តាម​ការ​សិក្សា​ថ្មី​មួយ​ដែល​ធ្វើ​ឡើង​ដោយ​អ្នក​ស្រាវជ្រាវ​នៃ​សាកលវិទ្យាល័យ California បាន​រក​ឃើញ​ថា ម្តាយ​ដែល​បំបៅ​ដោះ​កូន ​គឺ​បាន​បញ្ជូន​ចំនួន​បាក់តេរី​ល្អ​ៗ​តាម​រយៈ​ទឹកដោះ​ទៅ​ឲ្យ​ទារក​។ បាក់តេរី​នេះ​ដែរ​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​សារធាតុ​ដ៏​សំខាន់​ក្នុង​ការ​បង្កើន​ប្រព័ន្ធ​ការពារ​របស់​ពោះវៀន​ទារក​។ ក្នុង​រយៈពេល​មួយ​ខែ​ដំបូង​ក្រោយ​កើត ទារក​ទទួល​បាន​បាក់តេរី​ក្នុង​ពោះវៀន​ពី​ទឹកដោះ​ម្តាយ ២៥​ភាគរយ និង​ស្បែក​នៅ​ជុំវិញ​ក្បាលដោះ​ប្រមាណ ១០​ភាគរយ​ទៀត​។ បាក់តេរី​របស់​ពោះវៀន​នឹង​ជួយ​គេ​ការពារ​រាង​កាយ​ពី​ជំងឺហឺត និង​អា​ឡែ​ហ្ស៊ី​។

វេជ្ជបណ្ឌិត Grace Aldrovandi នៃ​សាកលវិទ្យាល័យ California Los Angeles’ Pediatrics Department និយាយ​ថា «​ចាប់តាំងពី​សិក្សា​លើ​សត្វ​មក យើង​បានដឹង​ថា បាក់តេរី​ត្រូវ​បាន​ផលិត​ក្នុង​ដំណាក់កាល​ដំបូង និង​មាន​ប្រសិទ្ធភាព​យូរ​សម្រាប់​ពេលវេលា​ដ៏​សំខាន់​។ ហើយ​វា​ក៏​អាច​ផ្តល់​ផល​ល្អ​កាន់តែ​ច្រើន និង​មាន​លក្ខណៈ​ខុស​ៗ​គ្នា​ដែរ​។ អស់​រយៈពេល​យូរ​មក​ហើយ​ដែល​យើង​បានដឹង​អំពី​អត្ថប្រយោជន៍​របស់​ទឹក​ម្តាយ​។ យើង​បាន​រក​ឃើញ​លាមក​របស់​ទារក​មាន​បាក់តេរី​ដែល​ខុស​គ្នា​ពី​បាក់តេរី​ដែល​មាន​ក្នុង​ម្សៅ​ទឹកដោះគោ​។ ការ​សិក្សា​របស់​យើង​បាន​បញ្ជាក់​ថា សង្គម​បាក់តេរី​ដែល​មាន​ក្នុង​ទឹកដោះ​ម្តាយ​មាន​ប្រយោជន៍​ដល់​ការ​លូតលាស់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​ទារក​» ។

ការ​សិក្សា​នេះ​ក៏​បញ្ជាក់​ទៀត​ថា ការ​បំបៅ​ដោះ​ម្តាយ​នឹង​ជួយ​ការពារ​ទារក​ពី​បញ្ហា​អា​ឡែ​ហ្ស៊ី ជំងឺ​នៅ​ផ្លូវដង្ហើម និង​ការ​បង្ក​រោគ​នៅ​ក្រពះ​ពោះវៀន បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​រ៉ាំរ៉ៃ ដូច​ជា​ជំងឺ​ទឹកនោមផ្អែម ធាត់​ជ្រុល និង​រលាក​ពោះវៀន​ជាដើម​។

ការ​បំបៅ​ដោះ​កូន​គឺជា​រឿង​ល្អ​បំផុត​សម្រាប់​ម្តាយ​និង​កូន​។ ម្តាយ​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​បំបៅ​ដោះ​កូន​រហូត​ដល់ ៦​ខែ និង​បន្ត​រហូត​ដល់​គេ​អាយុ​បាន ១២​ខែ​៕