ដឹងទេថាអ្នកគួរចៀសវាង ឬគួរញ៊ាំអាហារអ្វីខ្លះនៅពេលជួបប្រទះបញ្ហាឈឺបំពង់ក? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អាហារមួយចំនួនអាចបណ្ដាលអាការៈឈឺចាប់កាន់តែខ្លាំងក្លាឡើងនោះការដឹងពីអ្វីដែលគួរ ឬមិនគួរទទួលទានគឺចាំបាច់ណាស់។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលគួរទទួលទាន ឬត្រូវចៀសវាងកំឡុងពេលឈឺបំពង់ក ៖

  • អាហារគួរទទួលទាន

១. ក្រូចឆ្មារនិងទឹកឃ្មុំ

ការរួមបញ្ចូលគ្នារវាងទឹកឃ្មុំនិងក្រូចឆ្មារ គឺមានប្រសិទ្ធភាពណាស់សម្រាប់ព្យាបាលអាការៈឈឺបំពង់កដោយវាជួយកាត់បន្ថយការរលាក។ អ្នកអាចលាយទឹកឃ្មុំ ១ ស្លាបព្រាពេញ និងទឹកក្រូចឆ្មារស្រស់ជាមួយទឹកក្ដៅឧណ្ហ ១ កែវ កូរអោយសព្វ សឹមទទួលទានអោយបានញឹកញាប់រហូតដល់អាការៈធូរស្បើយ។

២. ស្ពៃក្ដោបឆ្អិន

ស្ពៃក្ដោបមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់ដែលនឹងជួយឱ្យអ្នកឆាប់ជាសះស្បើយមិនត្រឹមតែបំបាត់ឈឺកប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយធំ និងសូម្បីតែក្អក។ អ្នកអាចឆាស្ពៃក្ដោបជាមួយប្រេងអូលីវ រួចរោយរមៀតម៉ដ្ឋពីលើបន្តិច។

៣. ទឹក

ដើម្បីឆាប់ជាសះស្បើយ ការរក្សាជាតិសំណើមក្នុងបំពង់ក គឺពិតជាសំខាន់ណាស់។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរទទួលទានទឹកអោយបានច្រើនគ្រប់គ្រាន់។

៤. ចេកក្រឡុក

ជាប្រភពដ៏ប្រសើរនៃជាតិសសៃ វីតាមីន C និងសារធាតុចិញ្ចឹមសំខាន់ផ្សេងទៀតដែលជួយព្យាបាលអាការៈឈឺបំពង់ក ក្អក និងផ្ដាសាយ។

៥. តែ

មិនថាតែស ខ្មៅ អូឡុង ឬតែបៃតង គឺសុទ្ធតែមានប្រសិទ្ធភាពជួយពន្លឿនរយៈពេលជាសះស្បើយនៃអាការៈឈឺបំពង់ក។

៦. ខ្ញី

ខ្ញីមានលក្ខណៈសម្បត្តិប្រឆាំងការរលាក និងបាក់តេរី ដូច្នេះការទទួលទានតែខ្ញី គឺជួយឲ្យអ្នកឆាប់ជាសះស្បើយ។ អ្នកអាចទទួលទានតែខ្ញីបានផងដែរ។

  • អាហារគួរចៀសវាង

១. ផ្លែឈើរសជាតិជូរ

នោះក៏ព្រោះតែផ្លែឈើរសជាតិជូរ ពិសេសផ្លែម្នាស់ ស្ត្របឺរី ស្វាយ ក្រូច ទំពាំងបាយជូរ គឺមានផ្ទុក
ជាតិអាស៊ីតខ្ពស់ដែលអាចនឹងធ្វើអោយបំពង់ករមាស់ឈឺកាន់តែខ្លាំង។

២. ប៉េងប៉ោះ

ប៉េងបោះក៏មានផ្ទុកជាតិអាស៊ីតខ្ពស់ដែលមិនល្អសម្រាប់បំពង់កដែលកំពុងឈឺផងដែរ។ 

៣. អាហារហឹរ

ការទទួលទានអាហារហឹរកំឡុងពេលឈឺបំពង់កនឹងធ្វើអោយអាការៈឈឺចាប់កាន់តែខ្លាំងក្លាឡើង។ដូច្នេះដើម្បីជាការប្រសើរចូរចៀសវាងទទួលទានអាហារប្រភេទនេះមួយរយៈសិន។

៤. អាហាររឹង

អាហាររឹង ឬស្រួយអាចធ្វើអោយការឈឺចាប់កាន់តែកើនឡើងខណៈដែលវាបង្កការកកិតខ្លាំងនឹងបំពង់ក។ការទទួលទានអាហារប្រភេទនេះក៏ធ្វើអោយអាការៈឈឺបំពង់កយូរជាសះស្បើយផងដែរ។

៥. កាហ្វេនិងគ្រឿងស្រវឹង

ភេសជ្ជៈទាំងពីរនេះមិនត្រឹមតែអាចបង្កការរលាកបន្ថែមលើបំពង់ក ប៉ុន្តែក៏ធ្វើអោយរាងកាយខ្វះជាតិទឹកដែលនឹងធ្វើអោយស្ថានភាពកាន់តែអាក្រក់ឡើង។ ដើម្បីជាការប្រសើរចូរចៀសវាងទទួលទានមួយ
រយៈសិន៕