ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថារបបអាហារសម្បូរជាតិដែកចាំបាច់យ៉ាងណាចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព  Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរព្យាយាមរួមបញ្ចូលអាហារសម្បូរជាតិដែកក្នុងរបបអាហារប្រចាំថ្ងៃ ៖

១. វាជួយផលិតកោសិកាគ្រាប់ឈាមក្រហមដែលជួយដឹកជញ្ជូនអុកស៊ីសែនពីសួតទៅកាន់រាល់ជាលិកានិងសរីរាង្គ។ ជាតិដែកមិនត្រឹមតែជួយក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហមប៉ុណ្ណោះទេ ប៉ុន្តែក៏ក្លាយជាផ្នែកមួយនៃកោសិកាគ្រាប់ឈាមក្រហមផងដែរ។

២. វាជួយទប់ស្កាត់ជំងឺខ្វះគ្រាប់ឈាមក្រហមដោយកង្វះជាតិដែក។ ជាតិដែកទទួលទានខុសត្រូវចំពោះការផលិតអេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនមួយក្នុងកោសិកាឈាមក្រហមដើម្បីដឹកនាំអុកស៊ីសែនទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ប្រសិនបើអ្នកមិនអើពើ បញ្ហានៃកង្វះជាតិដែកអាចនឹងប្រែជាជំងឺខ្វះគ្រាប់ឈាម ហើយបង្កផលប៉ះពាល់គួរឱ្យព្រួយបារម្ភ។

៣. ផ្ដល់ថាមពលបន្ថែមដល់រាងកាយ។  នោះក៏ព្រោះតែរាងកាយខ្វះជាតិដែកក្នុងការផលិតប្រូតេអ៊ីនអេម៉ូក្លូប៊ីនក្នុងកោសិកាឈាមក្រហមដែលទទួលខុសត្រូវលើការដឹកនាំអុកស៊ីសែនពីសួតទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ហើយនៅពេលរាងកាយខ្វះអេម៉ូក្លូប៊ីនវានឹងមិនអាចបញ្ជូនអុកស៊ីសែនគ្រប់គ្រាន់ទៅកាន់សាច់ដុំនិងជាលិកាដែលជាហេតុនាំអោយអ្នកអស់កម្លាំងល្ហិតល្ហៃខុសធម្មតា។ 

៤. បង្កើតអង់ស៊ីមដែលជួយសម្រួលដល់ប្រតិកម្មគីមីគ្រប់ប្រភេទដែលកំពុងកើតឡើងនៅក្នុងរាងកាយ។ អង់ស៊ីមជួយក្នុងការផលិតកោសិកាថ្មី អរម៉ូន និងអាស៊ីតអាមីណូ។

៥. វាជួយរក្សាអត្រានៃចង្វាក់បេះដូង ខណៈដែលចង្វាក់បេះដូងលោតខុសធម្មតាក៏ជារោគសញ្ញាមួយនៃបញ្ហាខ្វះជាតិដែកផងដែរ។ នេះក៏ព្រោះតែរាងកាយមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ហើយបេះដូងត្រូវធ្វើការខ្លាំងជាងមុនដើម្បីដឹកជញ្ជូនអុកស៊ីសែនទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ជាលទ្ធផលនៃបញ្ហាបេះដូងលោតញាប់ខុសធម្មតា។ បន្ទុកខ្លាំងហួសលើបេះដូង គឺមិនល្អសោះឡើយជាពិសេសសម្រាប់អ្នកដែលមានបញ្ហាបេះដូងណាមួយស្រាប់។

៦. ជាតិដែកក៏ដើរតួនាទីយ៉ាងសំខាន់បំផុតមួយក្នុងការពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។ ដូច្នេះប្រសិនបើរាងកាយមិនទទួលបានជាតិដែកគ្រប់គ្រាន់ទេនោះប្រព័ន្ធភាពស៊ាំក៏ទទួលរងឥទ្ធិពល។ ហើយប្រព័ន្ធភាពស៊ាំខ្សោយងាយឱ្យអ្នកឆ្លងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយណាស់។

  • ប្រភពដ៏ប្រសើរនៃជាតិដែករួមមាន ៖

១. បន្លែបៃតង

មិនត្រឹមតែជាប្រភពដ៏ប្រសើរនៃជាតិដែកប៉ុណ្ណោះទេ ប៉ុន្តែបន្លែបៃតងក៏មានផ្ទុកសម្បូរទៅដោយអាស៊ីត folic ជាតិសសៃ និងវីតាមីន C រួមទាំងវីតាមីនច្រើនផ្សេងទៀតដែលចាំបាច់សម្រាប់សុខភាពផងដែរ។

២. សណ្ដែកខ្មៅ

មានផ្ទុកសម្បូរទៅដោយជាតិដែក ក៏ដូចជាជាតិសសៃនិងប្រូតេអ៊ីន។ សណ្ដែកខ្មៅផ្ដល់ថាមពលដល់រាងកាយក្នុងទម្រង់ជាជាតិម្សៅដែលធ្វើឱ្យវាក្លាយជាប្រភពនៃកាបូអ៊ីដ្រាតល្អដែលប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែម ឬអ្នកដែលកំពុងមានបញ្ហាជាតិស្ករក្នុងឈាមឡើងខ្ពស់។

៣. គ្រាប់ធញ្ញជាតិ

ក៏ជាប្រភពធម្មជាតិដ៏ល្អបំផុតមួយនៃជាតិដែក។ ទោះជាយ៉ាងណាអ្នកមិនគួរទទួលទានច្រើនជាងមួយក្ដាប់ដៃពេញក្នុងមួយថ្ងៃឡើយ។

៤. ស៊ុត

ក្រៅពីមានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពល្អហើយនោះ ស៊ុតក៏ជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិដែកផងដែរ។ បរិមាណខ្ពស់នៃជាតិដែកក្នុងស៊ុតជួយក្នុងការបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហមទប់ស្កាត់ហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហម។

៥. អាហារសមុទ្រ

ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែនិងសារធាតុចិញ្ចឹមសំខាន់ៗ ក៏ដូចជាប្រូតេអ៊ីន វីតាមីន អាស៊ីតខ្លាញ់អូមេហ្គា ៣ ពិសេស គឺជាតិដែកដែលធ្វើអោយការទទួលទានគ្រឿងសមុទ្រនេះអាចជួយរាងកាយក្នុងការបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហម។

៦. សណ្ដែកខៀវ

ក្រៅពីជាប្រភពដ៏ល្អបំផុតមួយនៃប្រូតេអ៊ីននិងជាតិសសៃហើយនោះ ស​​​ណ្ដែកខៀវក៏មានផ្ទុកជាតិដែកខ្ពស់ដែលចាំបាច់សម្រាប់រក្សាសុខភាពរាងកាយទាំងមូលពិសេសទប់ស្កាត់បញ្ហាខ្វះគ្រាប់ឈាមក្រហម។

៧. សាច់គ្មានខ្លាញ់

អ្នកអាចដោះស្រាយបញ្ហាខ្វះគ្រាប់ឈាមក្រហមបានយ៉ាងឆាប់រហ័សតាមរយៈការទទួលទានសាច់គ្មានខ្លាញ់ ជាពិសេសសាច់ក្រហមក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយជាតិដែក។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរ អ្នកគួរទទួលទានសាច់លាយជាមួយនឹងបន្លែបៃតងផ្សេងៗ។ ការទទួលទានសាច់គ្មានខ្លាញ់ក៏ផ្ដល់អោយរាងកាយនូវប្រូតេអ៊ីន ម៉ាញ៉េស្យូម ផូស្វ័រ ស័ង្កសី វីតាមីន B1 b6 និងវីតាមីន B12 ផងដែរ។

៨. ផ្សិត

ធ្លាប់ដឹងទេថាផ្សិតក៏ជាប្រភពដ៏ប្រសើរនៃជាតិដែកដែលចាំបាច់ក្នុងដំណើរការបង្កើតកោសិកាគ្រាប់ឈាមក្រហម? ដូច្នេះកុំភ្លេចរួមបញ្ចូលវាក្នុងរបបអាហារប្រចាំថ្ងៃ។

៩. គ្រាប់ល្ពៅ

ត្រឹមតែ ២៨ ក្រាមនៃគ្រាប់ល្ពៅមានផ្ទុកជាតិដែកដល់ទៅ ៤.២ មីលីក្រាមឯណោះដែលស្មើនឹង ២៣ ភាគរយនៃតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់រាងកាយ។ ម្យ៉ាងវិញទៀតគ្រាប់ល្ពៅក៏ជាប្រភពដ៏ប្រសើរនៃជាតស័ង្កសី វីតាមិន K ម៉ង់កាណែសនិងម៉ាញ៉េស្យូមដែលចាំបាច់សម្រាប់សុខភាពរាងកាយផងដែរ៕