ទារក​ក្នុង​ផ្ទៃ​ត្រូវ​បាន​ចិញ្ចឹម​ដោយ​ជីវជាតិ អុក​ស៊ី​សែន និង​អ្វី​ៗ​ផ្សេង​ទៀត​សម្រាប់​ការ​លូតលាស់​ជាប់​រហូត​។ ថ្វីបើ​ទារក​កំពុង​តែ​ទទួល​បាន​អុក​ស៊ី​សែន​ខណៈ​ពេល​កំពុង​តែ​នៅ​ក្នុង​ផ្ទៃ​ក៏​ដោយ ក៏​គេ​មិន​អាច​ដកដង្ហើម​បាន​ដូច​យើង​ដែរ​។ សម្រាប់​សួត​របស់​ទារក​វិញ​ចាប់ផ្តើម​លូតលាស់​បាន​លុះត្រាតែ​គេ​អាយុ​បាន ១២​ស​ប្តា​ហ៍​។ ក្នុង​ពេល​នេះ​ដែរ ក្លែប​សួត​ខាងស្តាំ​និង​ឆ្វេង​ចាប់ផ្តើម​លូតលាស់ និង​មានការ​កន្ត្រាក់​តិចតួច​ដែរ​។ ថ្វីបើ​ការ​កន្ត្រាក់​នេះ​មិន​អាច​ឲ្យ​ទារក​ដកដង្ហើម​បាន​ក៏​ដោយ​ក៏​វា​អាច​ជួយ​ឲ្យ​លូតលាស់​ដល់​សាច់ដុំ​ទ្រូង​បាន​ដែរ​។

នៅ​ពេល​ស្ត្រី​មាន​ផ្ទៃពោះ​ពរ​ពោះ​បាន ១៥​ស​ប្តា​ហ៍​ពេញលេញ អ្នក​អាច​នឹង​សម្គាល់​ដឹង​ចលនា​នៃ​ការ​ដកដង្ហើម​របស់​កូន​ហើយ​។ រឿង​នេះ​មិនមែន​មាន​ន័យ​ថា ទារក​កំពុង​តែ​ទទួល​បាន​អុក​ស៊ី​សែន​ពី​សួត​របស់​ពួក​គេ​ទេ ប៉ុ​ន្តេ​អុក​ស៊ី​សែន​ដែល​គេ​ទទួល​បាន​គឺ​ចេញពី​ម្តាយ​ទៅ​វិញ​ទេ​តាម​រយៈ​ទងសុក​។

ចលនា​នៃ​ការ​ដកដង្ហើម​អាច​នឹង​ត្រូវការ​ពេល​យូរ​ព្រោះថា សាច់ដុំ​សួត​ត្រូវការ​លំ​ហាត់ប្រាណ ដើម្បី​ត្រៀមលក្ខណៈ​រួច​ជា​ស្រេច​មួយ​សម្រាប់​ធ្វើការ​ពេញ​មួយ​ជីវិត​ក្រោយ​ពី​កើត​។ នៅ​ពេល​ស្ថិត​ក្នុង​ផ្ទៃ​ម្តាយ ថង់​ទងសួត​របស់​ទារក​គឺ​ពោរពេញ​ទៅ​ដោយ​ទឹក​ដែល​វា​ធ្វើ​ឲ្យ​កាន់តែ​ពិបាក​សម្រាប់​ទារក​ទទួល​បាន​សាច់ដុំ​ទ្រូង​រឹង​មាំ​។ ពេល​ឈាន​ដល់​ត្រីមាស​ទី​២ ចលនា​នៃ​ការ​ដកដង្ហើម​នឹង​កើនឡើង ហើយ​ទារក​ក៏​កំពុង​តែ​បង្កើត​សាច់ដុំ​សួត​ផង​ដែរ​។ នៅ​ត្រីមាស​ទី​៣ ការ​ដកដង្ហើម​នឹង​ក្លាយទៅជា​មុខងារ​ដ៏​សំខាន់​បំផុត ហើយ​ក៏​ជា​ការ​ហាត់ប្រាណ​ដ៏​សំខាន់​សម្រាប់​គេ​ដែរ​។

ទោះបីជា​យ៉ាងណា​ក៏​ដោយ ទារក​ក្នុង​ផ្ទៃ​មិន​អាច​ដកដង្ហើម​បាន​ទេ​ដរាបណា​គេ​មិន​ទាន់​ចេញពី​ក្នុង​ពោះ​ម្តាយ​។ ប៉ុន្តែ​ការ​ដកដង្ហើម​របស់​គេ​កំពុង​តែ​រៀន​ធ្វើ​ខណៈ​ពេល​កំពុង​តែ​នៅ​ក្នុង​ពោះ​។ ទារក​នឹង​ចេះ​ដកដង្ហើម​ដំបូង​គេ​បំផុត​នៅ​ពេល​គេ​កើត​ចេញពី​ពោះ​ម្តាយ​បាន​ភ្លាម​។ ខណៈ​ពេល​ដែល​ទារក​ភាគច្រើន​យំ​ដោយ​ខ្លួនឯង និង​ខ្លះ​ទៀត​ត្រូវការ​គ្រូពេទ្យ​ជួយ​ឲ្យ​គេ​យំ​។ នៅ​ពេល​ដែល​ទងសុក​ត្រូវ​បាន​កាត់ ពេល​នោះ​ហើយ​ដែល​ទារក​ចាប់ផ្តើម​ប្រើ​សួត​របស់​គេ​ដើម្បី​ដកដង្ហើម​ដោយ​ខ្លួនឯង​។ នៅ​ពេល​ទារក​រៀន​ដកដង្ហើម ចេញ​ឬ​ចូល នឹង​ជួយ​បញ្ចេញ​ជាតិ​ទឹក​ពី​ក្នុង​សួត​របស់​គេ​ផង​។ ករណី​បែប​នេះ​ក៏​អនុញ្ញាតិ​ឲ្យ​មាន​លំហូរ​ឈាម​ទៅ​កាន់​សួត និង​សរសៃឈាម​ដឹក​អុក​ស៊ី​សែន​ចិញ្ចឹម​រាង​កាយ​បាន​ទាំងមូល​ផង​ដែរ​៕