ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់វីតាមីន C ប៉ុន្តែប្រហែលជាមិនធ្លាប់ដឹងទេថាវីតាមីននេះអាចផ្ដល់អត្ថប្រយោជន៍យ៉ាងណាខ្លះចំពោះសុខភាព។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីផលល្អៗនៃវីតាមីន C ៖

១. ទប់ស្កាត់ជំងឺមហារីក

នេះក៏ព្រោះតែលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មនៃវីតាមីននេះជួយការពារកោសិកានិង DNA ពីការបំផ្លាញ ក៏ដូចជាប្រែប្រួល។ វាជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយជម្រុញសមត្ថភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក ព្រមទាំងទប់ស្កាត់សមាសធាតុដែលបង្កជំងឺមហារីកផងដែរ។ វីតាមីននេះមិនធ្វើការវាយប្រហារលើកោសិកាមហារីកផ្ទាល់តែម្ដងនោះទេ ប៉ុន្តែវាជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងនឹងជំងឺមហារីក។

២. ពង្រឹងសុខភាពឆ្អឹង

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាវិធីដ៏ប្រសើរបំផុតដើម្បីទប់ស្កាត់ជំងឺពុកឆ្អឹង គឺផ្ដល់ឱ្យរាងកាយនូវជាតិកាល់ស្យូមគ្រប់គ្រាន់។ ទោះជាយ៉ាងណាអ្នកប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថាវីតាមីន C ក៏ចាំបាច់ដើម្បីសុខភាពឆ្អឹងផងដែរ។ ស្ត្រីក្រោយអស់រដូវដែលប្រើថ្នាំគ្រាប់វីតាមីន C នឹងមានដង់ស៊ីតេឆ្អឹងខ្ពស់ជាងបើប្រៀបធៀបជាមួយអ្នកដែលខ្វះវីតាមីននេះ។

៣. បង្កើនសុខភាពភ្នែក

ការរក្សាបាននូវវីតាមីន C គ្រប់គ្រាន់ក្នុងរាងកាយនឹងជួយការពារសុខភាពភ្នែក ព្រមទាំងបង្កើនចរន្តឈាមរត់ទៅកាន់ភ្នែកផងដែរ។ នេះក៏ព្រោះវីតាមីន C មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម។ ភ្នែកត្រូវការវីតាមីន C ដើម្បីកម្ចាត់រាល់រ៉ាឌីកាល់សេរីដែលកកើតឡើងពីផលប៉ះពាល់នៃពន្លឺព្រះអាទិត្យលើភ្នែក។ អ្នកអាចប្រើប្រាស់វីតាមីន C ១០០០ មីលីក្រាមក្នុងមួយថ្ងៃដើម្បីទប់ស្កាត់ជំងឺឡើងបាយភ្នែកនៅពេលចាស់ទៅ។

៤. បង្កើនការដុតបំផ្លាញជាតិខ្លាញ់

វីតាមីន C ជួយសំយោគអាស៊ីតអាមីណូ L-Carnitin ដុតរំលាយជាតិខ្លាញទៅជាថាមពល ហើយរាងកាយនឹងប្រើប្រាស់ថាមពលនេះសម្រាប់ការធ្វើលំហាត់ប្រាណ។

៥. ទប់ស្កាត់ហានិភ័យនៃជំងឺដាច់សសៃឈាមក្នុងខួរក្បាលនិងជំងឺសសៃឈាមបេះដូង

ក្រៅពីលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្ម វីតាមីន C ក៏ជួយទប់ស្កាត់ជំងឺបេះដូងដោយកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបង្កការបំផ្លាញនិងទប់ស្កាត់ការកកស្ទះក្នុងសសៃឈាម។ វីតាមីន C ទប់ស្កាត់កូឡេស្តេរ៉ូលក្នុងឈាមមិនឱ្យឡើងខ្ពស់កាត់បន្ថយហានិភ័យនៃជំងឺបេះដូងនិងជំងឺដាច់សសៃឈាមខួរក្បាល៕