គ្រាប់ឪឡឹក គឺមានប្រភពចេញពីផ្លែឪឡឹក ហើយជាធម្មតាគ្រាប់ឪឡឹកមាន ២ ពណ៌ គឺ ខ្មៅ និង ស ។ ទោះជាយ៉ាងណាអ្នកគួរជ្រើសរើសបរិភោគគ្រាប់ឪឡឹកដែលមានពណ៌ខ្មៅឲ្យបានច្រើនជាង ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម រួមទាំងសារធាតុចិញ្ចឹមជាច្រើនដែលល្អចំពោះសុខភាព។(អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍រភិតភ័យអាចដោះស្រាយបាន) អ្នកអាចទទួលទានគ្រាប់ឪឡឹកទាំងឆៅជាមួយនឹងសាច់របស់វា ឬយកគ្រាប់ឪឡឹកទៅលីងសិន ហើយសឹមយកមកញ៊ាំក៏បាន។ អត្ថបទខាងក្រោមនឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍ល្អៗស្មានមិនដល់មួយចំនួននៃគ្រាប់ឪឡឹកចំពោះសុខភាពរាងកាយ ក៏ដូចជាសម្រស់ ៖

១. សុខភាពសក់

គ្រាប់ឪឡឹក គឺមានផ្ទុកជាតិដែក, ប្រូតេអ៊ីន, ជាតិទង់ដែង និងម៉ាញ៉េស្យូម ក្នុងកម្រិតខ្ពស់ដែលធ្វើឲ្យវាអាចផ្ដល់ផលល្អប្រសើរមែនទែនចំពោះសុខភាពនៃសក់។ ប្រូតេអ៊ីន គឺជាធាតុសំខាន់មួយជួយក្នុងការលូតលាស់នៃសក់ ដូច្នេះហើយទើបគ្រាប់ឪឡឹក គឺជាអាហារ សម្រន់សំខាន់មួយសម្រាប់អ្នកដែលមានបញ្ហាសក់ជ្រុះ ឬសក់ស្ដើង។  រីឯជាតិម៉ាញ៉េស្យូមវិញ គឺជាធាតុចាំបាច់មួយជួយរក្សាឲ្យសក់មានសភាពរឹងមាំ និងបង្ការបញ្ហាបែកចុង។ ខណៈដែលជាតិទង់ដែង គឺដើរក្នុងការផលិតមេឡានីនដែលផ្ដល់ពណ៌ដល់សក់ និងធានាបានថាសក់មានសភាពភ្លឺរលាស់ស្រស់ស្អាត។

២. បង្កើនភាពមានកូនបានរបស់បុរស

ជាតិស័ង្កសីដែលមានផ្ទុកក្នុងគ្រាប់ឪឡឹក គឺមានសារៈសំខាន់ណាស់សម្រាប់ប្រព័ន្ធបន្តពូជរបស់បុរស។ ជាតិស័ង្កសីជួយក្នុងការបង្កើនគុណភាពមេជីវិតឈ្មោលរបស់បុរសដែលគ្មានកូន។ លើសពីនេះទៅទៀត គ្រាប់ឪឡឹកក៏ជាប្រភពដ៏ល្អនៃម៉ង់ហ្គាណែស ហើយបើយោងតាមមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland កម្រិតម៉ង់ហ្គាណែសតិចតួចក៏អាចរួមចំណែកដល់ការដោះស្រាយបញ្ហាគ្មានកូនបានផងដែរ។

៣. កាត់បន្ថយកម្រិតសម្ពាធឈាម

សារធាតុចិញ្ចឹមដូចជា ប៉ូតាស្យូម, ម៉ាញ៉េស្យូម និងអាស៊ីតអាមីណូជាក់លាក់ដែលមានវត្តមានក្នុងគ្រាប់ឪឡឹក គឺអាចជួយបង្កើនសុខភាពបេះដូង។ អាមីណូអាស៊ីត Arginine និងអាស៊ីតខ្លាញ់អូមេហ្គា ៦ ដែលមានក្នុងគ្រាប់ឪឡឹក គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងការបន្ថយសម្ពាធឈាម។ រីឯប៉ូតាស្យូមវិញ គឺមានប្រសិទ្ធិភាពកាត់បន្ថយសម្ពាធលើប្រព័ន្ធសរសៃឈាមបេះដូងនិងគ្រប់គ្រងសម្ពាធឈាម។

៤. ផ្ដល់ជាតិខ្លាញ់ល្អៗចំពោះរាងកាយ

អ្វីដែលអស្ចារ្យបំផុតដែលទាក់ទងនឹងគ្រាប់ឪឡឹក គឺបរិមាណនៃជាតិខ្លាញ់ដែលវាមានផ្ទុក។ ក្រៅពីខ្លាញ់សុខភាពល្អ និងជាតិខ្លាញ់ឆ្អែតហើយនោះ គ្រាប់ឪឡឹកក៏មានផ្ទុកនូវខ្លាញ់polyunsaturated, ខ្លាញ់ monounsaturated fats និងអាស៊ីតខ្លាញ់អូមេហ្គា ៦ ផងដែរ។សមាគមន៍បេះដូងអាមេរិកបានរាយការណ៍ថាខ្លាញ់ polyunsaturated និង mono ជួយក្នុងការបន្ថយកូឡេស្តេរ៉ូក្នុងឈាម ខណៈដែលអាស៊ីតខ្លាញ់អូមេហ្គា ៦ អាចជួយបន្ថយសម្ពាធឈាមដែលឡើងខ្ពស់។

៥. សុខភាពស្បែក

គ្រាប់ឪឡឹកមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងជាតិខ្លាញ់សុខភាពល្អផ្សេងៗទៀត ដែលផ្ដល់អត្ថប្រយោជន៍យ៉ាងប្រសើរដល់ស្បែក។ ការទទួលទានគ្រាប់ផ្លែឪឡឹកជាប្រចាំអាចជួយធ្វើឲ្យស្បែករក្សាបាននូវជាតិសំណើមទន់រលោង ជៀសផុតពីបញ្ហាស្បែកស្រអាប់ថែមទៀតផង។ លើសពីនេះទៅទៀត សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងគ្រាប់ឪឡឹកនឹងជួយក្នុងការកាត់បន្ថយរូបរាងនៃស្នាមជ្រីវជ្រួញ, ស្នាមខ្សែ ក៏ដូចជាស្នាមអ៊ុចជាំ និងបញ្ហាលេងឡើងនៃរោគមុនផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង