនលើសពេក។ មនុស្សមួយចំនួនតែងទទួលទានថ្នាំពេទ្យដោយគ្មានវេជ្ជបញ្ជា ឬការយល់ដឹងផ្នែកវេជ្ជសាស្ត្រច្បាស់លាស់ ហើយពួកគេមិនចាប់អារម្មណ៍ដឹងទេថាការធ្វើបែបនេះ គឺផ្ដល់ផលប៉ះពាល់គួរឲ្យព្រួយបារម្ភចំពោះសុខភាពថ្លើម។
២. ការបង្ករោគ
ពពួកវីវុសនៅក្នុងបរិយាកាសអាចឈ្លានពាន ឬជ្រាតចូលក្នុងរាងកាយបាន ហើយក៏បង្កបញ្ហាដល់ថ្លើម។ នៅពេលការបង្ករោគណាមួយកើតឡើង ការរលាកនៃថ្លើមក៏អាចនឹងកើតឡើងផងដែរ ហើយការរលាកនេះជាអ្វីជាអ្វីមួយដែលកាត់បន្ថយមុខងារនៃសរីរាង្គនេះគួរអោយព្រួយបារម្ភ។ ការឆ្លងមេរោគដែលបណ្ដាលអោយថ្លើមខូច គឺមានច្រើនជាងអ្វីអ្នកធ្លាប់បានគិតទៅទៀត។ មេរោគជំងឺរលាកថ្លើមប្រភេទ A, B និង C ជាប្រភេទទូទៅបំផុតនៃបញ្ហាថ្លើមដែលបណ្ដាលមកពីការឆ្លងមេរោគ។
៣. ភាពធាត់ជ្រុល
វត្តមាននៃជាតិខ្លាញ់ច្រើនពេកក្នុងថ្លើមអាចបង្កអោយកើតមានផលវិបាកធ្ងន់ធ្ងរផ្សេងៗ រួមទាំងជំងឺខ្លាញ់រុំថ្លើម។ ហើយក្រៅពីគ្រឿងស្រវឹង ខ្លាញ់រុំថ្លើមក៏បណ្ដាលមកពីភាពធាត់ជ្រុល ឬលើសទម្ងន់ផងដែរ។
៤. ការជក់បារី
ការជក់បារីជាប្រចាំអាចបណ្ដាលឲ្យមានផលប៉ះពាល់ចំពោះសុខភាពថ្លើម ក៏ដូចជាសមត្ថភាពក្នុងការបំពេញមុខងារ។ ការជក់បារីផលិតនូវសារធាតុគីមីគ្រោះថ្នាក់ដែលបំផ្លាញកោសិកាថ្លើម និងពន្យឺតដំណើរការនៃមុខងាររបស់ថ្លើមដែលធ្វើឲ្យថ្លើមប្រែជាគ្មានប្រយោជន៍ ហើយបណ្ដាលឲ្យខ្សោយថ្លើម។ ដូច្នេះចូរព្យាយាមបញ្ឈប់ ឬកែប្រែទម្លាប់នៃការជក់បារីរបស់អ្នក ដើម្បីរក្សាបាននូវសុខភាពល្អ។
៥. ជំងឺមហារីកថ្លើម
ជំងឺមហារីកថ្លើមអាចបង្កផលប៉ះពាល់ធ្ងន់ធ្ងរជាច្រើន ហើយអ្នកមិនគួរធ្វេសប្រហែសមើលរំលងឡើយ។ យោងតាមអ្នកជំនាញខាងសុខភាពបានអោយដឹងថា កត្តាដែលបង្កើនហានិភ័យនៃជំងឺមហារីកថ្លើម មានដូចជា ការឆ្លងមេរោគថ្លើមរយៈពេលយូរ, ភាពធាត់ជ្រុល, ជំងឺទឹកនោមផ្អែមប្រភេទទី ២ និងការទទួលទានគ្រឿងស្រវឹងលើសកម្រិត។
៦. បញ្ហាប្រព័ន្ធភាពស៊ាំប្រឆាំងនឹងខ្លួនឯង (Autoimmune Issues)
ពេលខ្លះបញ្ហាថ្លើមខូចក៏អាចបណ្ដាលមកពីប្រព័ន្ធភាពស៊ាំរបស់មនុស្សម្នាក់ៗផងដែរ។ ជាឧទាហរណ៍ងាយៗនៃបញ្ហាថ្លើមខូចដែលបណ្ដាលមកពីប្រព័ន្ធភាពស៊ាំរាងកាយហៅថា ជំងឺរលាកថ្លើមដោយប្រព័ន្ធភាពស៊ាំ (Autoimmune hepatitis) ។
៧. កង្វះនៃលំហាត់ប្រាណ
ការហាត់ប្រាណ គឺចាំបាច់សម្រាប់មនុស្សគ្រប់រូបដែលចង់ទទួលបានសុខភាពល្អទាំងផ្នែកខាងក្នុង និងខាងក្រៅនៃរាងកាយ។ កង្វះនៃលំហាត់ប្រាណ ក៏អាចបង្កើតជាតិខ្លាញ់ច្រើនលើសជុំវិញថ្លើមដែលនឹងបណ្តាលឲ្យថ្លើមទទួលរងការរលាក ហើយកោសិកាត្រូវបំផ្លាញ។ ត្រឹមការធ្វើលំហាត់ប្រាណបែបស្រាលៗធម្មតាឲ្យបានជាប្រចាំ គឺគ្រប់គ្រាន់នឹងរក្សាបាននូវថ្លើមដែលមានសុខភាពល្អហើយ មិនចាំបាច់ត្រូវលើកទម្ងន់ ឬអាវ៉ង់ ឡើយ។
៨. តំណពូជ
ហ្សែនមួយចំនួនអាចត្រូវបានចម្លងពីឪពុក ឬម្ដាយទៅកាន់កូនៗដែលបង្កើនហានិភ័យនៃបញ្ហាសុខភាពណាមួយដែលអាចនឹងកើតមានឡើងនៅថ្ងៃខាងមុខមិនយូរមិនឆាប់ឡើយ។ ហើយជួនកាលបញ្ហាថ្លើមខូចក៏អាចបណ្ដាលមកពីកត្តាហ្សែនដែរ៕