មួយក្នុងចំណោមវិធីដ៏ងាយបំផុតដើម្បីស្រកទម្ងន់ដែលលើសនោះ គឺការចាប់ផ្ដើមកាត់បន្ថយបរិមាណកាឡូរីប្រចាំថ្ងៃ។ ការកាត់បន្ថយបរិមាណកាឡូរីក្នុងកម្រិតត្រឹមត្រូវអាចផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពថែមទៀតផង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) វាអាចកាត់បន្ថយហានិភ័យនៃជំងឺធាត់ជ្រុល កូឡេស្តេរ៉ូលឡើងខ្ពស់ និងជំងឺទឹកនោមផ្អែមប្រភេទទី ២។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីកាត់បន្ថយបរិមាណកាឡូរី ៖
១. បង្កើនការទទួលទានបន្លែ
ការទទួលទានបន្លែ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីកាត់បន្ថយបរិមាណកាឡូរីប្រចាំថ្ងៃ។ ចូរព្យាយាមទទួលទានបន្លែឱ្យបានច្រើនជំនួសអាហារដែលសម្បូរទៅដោយកាបូអ៊ីដ្រាតនិងប្រភេទអាហារសម្រន់ដែលមានផ្ទុកកាឡូរីខ្ពស់។
២. ទទួលទានទឹកឱ្យបានច្រើន
ទឹកមិនត្រឹមតែសំខាន់សម្រាប់រក្សាជាតិទឹកក្នុងរាងកាយនិងបង្កើនការដុតរំលាយអាហារក្នុងរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យអ្នកមានអារម្មណ៍ថាឆ្អែតមិនទទួលទានអាហារសម្រន់ផ្សេងៗដែលមានផ្ទុកកាឡូរីខ្ពស់ផងដែរ។ អ្នកក៏គួរទទួលទានទឹកឱ្យបានច្រើនជំនួសភេសជ្ជៈដែលមានផ្ទុកជាតិស្ករខ្ពស់ផងដែរដើម្បីកាត់បន្ថយកាឡូរី។
៣. កុំរំលងម៉ោងអាហារ
ពិសេស គឺអាហារពេលព្រឹក! នោះក៏ព្រោះតែអ្នកអាចនឹងទទួលទានអាហារពេលថ្ងៃ ឬល្ងាចច្រើនជាងធម្មតា ប្រសិនបើមិនបានទទួលទានអ្វីសោះតាំងពីព្រឹក។ លើសពីនេះទៅទៀតទៀតប្រសិនបើអ្នកមិនទទួលទានអាហារពេលព្រឹកទេនោះអ្នកប្រហែលជានឹងមិនរក្សាបាននូវជាតិប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងរាងកាយឡើយ។ ហើយប្រូតេអ៊ីន គឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទទួលនិងរក្សាបាននូវទម្ងន់ដ៏ល្អឥតខ្ចោះ។ ប្រូតេអ៊ីនជួយបង្កើនលឿននៃការដុតរំលាយអាហារនិងថែមទាំងធ្វើឲ្យមានអារម្មណ៍ថាឆ្អែតបានយូរទៀតផង
៤. ទទួលទានតិច ប៉ុន្តែច្រើនដង
ជំនួសឱ្យការទទួលទានអាហារច្រើនពេញលេញ ៣ដងក្នុងមួយថ្ងៃ អ្នកអាចសាកល្បងទទួលទានតិចៗ ប៉ុន្តែ ៥ ដង។ វិធីនេះនឹងជួយឱ្យអ្នកចៀសផុតពីអារម្មណ៍ឃ្លានដោយកាត់បន្ថយបរិមាណកាឡូរីក្នុងពេលតែមួយទៀតផង។
៥. ទទួលទានប្រូតេអ៊ីនគ្មានខ្លាញ់
ប្រូតេអ៊ីនគ្មានខ្លាញ់ដែលមានប្រភពចេញពីសាច់ទ្រូងមាន់និងត្រី គឺជាជម្រើសដ៏ប្រសើរនៃអាហារដែលជួយកាត់បន្ថយកាឡូរី។ ប្រូតេអ៊ីនគ្មានខ្លាញ់ គឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងការរក្សាបាននូវទម្ងន់ដ៏ល្អឥតខ្ចោះ។ ប្រូតេអ៊ីនជួយបង្កើនលឿននៃការដុតរំលាយអាហារ ហើយថែមទាំងធ្វើឱ្យមានអារម្មណ៍ថាឆ្អែតបានយូរទៀតផង។
សម្គាល់! ប្រសិនបើអ្នកកាត់បន្ថយកាឡូរីច្រើនពេក រាងកាយនឹងធ្លាក់ចូលក្នុងស្ថានភាពឃ្លានខ្លាំង ហើយពន្យឺតល្បឿននៃការរំលាយអាហារ។ ការតាមដានការទទួលកាឡួរីរបស់អ្នក គឺចាំបាច់ណាស់ ប្រសិនបើអ្នកចង់ស្រកទម្ងន់ ប៉ុន្តែកុំធ្វើជ្រុលពេក។ ការកាត់បន្ថយកាឡូរីត្រឹមតែ ២០០ គីឡូកាឡូរី គឺប្រសើរបំផុតចំពោះការស្រកទម្ងន់បានត្រឹមត្រូវ ហើយរក្សាបាននូវសុខភាពល្អ៕